កីឡាករ​លោត​ទឹក​ខ្មែរ-អាមេរិក ចង់​មក​ជួយ​កម្ពុជា

ភ្នំពេញៈ Jordan Pisey Windle ជាក្មេងកំព្រាម្នាក់ ដែលមានដើមកំណើតនៅខេត្តព្រៃវែង ហើយរូបគេត្រូវបានបុរសជនជាតិអាមេរិក Jerry Windle យកទៅចិញ្ចឹមបីបាច់ថែរក្សាតាំងពីអាយុ ១៨ ខែ។

នៅពេលនេះ Jordan Pisey មានអាយុ ១៧ ឆ្នាំហើយ ហើយគេជាកីឡាករលោតទឹកដ៏ឆ្នើមនៃក្រុមជម្រើសជាតិអាមេរិក ប៉ុន្តែនៅថ្ងៃអនាគត Jordan Pisey ចង់វិលមកជួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីដណ្តើមមេដាយ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។

Jordan Pisey ត្រូវបានឪពុកចិញ្ចឹមលោក Jerry Windle នាំមកលេងប្រទេសកំណើត តាំងពីថ្ងៃអង្គារ ទី ១០ ខែឧសភា ដើម្បីបានរំឭកឡើងវិញនៅអនុស្សាវរីយ៍លើទឹកដីកម្ពុជា ដែលរូបគេបានឃ្លាតឆ្ងាយអស់រយៈពេលជាង ១៥ ឆ្នាំមកនេះ ពិសេសបានទៅជួបក្មេងកំព្រាជាច្រើនកន្លែងនៅកម្ពុជា ដើម្បីលើកទឹកចិត្តដល់ពួកគេ ហើយក្នុងដំណើរកម្សាន្តត្រឹមរយៈពេល ១ សប្តាហ៍នេះ Jordan Pisey និងឪពុកចិញ្ចើមក៏នឹងត្រូវទៅមើលសារមន្ទីរទួលស្លែង និងវាលពិឃាតជើងឯក ផងដែរ។

កីឡាករ​លោត​ទឹក​ខ្មែរ-អាមេរិក ចង់​មក​ជួយ​កម្ពុជា

កីឡាករខ្មែរ-អាមេរិក Jordan Pisey បានបង្ហាញពីការលោតទឹក កាលពីម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Jordan Pisey បានចូលរួមចែករំលែកពីបទពិសោធនៃការលោតទឹកដ៏របស់គេ ដល់ក្រុមកីឡាករ ហែលទឹករបស់កម្ពុជា នៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ ហើយ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានសារទរយ៉ាងខ្លាំងចំពោះវត្តមានរបស់ Jordan Pisey និងឪពុកចិញ្ចឹមរបស់គេ។

លោក ហែម គីរី និយាយថា៖ «សហព័ន្ធ កំពុងតែសម្លឹងរកអ្នកមានទេពកោសល្យ យកមកបណ្តុះបណ្តាលលើជំនាញលោតទឹកនេះ ព្រោះវិញ្ញាសានេះមិនទាន់មានការរីកចម្រើននោះទេ ហេតុនេះវាជារឿងដ៏ល្អ និងជាជំហានទី ១ ដ៏សំខាន់ ដែលមានកីឡាករលោតទឹកលំដាប់ពិភពលោក ហើយមានឈាមជ័រជាខ្មែរ មកបង្ហាត់បង្ហាញពីបច្ចេកទេស និងសមត្ថភាព ដែលគាត់ធ្លាប់ហាត់ និងប្រកួតនៅលើឆាកអន្តរជាតិ ដល់ក្រុមកីឡាករកម្ពុជាយើង»។

នៅពេលសួរបញ្ជាក់ថា តើសហព័ន្ធមានបំណងចង់ឲ្យ Jordan Pisey ចូលរួមជួយក្នុងក្រុមជម្រើសជាតិ ឬអត់? លោក ហែម គីរី បានបញ្ជាក់ថា៖ « Jordan Pisey មានសមត្ថភាពខ្លាំង ដូច្នេះការចង់ឲ្យគាត់ចូលរួមក្រុមជម្រើសជាតិកម្ពុជានោះ គឺសហព័ន្ធ ពិតជាបានគិតពីបញ្ហានេះ តែសំខាន់វាអាស្រ័យទៅលើការសម្រេចចិត្តរបស់គាត់»។

ជុំវិញបញ្ហានេះលោក Jerry Windle ដែលជាឪពុកចិញ្ចឹមរបស់ Jordan Pisey បានថ្លែងថា៖ «សព្វថ្ងៃនេះ Jordan Pisey បានជាប់ជាជម្រើសជាតិរបស់អាមេរិកទៅហើយ ហើយតាមច្បាប់គឺកីឡាករម្នាក់មិនអាចប្រកួតតំណាងឲ្យប្រទេស ២ ក្នុងពេលតែមួយបានទេ គឺ Jordan Pisey ត្រូវប្រកួតតំណាងឲ្យអាមេរិកឲ្យផុតការប្រកួតអូឡាំពិក នៅប្រេស៊ីល ខាងមុខនេះសិន។ នៅពេលចប់ហើយគឺក្នុងថ្ងៃអនាគត ខ្ញុំនឹងព្យាយាមជំរុញ Jordan Pisey ឲ្យចូលរួមជួយកម្ពុជា ប៉ុន្តែ Jordan Pisey ផ្ទាល់ធ្លាប់បាននិយាយប្រាប់ខ្ញុំថា គេចង់វិលមកជួយក្រុមជម្រើសជាតិកម្ពុជា ព្រោះរូបគេចង់បញ្ជាក់ប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថា កូនខ្មែរទាំងអស់ មានសមត្ថភាពធ្វើការងារដើម្បីប្រទេសជាតិ»។

ជាមួយទេពកោសល្យខាងកីឡាកោតទឹកនេះ Jordan Pisey ត្រូវបានអតីតកីឡាករជម្រើសជាតិអាមេរិកម្នាក់ យកទៅបង្ហាត់កីឡាលោតទឹកនេះតាំងពីអាយុ ៧ ឆ្នាំ ហើយនៅអាយុ ១២ ឆ្នាំ រូបគេបានប្រកួតឈ្នះពានរង្វាន់ថ្នាក់ជាតិលើវិញ្ញាសាលោតទឹកកម្ពស់ ១០ ម៉ែត្រ ព្រមទាំងបានឈ្នះមេដាយមាស ក្នុងការប្រកួតថ្នាក់ជាតិនៅរដ្ឋ Arizona និងមេដាយប្រាក់ និងសំរឹទ្ធ នាការប្រកួតថ្នាក់ជាតិពីរផ្សេងទៀត ពិសេសក្នុងឆ្នាំ ២០១៦ នេះ Jordan Pisey បានឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតហែលទឹកកម្រិតពិភពលោកមួយ នៅប្រទេសព័រតូរីកូ ហើយគោលបំណងធំរបស់ Jordan Pisey គឺការព្យាយាមរកឲ្យបានមេដាយ តំណាងឲ្យក្រុមជម្រើសជាតិអាមេរិក ក្នុងការប្រកួតអូឡាំពិក នៅប្រទេសប្រេស៊ីលក្នុងខែសីហា ខែមុខនេះ។

និយាយទៅកាន់អ្នកយក ព័ត៌មាន នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនោះ Jordan Pisey បានបញ្ជាក់ថា៖ «នៅពេលនេះខ្ញុំជាកីឡាករជម្រើសជាតិអាមេរិក ដែលមិនអាចប្រកួតឲ្យប្រទេសដទៃទៀតបាននោះទេ ព្រោះនេះជាច្បាប់។ ប៉ុន្តែនៅថ្ងៃអនាគត ខ្ញុំនឹងពិចារណាចំពោះការវិលមកជួយក្រុមជម្រើសជាតិកម្ពុជា ព្រោះខ្ញុំក៏ចង់ដែរ ហើយខ្ញុំពិតជាមានមោទនភាព បើសិនជាសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត ស្នើឲ្យខ្ញុំមកប្រកួតតំណាងឲ្យកម្ពុជា ព្រោះខ្ញុំក៏ចង់ក្លាយជាក្រុមជម្រើសជាតិកម្ពុជា ដែរ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍