លោក​បាន គី​មូ​ន អាច​ជា​បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ឆ្នាំ 2017

យោង​តាម YONHAP ថា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក STEPHANE DUJARRIC អ្នកនាំពាក្យ​អគ្គលេខាធិការ អ​.​ស​.​ប អះអាង​កាលពី​ថ្ងៃ​ទី​១២ ឧសភា ថា ប្រមុខ អ.​ស​.​ប លោក​បាន គី​មូ​ន ដែល​មនុស្ស​មួយ​ចំនួន​គិត​ថា លោក​អាច​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង នា​ពេល​ខាង​មុខ​នេះ នឹង​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​កោះ JEJU របស់​កូរ៉េ​ខាងត្បូង ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នា​ថ្ងៃ​ទី​២៥ ឧសភា ស្តី​ពី​សន្តិភាព និង​ភាព​រុងរឿង​នៅ​អាស៊ី​ខាងកើត ។

លោក DUJARRIC បន្ត​ថា បន្ទាប់​ពី​នេះ លោក​បាន គី​មូ​ន នឹង​ទៅ​កាន់ ISE SHIMA តំបន់ MIE របស់​ជប៉ុន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់ G7 នា​ថ្ងៃ​ទី​២៧ ឧសភា មុន​ពេល​លោក​វិល​ត្រឡប់​មក​កាន់​កូរ៉េ​ខាងត្បូង​វិញ​នា​ថ្ងៃ​ទី​៣០ ឧសភា ចូលរួម​ក្នុង​សន្និសីទ​មួយ​របស់​បណ្តា​អង្គការក្រៅរដ្ឋាភិបាល ONG នៅ GYEONGJU ភាគ​ខាងត្បូង​ប្រទេស ។ តំណាង​អង្គការក្រៅរដ្ឋាភិបាល​ជាង​២.០០០​រូប​នៃ​ពិភពលោក​ទាំងមូល​នឹង​មាន​វត្តមាន​ក្នុង​សន្និសីទ​នេះ ។

ទស្សនកិច្ច​នេះ​របស់​លោក​បាន គី​មូ​ន នៅ​កូរ៉េ​ខាងត្បូង​ត្រូវធ្វើ​បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក​កាលពី​ប្រមាណ​ជា​១​ឆ្នាំ​មុន និង​បន្ទាប់​ពី​បរាជ័យ​ធ្ងន់ធ្ងរ​របស់​គណបក្ស SAENURI កំពុង​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែ​មុន ។ ប្រមុខ អ​.​ស​.​ប ដែល​អាណត្តិ​ទី​២ រយៈពេល​៥​ឆ្នាំ​របស់​លោក​នឹង​បញ្ចប់​នា​ចុងឆ្នាំ​នេះ​ត្រូវ​បាន​គេ​លើក​ឡើងជា​រឿយ​ៗ​ថា​ជា​បេក្ខជន​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ ទោះបី​លោក​បាន គី​មូ​ន ខ្លួនឯង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​រឿង​នេះ​ក្តី ។

ទោះបី​យ៉ាងណា ការ​ស្ទាបស្ទង់​មតិ​នានា​ផ្តល់​ឱ្យ​លោក​បាន គី​មូ​ន ថា​ជា​អ្នក​អាច​ឈ្នះ​ឆ្នោត​។ ពួក​អ្នក​សង្កេតការណ៍​នយោបាយ​នៅ​កូរ៉េ​ខាងត្បូង​ព្យាករណ៍​ថា គណបក្ស SAENURI ដែល​កាន់​អំណាច​អាច​អំពាវនាវ​ឱ្យ​លោក​ធ្វើ​ប្រមុខ​គណបក្ស​នេះ​ក្រោយ​ពី​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែមេសា ៕