ប្រដាល់​អន្តរជាតិ​នៅ​លើ​រេញ​SEA-TV 4​នាក់​ប្រកួត​ឈ្នះ​ចាញ់ 4​នាក់​ទៀត​ដណ្ដើម​ពិន្ទុ​ឆ្ពោះទៅ​ជើងឯក

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEA-TV) ក៏​មានការ​ប្រកួត​ចំនួន​៤​គូរ​វាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ផង​ដែរ នៅ​ថ្ងៃអាទិត្យ​ទី​១៥ ឧសភា ខាន​ស្អែក ។ កីឡាករ​ទាំង​៨​រូប​នឹង​បង្ហាញខ្លួន​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​ព្រឹក និង​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​រសៀល​ដោយ​ក្នុង​មួយ​ព្រឹត្តិការណ៍​ៗ គឺ​មាន​កីឡាករ​ខ្មែរ​២​រូប និង​បរទេស​២​រូប ។

សម្រាប់​ព្រឹត្តិការណ៍​«Ganzburg Top Fighter» ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភេ​ច ណាំ​អេក  និង​កីឡាករ​សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ណុំ សា​តឹក ។  សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​៨០​លើក ឈ្នះ​៥៩​លើក ចាញ់​១៨​លើក និង​ស្មើ​៣​លើក កីឡាក​រហ៊ឹម សា​រ៉ា​ន់់ ហាក់​មាន​ទុន​ច្រើន​គួរសម​ក្នុង​ការ​យកជ័យ​ជម្នះ​លើ​គូប្រកួត​ជា​កីឡាករ​ថៃ បើ​ទោះជា​គេ​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៣​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក​។

យ៉ាងណាមិញ មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត ក៏​មាន​ជំនឿ​ចិត្ត​ទៅ​លើ​កីឡាករ ភេ​ច ណាំ​អេក ដូច​គ្នា​ផង​ដែរ ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង ហើយ​មាន​កម្រិត​វាយលុក​បាន​ល្អ ។ មិន​ខុស​គ្នា​ដែរ​កីឡាករ​សូត្រ ប៊ុ​ន​ធី ដែល​ធ្លាប់​ប្រកួត​៧៣​លើក ឈ្នះ​៦៣​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា នឹង​ទទួល​ជ័យជម្នះ​ផង​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​របស់​ខ្លួន ធ្លាប់​ប្រកួត​បាន​ដល់​៨០​លើក ឈ្នះ​៦៣​លើក ចាញ់​១៦​លើក និង​ស្មើ​១​លើក ដែល​មាន​ន័យ​ថា កីឡាករ​ថៃ​មានបទពិសោធន៍​ឡើង​រេញ​បាន​ច្រើន​ដាច់​ឆ្ងាយ ។ គូ​នេះ​អ្នក​ឃ្លាំមើល​ទុកចិត្ត​កីឡាករ​ថៃ ប៉ុន្តែ​លោក​ស៊ុន ប៊ុ​ន​សូត្រ ជា​គ្រូបង្វឹក​បាន​យល់​ឃើញ​ថា កីឡាករ​សូត្រ ប៊ុ​ន​ធី ជា​កូនសិស្ស​របស់​លោក​នឹង​អាច​ទៅ​រួច​សម្រាប់​ការ​ប្រកួត​ព្រឹកស្អែក ។ យ៉ាងណាមិញ​ចំពោះ​លទ្ធផល​ជាក់ស្ដែង​គឺ​មាន​តែ​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ប៉ុណ្ណោះ ទើប​អាច​កាត់ក្ដី​បាន ។

សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នោះ​ដែរ គឺ​កីឡាករ មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា យ៉ាក់​ណ​យ និង​កីឡាករ​កម្ពុជា​ឈ្មោះ ផង់ សុភាព មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនៈគីរី ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អង់គ្លេស​ឈ្មោះ គី​រ៉​ន ចេស​សូប​។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ផង​ដែរ ។

អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា​លើក​ទី​២ ចាប់ពី​ម៉ោង​២​រសៀល​តទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ក៏​ដំណើរការ​បាន​មួយ
ស​ប្ដា​ហ៍​​រួច​ហើយ ។ កីឡាករ​មាស ច័ន្ទ​មាន គឺជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​មួយ​រួច​ហើយ របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា នឹង​ដណ្ដើម​បាន​លទ្ធផល​ដូច​មុន​ទៀត​ទេ ដោយសារ​តែ​ការ​ប្រកួត​លើក​នេះ​គឺ​មាន​កីឡាករ​ថៃ និង​អង់គ្លេស​ចូលរួម ។ យ៉ាងណាមិញ ឆ្លងកាត់​ការ​ប្រកួត​បាន​១០៨​លើក ឈ្នះ​៨៥​លើក និង​ចាញ់​២៣​លើក មាស ច័ន្ទ​មាន នៅ​តែ​មាន​សង្ឃឹម​ខ្ពស់ ខណៈ​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​តែ​៧៩​លើក ឈ្នះ​៦៧​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​មួយគូ​ទៀត ផង់ សុភាព ធ្លាប់​ប្រកួត​បាន​៦៩​លើក ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​អង់គ្លេស ប្រកួត​បាន​តែ​៣៥​លើក ឈ្នះ​៣០​លើក ចាញ់​៥​លើក និង​ស្មើ​២​លើក ទើប​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ភាគច្រើន​ហាក់​មាន​ទំនុកចិត្ត​លើ​កីឡាករ​ផង់ សុភាព ៕