ការ​ប្រកួត​បាល់បោះ​លី​ក​ថ្នាក់​ជាតិ​ឆ្នាំ​2016​លើក​ទី​4​ចាប់ផ្ដើម​នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ​លី​ក​ថ្នាក់​ជាតិ​លើក​ទី​៤​ប្រចាំឆ្នាំ​២០១៦ ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ គ្រោង​រៀបចំ​ធ្វើ​នៅ​ក្នុង​ខែមិថុនា ខាង​មុខ​នេះ​ហើយ ។

នៅ​ក្នុង​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១២ ឧសភា កន្លង​មកនេះ លោក​កៅ កាន់​ណា​លី អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ បោះ​កម្ពុជា បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ​លី​ក​ថ្នាក់​ជាតិ​នេះ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ​។ សម្រាប់​ការ​ប្រកួត​លើក​ទី​៤​នេះ តម្រូវ​ឱ្យ​មាន​ក្រុម​ចំនួន​១០​ចូលរួម ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ ទើបតែ​មាន​មួយ​ក្រុម​ប៉ុណ្ណោះ​ដែល​បាន​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ។ ការ​ចុះ​ឈ្មោះ​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ឧសភា ហើយ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​២៥ មិថុនា តទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ ។ ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ​ដើម្បី​ចម្រាញ់​យក​តែ​៤​ក្រុម​ប៉ុណ្ណោះ សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ។ ចំពោះ​ប្រាក់​រង្វាន់​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​៣.០០០​ដុល្លារ លេខ​២​ទទួល​បាន​២.០០០​ដុល្លារ និង​លេខ​៣​ទទួល​បាន​១.០០០​ដុល្លារ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ពី​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​បាល់បោះ NBA សហ​រដ្ឋ​អាមេរិក មក​កាន់​កម្ពុជា នៅ​ខែកក្កដា​ខាង​មុខ​នេះ គឺ​ពួក​គេ​មក​ដល់​នៅ​ថ្ងៃ​ទី​១១ កក្កដា និង​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៨ កក្កដា ។ ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​បាល់បោះ​សហ​រដ្ឋអាមេរិក​លើក​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ទី​១​ដើម្បី​ចែករំលែក​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ដល់​ក្រុម​បាល់បោះ​កម្ពុជា តាម​រយៈ​ការ​ប្រកួត​គ្នា​រវាង​ក្រុម​បាល់បោះ​កម្ពុជា និង​ក្រុម​បាល់បោះ​NBA ហើយ​ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​ចម្រុះ​គ្នា​ផង​ដែរ ។ ទី​២​ក្រុម​បាល់បោះ​NBA​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​សាលារៀន​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​លេង​របស់​ខ្លួន​ដល់​សិស្សានុសិស្ស ព្រមទាំង​ផ្ដល់​សម្ភារ​ខ្លះ​ៗ​ដល់​សាលា​ទាំងនោះ​ផង​ដែរ ។ មិនតែប៉ុណ្ណោះ គោលដៅ​សំខាន់​មួយទៀត​គឺ​ក្រុម​បាល់បោះ​មក​ពី​សហរដ្ឋអាមេរិក​មួយ​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ជា​បន្ត​ទៀត​។ លោក​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​បាល់បោះ​សហរដ្ឋអាមេរិក​នា​ពេល​នោះ ពិតជា​មាន​ផលប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ព្រោះ​យើង​នឹង​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕