កំពុង​ចរចា​តម្លៃ​ ​Ipad មក​ពី​ក្រោយ​ចាប់​វាយ​ទ្រោម​ខ្លួន​

​រាជធានីភ្នំពេញ ៖ ​​ជនសង្ស័យ​ម្នាក់​ ត្រូវ​​កម្លាំង​​​សម្ថ​កិច្ច​​ឃាត់ខ្លួន ក្រោយ​ពី​​ធ្វើ​សកម្មភាព​​​លួច​​Ipadមួយ​គ្រឿង​ ពី​ក្នុងផ្ទះ​លក់ដូរ​​មួយ​កន្លែង​បាន ​ហើយ​យក​ទៅ​លក់ក៏​​ត្រូវ​ម្ចា​ស់​​តាម​រក​ឃើញ​ ចាប់​​វាយ​ឡើង​ទ្រោម​ខ្លួន​ ​​ទើប​ប្រគល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ ដែល​ហេតុ​ការណ៍​នេះ​​ ​កើតឡើង​កាលពី​វេលា​ម៉ោង០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី១៣ ឧសភា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ៦C ផ្លូវ​ព្រះ​ស៊ី​សុ​វត្ថិ​ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។

​​ជនសង្ស័យ​ឈ្មោះមាន សីហា អាយុ២៧​ឆ្នាំ មានមុខ​របរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ​រីឯជន​រង​គ្រោះជាម្ចាស់​​ឈ្មោះ​ប៉ែន សម្ផស្ស ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​ជា​អ្នក​លក់ដូរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ។

ប្រភពឱ្យ​ដឹងថា នៅ​​មុន​ពេល​កើតហេតុ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​តែ​លក់ដូរ​​នៅ​ខាង​មុខ ហើយ​ដាក់ Ipad របស់​ខ្លួន​​សាក​ថ្ម​នៅ​ក្នុង​បន្ទប់​ក្នុងផ្ទះ​​​ ស្រាប់តែ​​​ជនសង្ស័យ​​​​បន្លំ​ដើរ​ចូល​ទៅ​យក​បាន​ហើយ​ដើរ​ចេញ​បាត់​តែ​ម្តង​ ។​

​​ប្រភព​ដដែល​​បន្ត​ថា ដោយ​មានការ​សង្ស័យ​ ស្ត្រី​រង​គ្រោះ​​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​​របស់​ខ្លួន មិនឃើញ Ipad ដែល​ដាក់​សាក​ថ្ម​នោះ ក៏​រត់​ចេញ​មក​ក្រៅ​វិញ​ ​ក៏មានការ​​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ទើប​មាន​អ្នក​ជិតខាង​​បាន​រត់​មក​ប្រាប់​ថា មុន​នេះ​បន្តិច​បានឃើញ​បុរស​ម្នាក់​ ​​ស្ពាយ​សាក់​កាដូដើរ​ចេញ និង​ឡើង​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​​កង់​បី​ចេញ​បាត់​ទៅ​ហើយ ​។

​ភ្លាម​នោះ ស្ត្រី​រង​គ្រោះនិង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម និង​ឃើញ​បុរស​ខាងលើ​​កំពុង​តែ​យក Ipad ទៅ​លក់​នៅ​​កន្លែង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី២ ក៏​នាំ​គ្នា​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន ទើប​ប្រគល់​ទៅ​ឱ្យ​កម្លាំង​មាន​សម្ថ​កិច្ច​តែ​ម្តង​ ។