ឃុំខ្លួន ​ឃាតក​ដែល​សម្លាប់​មិត្តភ័ក្ដិ ​ប្លន់​យក​ម៉ូតូ​

ឃុំខ្លួន ​ឃាតក​ដែល​សម្លាប់​មិត្តភ័ក្ដិ ​ប្លន់​យក​ម៉ូតូ​



ភ្នំពេញ ៖ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ ឃាតក​ដែល​សម្លាប់​មិត្តភ័ក្ដិ​ប្លន់​ម៉ូតូ​លក់​យក​លុយ​ជក់​គ្រឿងញៀន។​

ជន​ដៃ​ដល់​ ឈ្មោះ យឺន មាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​បាន​នគរបាល​ខណ្ឌ​មានជ័យ​នាំ​ខ្លួន​មក​ប្រ​គល់​ឲ្យ​ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ ​ធ្វើការ​សាកសួរ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ ២​០​១៦។ ​ក្រោយពី​បាន​សាកសួរ​រួច លោក​ស្រី ស៊ឺ វណ្ណ​នី ព្រះ​រាជអាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំពេញ​បា​ន​សម្រេច​ចោទប្រកាន់ ឈ្មោះ យឺន មាន ពី​បទ​ឃាតកម្ម​តាម​មាត្រា ១៩៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​សំណុំ​រឿង​នេះ​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ចៅក្រម​ចាត់ការ​បន្ត​តាម​នីតិវិធី។​

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៤០​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរ​បាល​ខណ្ឌមានជ័យ បាន​នាំ​ឃាតក ដែល​សម្លាប់​មិត្តភ័ក្ដិ​ខ្លួនឯង យក​ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ​នៅ​កន្លែង​កើត​ហេតុ​ស្ថិត​ក្នុង​បឹង​ចា​រ៉ា​យ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​សម្លាប់​មិត្តភ័ក្ដិ​ខ្លួនឯង​នោះ ឈ្មោះ យឺន មាន អាយុ​២៧​ឆ្នាំ មុខ​របរ​ជាង​ពិតាន​ផ្ទះ មាន​ទីលំនៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។ ក្រោយពី​បើក​ការ​ស្រាវជ្រាវ ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២០​និង​២៥​នាទី​យប់​ថ្ងៃទី​១​១ ខែឧសភា ខណៈ​កំពុង​លាក់ខ្លួន​នៅផ្ទះ ស្ថិត​ក្នុង​ភូមិ​ខ្យា​បឹង​វែង ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។​

នគរបាល​បាន​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ជនរងគ្រោះ​ ឈ្មោះ ជឿន សា​រុំ បាន​បាត់​ខ្លួន​ពី​ផ្ទះ ក្រោយពី​យក​ម៉ូតូ​១​គ្រឿង ម៉ាក ​Zoomer-X ទៅ​ឌុប​ ឈ្មោះ ​យឺន មាន (​ជា​អ្នក​នៅ​ស្រុក​ជាមួយគ្នា​)​។ ក្រោយមក​ក៏​ប្រទះឃើញ​សព​ជនរងគ្រោះ​សល់​តែ​ឆ្អឹង និង​ក្បាល ហើយ​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ព្រឹក ឈ្មោះ ពេជ្រ រដ្ឋា ភេទ​ស្រី អាយុ​២០​ឆ្នាំ បាន​មក​ពិនិត្យ​លើ​វត្ថុ​តាង ដែល​បន្សល់ទុក​នៅ​លើ​សាកសព​ (​ត្រូវជា​ប្អូន​ជីដូន​១) រួច​ក៏​អះ​អាង​ថា វត្ថុ​តាង​ដែល​រក​ឃើញ​នេះ គឺ​ពិតជា​របស់​ជនរងគ្រោះ​មែន​។​

នគរបាល​បញ្ជាក់​ទៀត​ថា ករណី​ខាង​លើ​នេះ ជា​ការ​សម្លាប់​ប្លន់​ ដើម្បី​យក​ទ្រព្យសម្បត្តិ ចំណែក​ទ្រ​ព្យ​ដែល​បាត់បង់​ រួមមាន ម៉ូតូ​១​គ្រឿង ម៉ាក​Zoomer-X ពណ៌​ទឹកប្រាក់ ស៊េរី​២០១៦ គ្មាន​ស្លាក​លេខ ទូរស័ព្ទ​១​គ្រឿង ម៉ាក​iPhone»​។ លុះ​ក្រោយមក​នៅ​វេលា​ម៉ោង​២០​និង​២៥​នាទី​យប់​ថ្ងៃទី​១១ ខែឧសភា កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បារាយណ៍ និង​កម្លាំង​អធិការដ្ឋាន​នគរបា​ល​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ចុះ​ឃាត់​ជនសង្ស័យ​ ឈ្មោះ យឺន មាន ហើយ​គេ​បាន​ឆ្លើយ​សា​រភាព​ថា ពិតជា​បាន​ធ្វើ​ការ​សម្លាប់​ជនរងគ្រោះ ដោយ​ប្រើ​ខ្សែលួស​រឹត​ក​ពិត​ប្រាកដ​មែន​៕

ឃុំខ្លួន ​ឃាតក​ដែល​សម្លាប់​មិត្តភ័ក្ដិ ​ប្លន់​យក​ម៉ូតូ​