ក្រុមហ៊ុន ខ្មែរ​ប្រ៊ូ​វើ​រី ផ្ដល់​ទឹក​ពិសា​៨០០០​ធុង ​ដល់​រដ្ឋបាល​ខេត្តកំពត សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះ​ខាត​ទឹក​

ក្រុមហ៊ុន ខ្មែរ​ប្រ៊ូ​វើ​រី ផ្ដល់​ទឹក​ពិសា​៨០០០​ធុង ​ដល់​រដ្ឋបាល​ខេត្តកំពត សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះ​ខាត​ទឹក​



កំពត​ ៖ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត តាមរយៈ​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧ​ស្សា​ហកម្ម និង​សិប្បកម្ម បាន​ជូន​ទឹក​ពិសា​ចំនួន ៨០០០ ធុង ស្មើនឹង ១៦០ ០០០ លីត្រ ដល់​រដ្ឋបា​ល​ខេត្តកំពត សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។ ពិធី​ប្រគល់ និង​ទទួល​ទឹក​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទី​រួម​ខេត្តកំពត កាលពី​ថ្ងៃទី​១២ ​ខែឧសភា ​ឆ្នាំ​២០១៦​។​

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ថ្លែង​ថា​ «​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ​តែងតែ​ធ្វើ​សកម្មភាព​សប្បុរសធម៌​នានា ជាពិសេស​ក្នុង​គ្រា​ដែល​ជួប​គ្រោះអាសន្ន​ខ្វះខាត​ទឹក​ប្រើប្រាស់​បែបនេះ​។ ពេញ​មួយ​សប្ដាហ៍​កន្លងទៅ រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​តាម​ជនបទ​នានា​។ នៅ​ថ្ងៃ​ម្សិលមិញ​នេះ យើង​បាន​ទិញ​ទឹក​ស្អាត​ច្រក​ធុង​ហើយ​ស្រេច ចំនួន​៨០០០ ធុង មក​ប្រគល់​ជូន​រដ្ឋបាល​ខេត្តកំពត ដើម្បី​យក​ទៅ​ចែកចាយ​ជូន​ប្រ​ជា​ពលរដ្ឋ​ ដែល​កំពុង​ខ្វះខាត​ទឹក​បរិភោគ​»​។

សូម​ជម្រាប​ជូន​ថា រយៈពេល​មួយ​សប្ដាហ៍​កន្លងទៅ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​ បាន​បញ្ជូន​រថយន្ត​ពន្លត់អគ្គិភ័​យ​របស់​ខ្លួន ដឹក​ទឹក​ស្អាត​ជា​រៀងរាល់ថ្ងៃ​ពេញ​មួយ​សប្ដាហ៍ ចំនួន​១៥​រថយន្ត ស្មើនឹង ៩០០០០ លីត្រ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ បាន​ចំនួន​១០​ភូមិ គឺ​៩​ភូមិ​ ស្ថិត​ក្នុង​ឃុំ​ទាំង​៦ ក្នុងស្រុក​គង​ពិ​សី ខេត្តកំពង់ស្ពឺ និង​១​ភូមិ​ទៀត ស្ថិត​ក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ក​ន្ល​ងមក ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ដែល​ផលិត​ស្រា​បៀរ​កម្ពុជា តែងតែ​ជួយ​សង់​សាលារៀន វត្ត​អារាម ផ្លូវថ្នល់​ឧបត្ថម្ភ​មន្ទីរពេទ្យ ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ និង​ជួយ​ផ្នែក​មនុស្សធម៌​ផ្សេងៗ​ទៀត​៕

ក្រុមហ៊ុន ខ្មែរ​ប្រ៊ូ​វើ​រី ផ្ដល់​ទឹក​ពិសា​៨០០០​ធុង ​ដល់​រដ្ឋបាល​ខេត្តកំពត សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះ​ខាត​ទឹក​