កម្ពុជា​រៀបចំ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា​ក្នុង​បរិយាកាស​សាមញ្ញ

កម្ពុជាកំពុងរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា  ក្នុងព្រះជន្មគម្រប់ ៦៣ យាងចូល ៦៤ព្រះវស្សា។ ដូចរៀងរាល់ឆ្នាំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាប្រារព្ធឡើង ក្នុងបរិយាកាសសាមញ្ញតាមរយៈការផ្ញើព្រះរាជសារជូនពរ ព្រះអង្គពីសំណាក់ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ។

ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ដោយផ្ទាល់នៅព្រះបមររាជវាំងនៅថ្ងៃទី១៤ឧសភា ដែលជាថ្ងៃទី២នៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ក្នុងព្រះជន្មគម្រប់ ៦៣ យាងចូល ៦៤ព្រះវស្សា។ អមដំណើរលោកនាយករដ្ឋមន្ត្រីរួមមានៈលោក ហេង សំរិន លោក ស ខេង និងលោក សាយ ឈុំ ជាដើម។

កម្ពុជា​រៀបចំ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា​ក្នុង​បរិយាកាស​សាមញ្ញព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង លោក ហ៊ុន សែន

លោក អ៊ុំ តារាវុធ នាយកខុទ្ទកាល័យព្រះបរមរាជវាំងបានគូសបញ្ជាក់ថា ព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះករុណាធ្វើឡើងក្នុងបរិយាកាសសាមញ្ញបំផុតដោយព្រះមហាក្សត្រទ្រង់ប្រទានអាហារដល់អ្នកបំរើការងារនៅក្នុងព្រះបរមរាជវាំងដូចជា៖ប៉ូលីស ទាហាន ជាដើម។

គួរជម្រាបជូនថា បន្ថែមពីលើការចូលបង្គំគាល់ដោយផ្ទាល់ក្នុងព្រះបរមរាជវាំង ប្រមុខរដ្ឋា ភិបាលលោកនាកយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណាដោយ បានរំលឹកពីព្រះរាជសកម្មភាពរបស់ព្រះអង្គដែលបានចូលរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការជម្រុញសេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ភាពចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង ជាមួយរដ្ឋាភិបាលនាពេលកន្លងមក។

ដោយឡែក គណបក្សសង្គ្រោះជាតិក៏បានផ្ញើលិខិតថ្វាយព្រះពរព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ គឺសូមឲ្យព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខុមានភាពពេញបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែររបស់ព្រះអង្គជានិរន្តរ៍តរៀងទៅ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងថាគណបក្សសង្គ្រោះជាតិធ្លាប់ដាក់លិខិតសុំចូលបង្គំគាល់ព្រះមហាក្សត្រដោយផ្ទាល់ដែរ តែមិនទទួលបានការឆ្លើយតប។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជ្យជំនួសព្រះបិតាសម្ដេច នរោត្តម សីហនុ នៅឆ្នាំ២០០៤ ៕

ប្រភពៈ RFI