សាហាវ​​ ! ​នៅ​ក្រោម​ផ្ទះហើយគេចមិន​ផុត​ទៀត

ខេត្តឧត្តរ​មានជ័យ ៖ ​ភ្លៀង​​​​លាយឡំ​ទៅ​ដោយ​​ផ្លេក​បន្ទោរ​​ផ្គរ​​ និង​រ​ន្ទះបាន​បាញ់​ទៅ​​នារី​​​​ម្នាក់បណ្តាល​ឱ្យ​ស្លាប់​​​ភ្លាម​ៗ ដែល​ហេតុ​ការណ៍​​នេះ ​បង្ក​​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២​ ឧសភា​ ២០១៦​ ​ស្ថិតក្នុងភូមិ​ព្រៃធំ ឃុំ​ចុងកាល់  ស្រុក​​​ចុងកាល់ ខេត្តឧត្តរ​មានជ័​យ​ ។

ប្រភព​ឱ្យ​ដឹងថា នារីរងគ្រោះដែលស្លាប់​​ឈ្មោះ​ហេង ស្រី​លៀប​ អាយុ​១៦​​ឆ្នាំ ជាអ្នក​​ដាំ​ឈូក​ រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​។ បើ​តាម​អ្នក​ភូមិ​ព្រៃធំ​​និយាយ​ថា មុន​ពេល​​កើតហេតុ​​​ មេឃ​មាន​​ពពក​​​ខ្មៅ​ក្រោយមក​ស្រាប់តែ​​ភ្លៀង​បាន​​ធ្លាក់មក ​​លាយឡំ​ទៅ​ដោយ​ផ្លេក​បន្ទោរ​ផ្គរ និងរ​ន្ទះ​ផង ក៏បាញ់​ត្រូវ​នារី​ខាងលើ​​​កំពុង​អង្គុយ​ជ្រក​ភ្លៀង​​នៅ​ក្រោមផ្ទះ ​។

​បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុធ្វើការ​ត្រួតពិនិត្យ ឃើញ​​នារីនោះបាន​ដេក​ដួល​ស្លាប់​នៅ​ក្រោម​ផ្ទះ បាត់​ទៅហើយ ។