មក​ឃាត់​ប្អូនថ្លៃ​មិន​ឲ្យ​ឈ្លោះ​គ្នា​ ត្រូវ​ប្អូនថ្លៃ​វាយ​បែក​ភ្នែក​ម្ខាង

មក​ឃាត់​ប្អូនថ្លៃ​មិន​ឲ្យ​ឈ្លោះ​គ្នា​ ត្រូវ​ប្អូនថ្លៃ​វាយ​បែក​ភ្នែក​ម្ខាង



ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​ សុំ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ បន្ទាប់ពី​ត្រូវ​បាន​ប្អូនថ្លៃ​ប្រុស​វាយ​ឲ្យ​របួស​បែក​ភ្នែក​ម្ខាង ​ខណៈ​ចូល​​​ទៅ​ឃាត់​ និង​ធ្វើ​ការ​សម្របសម្រួល​ផ្សះផ្សា​ប្អូនស្រី​បង្កើត ​និង​ប្អូនថ្លៃ​ប្រុស​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា​កាលពី​វេលា​ម៉ោង​៧ ​និង ១០ នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ។

ជនរងគ្រោះ​ជា​បងថ្លៃ​មានឈ្មោះ ឈុន ឈឿន ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ​មាន​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ទ្រព្យ ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​ បាន​រង​របួស​បែក​ភ្នែក​ខាង​ស្តាំ។ ចំណែក​ជន​បង្ក​មានឈ្មោះ ឈួន ប្រុស ភេទ​ប្រុស​ អាយុ ២៥​ឆ្នាំ មាន​មុខរបរ​ជាង​លាបថ្នាំ​ផ្ទះ​ ហើយ​ប្រពន្ធ​ឈ្មោះ​ឈុន សម្ផស់ អាយុ ៣០​ឆ្នាំ​ មាន​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​បន្ទប់​ផ្ទះ​ជួល​កើតហេតុ​ខាង​លើ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ទ្រព្យ ស្រុក​បាធាយ ​ខេត្តកំពង់ចាម។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្អូន​បង្កើតបាន​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១២​ប្តី​ របស់​គាត់​បាន​ទៅ​ហូប​ការ​មិត្តភ័ក្ដិ​តាំង​ពី​ល្ងាច​រហូតដល់​ជិត​ភ្លឺ​ទើប​ត្រឡប់មកវិញ។ ពេល​មកដល់​បន្ទប់​ផ្ទះ​ជួល​បាន​គោះទ្វារ​ឲ្យ​នាង​បើកទ្វារ ​តែ​នាង​មិន​បើក​ បុរស​ជា​ប្តី​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ដេក​ផ្ទះ​មិត្តភ័ក្ដិ​បាត់​ទៅ។

ប្រភព​បន្ត​ថា លុះ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​បន្ទប់​ផ្ទះ​ជួល​វិញ​ ហើយ​បាន​រករឿង​​ ​ជេរ​ប្រមាថ​ទៅ​លើ​រូប​នាង​ជា​ច្រើន​ ដោយសារ​ខឹង​នាង ​ថា​ឲ្យ និង​​ឃាត់​កុំ​ឲ្យ​ដើរលេង​ផឹកស៊ី​យប់​ជ្រៅ​ៗ​ពេក។ ពេល​នោះ​បុរស​ជា​ប្ដី​បាន​យក​ទូរស័ព្ទ​តេ​ទៅ​ម្ដាយ​ក្មេក​ឲ្យ​មក​យក​កូនស្រី​ម៉ែ​ឯង​ទៅវិញ​ទៅ ​ រួច​រូបគេ​ក៏ បិទ​ទូរស័ព្ទ ​​ហើយ​ម្តាយ​ក្មេក​បាន​តេ​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ដែល​ជា​បងថ្លៃ​ទៅ​ជួយ​មើល​ប្អូនស្រី ​និង​ប្អូនថ្លៃ​ឈ្លោះប្រកែក​គ្នា។ ខណៈ​ពេល​ទៅ​ដល់​ជនរងគ្រោះ​បាន​ហាម​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​បន្ត​ទៀត។ ប៉ុន្តែ​​​បុរស​ជា​ប្អូនថ្លៃ​បាន​ប្រាប់​ជនរងគ្រោះ​ថា ​យក​ប្អូនស្រី​បង​ឯង​ទៅផ្ទះ​វិញ​ទៅ​ខ្ញុំ​មិន​ចេះ​នៅ​ជាមួយ​នោះ​ទេ។ នៅ​ពេល​នោះ ​​ជនរងគ្រោះ​បាន​ឃាត់​កុំ​ឲ្យ​វាយ​ប្អូនស្រី​គាត់ ក៏​ស្រាប់​​តែ ​ជន​បង្ក​បាន​ឆ្លើយ​ថា​ខ្ញុំ​មិន​វាយ​ទេ ​តែ​បើ​បង​ឯង​នៅតែ​មក​ជួយ​ឈ្លោះ​ខ្ញុំ​នឹង​វាយ​បង​ឯង​ឥឡូវ​ហើយ។ នៅ​ពេល​នោះ​ដែរ ​ក៏​បាន​ទាក់​ពាក្យ​សម្ដី​គ្នា​​ រហូត​មានការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​ទីបំផុត​ក៏ត្រូវ​ប្អូនថ្លៃ​វាយ​ចំ​ភ្នែក​ខាង​ស្តាំ​ចំនួន​២​ទៅ​៣​ដៃ​បណ្ដាល​ឲ្យ​បែក​ជាំភ្នែក ចំណែក​ឯ​បុរស​ជា​ប្អូនថ្លៃ​រង​របួស​បន្តិចបន្តួច។
ក្រោយ​ពេល​កើតហេតុ​បុរស​ជា​ប្អូនថ្លៃ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​បាន​មុន។ ចំណែក​ឯ​ជនរងគ្រោះ​ជា​បងថ្លៃ​បាន​មក​ដាក់ពាក្យ​បណ្តឹង​តាម​ក្រោយ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍៕

មក​ឃាត់​ប្អូនថ្លៃ​មិន​ឲ្យ​ឈ្លោះ​គ្នា​ ត្រូវ​ប្អូនថ្លៃ​វាយ​បែក​ភ្នែក​ម្ខាង