រដ្ឋមន្ត្រីប្រាប់យុវជនជាង៦០០នាក់ លើកកម្ពស់ការយល់ដឹងអំពី គោលនយោបាយ ការពារធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល 

ភ្នំពេញ:

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានធ្វើបាឋកថា ជាលក្ខណៈវេទិកាសាធារណៈ នៅទីស្ដីការក្រសួងបរិស្ថាន ដើម្បីជម្រាបជូនតំណាងយុវជន មកពីគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ សរុបចំនួន ៦១៨នាក់ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពី គោលនយោបាយការពារធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល សំដៅធានាឲ្យបាននូវតុល្យភាព រវាងការអភិរក្សនិងការអភិវឌ្ឍលើគ្រប់វិស័យ។ 
លោករដ្ឋមន្ត្រី បានរំលេចឲ្យឃើញនូវភាពចាំបាច់នៃ អន្តរទំនាក់ទំនងរវាងការងារបច្ចេកទេស និងកិច្ចការនយោបាយ ដែលជាមូលដ្ឋានដ៏សំខាន់នៃវឌ្ឍនភាពសង្គម និងស្ថិរភាពនយោបាយ។ 
លោករដ្ឋមន្ត្រីបានចែករំលែក នូវបទពិសោធការងារកំណែទម្រង់ ការគ្រប់គ្រងដីធ្លី និងព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ដែលជាស្ថាប័នទទួលបន្ទុកការងារគាំពារបរិស្ថាន ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ វេទិកានេះក៏បានផ្ដល់ឱកាស ឲ្យយុវជនបានបញ្ចេញទស្សនៈ និងសំណូមពរជាច្រើន ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងតម្រូវការ ចំពោះមុខរបស់សង្គមជាតិ។