ពូទីន ជឿលើ​កិច្ច​សហ​ប្រតិ​បត្តិការ​ រុស្ស៊ី-US

ក្រុងសូជីៈ ប្រធានាធិបតី រុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយនឹងអាមេរិក និងដៃគូអន្តរជាតិលើបញ្ហាស៊ីរី នឹងនាំទៅដល់ការផ្លាស់ប្តូរសំខាន់ៗជាច្រើន។

ក្នុងអំឡុងពេលជំនួបមួយជា មួយក្រុមមន្ត្រី យោធាកំពូល និងក្រុមហ៊ុនផលិតអាវុធ នៅឯក្រុងរមណីយដ្ឋានសមុទ្រខ្មៅសូជី លោកពូទីនបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា យន្តការដែលយើង បានសម្រេចរួមគ្នាជាមួយក្រុមដៃគូរបស់យើង ក្នុងនោះមានទាំង អាមេរិកផង ដែលកម្លាំងប្រដាប់អាវុធ ក្រុមអ្នកតំណាងរបស់យើង និងក្រុមអ្នកជំនាញ កំពុងចូលរួមយ៉ាងសកម្ម និងនាំទៅដល់ការផ្លាស់ប្តូរជាវិជ្ជមាន និងបញ្ហា សំខាន់ៗជាច្រើន»។

យោងតាមប្រធានាធិបតី រូប នោះ ឲ្យដឹងថា ស្ថានការណ៍នៅ ស៊ីរី «នៅតែស្មុគស្មាញ» ខណៈ បទឈប់បាញ់គាំទ្រដោយរុស្ស៊ី-អាមេរិក នៅតែមិនត្រូវបានអនុវត្តពេញលេញ។

លោកបានសង្កត់ធ្ងន់ថា៖ «នៅមានបញ្ហាច្រើនបំផុតដែលគេត្រូវធ្វើសម្រាប់កងទ័ពស៊ីរី ប៉ុន្តែរឿងសំខាន់បំផុតគឺ សំដៅបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយនយោបាយនៅ ក្នុងប្រទេសនោះ»។

លោកពូទីន បានសរសើរយោធា រុស្ស៊ីសម្រាប់ប្រតិបត្តិការទម្លាក់គ្រាប់បែក ដែលខ្លួនបាននិងកំពុងធ្វើប្រឆាំងនឹងក្រុមភេរវករនៅស៊ីរី ចាប់តាំពីថ្ងៃ ៣០ កញ្ញា ២០១៥។

លោកបានថ្លែងថា៖ «ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការប្រឆាំងគោលដៅភេរវករអន្តរជាតិទាំងនោះនៅស៊ីរី យន្តហោះរុស្ស៊ី បានហោះហើរជាង ១ ម៉ឺនលើក និងបានវាយប្រហារជាង ៣ ម៉ឺនគោលដៅ ក្នុងនោះលើគោលដៅផលិតប្រេង និងរោងចក្រចម្រាញ់ប្រមាណ ២០០០»។

លោកបានថ្លែងថា យន្តហោះ ទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានធ្វើការហោះហើរប្រយុទ្ធ ១៧៨ លើក ខណៈកងទ័ពជើងទឹក ក៏ចូលរួមចំណែកដ៏ច្រើនចំពោះការប្រយុទ្ធប្រឆាំងក្រុម IS រណសិរ្ស Al-Nusra និង ក្រុមភេរវកម្មជា ច្រើនទៀត៕

ពូទីន ជឿលើ​កិច្ច​សហ​ប្រតិ​បត្តិការ​ រុស្ស៊ី-USលោក ពូទីន ធ្វើជាអធិបតីក្នុងជំនួបមន្ត្រីសន្តិសុខ នៅក្រុងសូជី។ Afp

ប្រភពៈ ភ្នំពេញប៉ុស្តិ៍