លោក​ ជា សុផារ៉ា បញ្ចប់​តំណែង​​ប្រធាន​​មន្ទីរ​ដែនដី​ខេត្ត​សៀមរាប

សៀមរាបៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដែលទើបចូលកាន់តំណែងថ្មីបានសម្រេចបញ្ចប់តំណែងប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាបលោក សែ សាមុត ឲ្យមកបម្រើការងារនៅក្រសួងវិញខណៈមជ្ឈដ្ឋានមួយចំនួនយល់ឃើញថាអាចមកពីមន្ត្រីរូបនេះមានភាពអសកម្មក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះ។

បើតាមប្រកាសស្តីពីការបញ្ចប់ភារកិច្ច និងតែងតាំងមន្ត្រីរាជការដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា កាលពីថ្ងៃទី ១១ ខែ ឧសភា បានឱ្យដឹងថា៖ «ត្រូវបញ្ចប់ភារកិច្ចលោក សែ សាមុត ជាប្រធានប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តសៀមរាបដោយចាត់ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ»។

សេចក្តីប្រកាសបន្តថា «ត្រូវបានតែងតាំងលោក ហ៊ី សាយ ជាប្រធានមន្ទីររៀបចំដែនដីជំនួសលោក សែ សាមុត»។

ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអធិប្បាយបន្ថែមពីលោក សែ សាមុត បានទេខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។

លោក​ ជា សុផារ៉ា បញ្ចប់​តំណែង​​ប្រធាន​​មន្ទីរ​ដែនដី​ខេត្ត​សៀមរាប

លោក ជា សុផារ៉ា ក្នុងពិធីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីខែមុន។ ផា លីណា

អ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក ជៀម សុផលមករា ថ្លែងថាការផ្លាស់លោក សែ សាមុត មកធ្វើការនៅក្រសួងវិញជាបែបបទរដ្ឋបាល និងដើម្បីពង្រឹងការងារប៉ុណ្ណោះមិនមែនគាត់ធ្វើអ្វីខុសដូចសារព័ត៌ក្នុងស្រុកចុះផ្សាយនោះទេ។

លោកថា៖ «និយាយឱ្យចំទៅនេះគ្រាន់តែជាការពង្រឹងកែទម្រង់របស់រដ្ឋមន្ត្រី ជា សុផារ៉ា»។

ក្នុងទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា ក៏បានសរសេរថា៖ «ខ្ញុំបានតែងតាំងលោក ហ៊ី សាយ ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដីខេត្តជំនួស លោក សែ សាមុត ដែលត្រូវទទួលភារកិច្ចថី្មសូមបងប្អូនក្នុងខេត្តសៀមរាបណែនាំបំពេញបនែ្ថមសហការដោយចាត់ទុកជាកូនចៅដើម្បីឲ្យមន្រី្តរូបនេះបម្រើបងប្អូនប្រកបដោយសា្មរតីវិជា្ជជីវៈចេះគោរព និងស្រឡាញ់ប្រជាជន»។

លោក ជា សុផារ៉ា ដែលទើបចូលកាន់តំណែងបានជាងមួយខែថ្មីៗនេះក៏បានព្រមានស្រង់ឈ្មោះមន្ត្រី ឬក្រុមហ៊ុនចូលក្នុងបញ្ជីខ្មៅសម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លីរាល់បុគ្គលណាដែលតែងតែរំលោភដីធ្លីប្រជាពលរដ្ឋទោះឋានៈធំប៉ុនណាក៏ដោយ។

លោក សុផារ៉ា ក៏បានព្រមានដល់ក្រុមហ៊ុនណាដែលបានសាងសង់រំលោភចិញ្ចើមផ្លូវសាធារណៈផងដែរ។

អ្នកសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្តសៀមរាបលោក នូ ពុទ្ធិ កត់សម្គាល់ឃើញថាដំណើរការនៃការផ្លាស់ប្តូរមន្ត្រីជារឿងធម្មតាក្នុងការគ្រប់គ្រង និងបំពេញការងារឱ្យប្រសើរជាងមុន។ តែលោកសង្ឃឹមថាប្រធានមន្ទីរថ្មីអាចនឹងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

លោកបន្តថា៖ «យើងមិនទាន់អាចវាយតម្លៃប្រធានមន្ទីរថ្មីមានជំនាញកម្រិតណាទេតែយើងសង្ឃឹមថារឿងដែលនៅសេសសល់ (បញ្ហាដីធ្លឺ) កន្លងមកគាត់នឹងបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យប្រសើរជាងមុនថែមទៀតខណៈដែលជម្លោះដីធ្លីរបស់ប្រជាសហគមន៍មិនត្រូវបានដោះស្រាយជាច្រើនឆ្នាំមកហើយ»។

លោក នូ ពុទ្ធិ ក៏បានជំរុញឱ្យលោក ហ៊ី សាយ ពន្លឿននូវការចុះបញ្ជីកម្មសិទ្ធិដីធ្លីជាប្រព័ន្ធឱ្យបានឆាប់រហ័ស ខណៈលោកសង្កេតឃើញថាការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីកន្លងមកមានការយឺតយ៉ាវដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅពេលពួកគេចង់ធ្វើអ្វីមួយដោយផ្អែកលើប្លង់កម្មសិទ្ធិដីធ្លី។

បើតាមអង្គការសង្គមស៊ីវិលសៀមរាបក៏ជាខេត្តមួយដែលមានបញ្ហាវិវាទដីធ្លីជាច្រើនកើតឡើងផងដែរធ្វើឲ្យប្រជាពលរដ្ឋតវ៉ាជាញឹកញាប់៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍