មេបក្សនយោបាយ​សុទ្ធតែ​ទទួលស្គាល់​ពី​ព្រះរាជ​សកម្មភាព​មិនអាច​ខ្វះ​បាន​របស់​ព្រះមហាក្សត្រ​

​ភ្នំពេញ​៖  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា បាន​ថ្វាយ​សារលិខិត​ពីរ ផ្សេងគ្នា បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក​ជួយ​តាម​ថែរក្សា​ព្រះករុណា​បាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​។​

​លិខិត​ប្រមុខ​រដ្ឋាភិបាល និង​លិខិត​ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះអង្គ​គម្រប់ ៦៣​ព្រះវស្សា យាង​ចូល​៦៤​ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តឡើង នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខ​។​

​សម្តេច ហ៊ុន សែន បានទូល​ថ្វាយ​ព្រះបាទ សម្តេច នរោត្តម សីហមុនី ថា ព្រះរាជ​បញ្ញាញាណ និង​ព្រះរាជ​សកម្មភាព​ទ្រង់ រួមចំណែក​ជំរុញ​សេដ្ឋកិច្ចសង្គម​ជាមួយ​រដ្ឋាភិបាល បច្ចុប្បន្ន​។​

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សរសេរ​ថ្វាយ​ព្រះ​គុណ​សម្តេច នរោត្តម សីហមុនី តាមរយៈ​សារលិខិត​ថ្វាយព្រះពរ​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុនី ចុះ​ថ្ងៃទី​៩ ខែឧសភា​នេះ ថា ព្រះអង្គ​មាន​ព្រះរាជ​បញ្ញា​ណាណ​ឈ្លាសវៃ និង​ព្រះរាជ​សកម្មភាព​ប្រកបដោយ​ព្រះ​គុណធម៌ ព្រះ​មនុស្សធម៌ ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជានុរាស្ត្រ និង​កិច្ចការ បរទេស​។​

មេបក្សនយោបាយ​សុទ្ធតែ​ទទួលស្គាល់​ពី​ព្រះរាជ​សកម្មភាព​មិនអាច​ខ្វះ​បាន​របស់​ព្រះមហាក្សត្រ​

​សម្តេច​ចាត់ទុកថា ព្រះរាជ​សកម្មភាព​ព្រះអង្គ បានរួម​ចំណែក យ៉ាង​ថ្លៃថ្លា​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចសង្គម​ឆ្ពោះទៅកាន់​ភាព​ចម្រុងចម្រើន​ជាមួយ​រាជរដ្ឋាភិបាល នាពេល​កន្លងមក​។​

​សម្តេច​សរសេរ​យ៉ាង​ដូច្នេះ​៖«​ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​តាងនាម​សមាជិក សមាជិកា​នៃ​រាជ រដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ​ទូទាំងប្រទេស និង​ក្នុងនាម​ទូលព្រះបង្គំជាខ្ញុំ​ផ្ទាល់ និង​ភរិយា សូម​ព្រះ​បរម​រាជានុញ្ញាត​សម្តែង​នូវ​អំណរ​សាទរ​ឥតឧបមា ចូលរួម​ថ្វាយ​នូវ ព្រះ​សព្ទសាធុការព​ជ័យ ទីឃាយុ​កោ ហោ​ហិ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ ប្រការ ប្រកបដោយ​កត​ញ្ញុ​កតវេទិតា​ធម៌ និង​ព្រះរាជ​មហាករុណា​ទិ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រះរាជ​បញ្ញា​ណាណ​ឈ្វេងយល់​ដ៏​ឈ្លាសវៃ និង​ព្រះរាជ​សកម្មភាព​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ថ្លៃថ្លា ប្រកបដោយ​ព្រះ​គុណធម៌ ព្រះ​មនុស្សធម៌ ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជានុរាស្ត្រ និង​កិច្ចការ បរទេស​របស់​ព្រះករុណា​ថ្លៃ​វិសេស ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បានរួម​ចំណែក យ៉ាង​ថ្លៃថ្លា​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចសង្គម​ឆ្ពោះទៅកាន់​ភាព​ចម្រុងចម្រើន​ថ្កុំ​ថ្កើ​ន​រុងរឿង​ជាមួយ រាជរដ្ឋាភិបាល នាពេល​កន្លងមក​»​។​

​លើសពីនេះ សម្តេច ហ៊ុន សែន បាន​បួងសួង​ដល់​ទេវតា វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​ខ្មែរ​គ្រប់​អង្គ ជួយ​ថែរក្សា​ព្រះមហាក្សត្រ និង​ទ្រង់ ប្រកបដោយ​ព្រះ​លា​នុ​ភាព ព្រមទាំង​ព្រះពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ​។​

​សម្តេច​បន្ត​សរសេ​រយ៉ា​ង​ដូច្នេះ​៖«​ឆ្លៀត​ក្នុង​វរោកាស​ដ៏​ម​ហាម​ង្គ​លា​ភិរម្យ​អភិ​សិរីភទ្រ​ដ៏​វិសេស​ថ្លៃថ្លា នេះ​ផងដែរ ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត លើក​ហត្ថ​ប្រណម្យ បួងសួង​ដល់​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ ទាំងបី ប្ញ​ទ្ធិ​បារមី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​សេ្វ​ត​ច្ឆ​ត្រ បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិ​ញ្ញា​ក្ខ​ន្ធ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​បុណ្យ​បារមី​ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ និង​ទេវ តា​ថែរក្សា​ឆ្នាំ​ថ្មី ព្រះនាម ម​ណ្ឌា​ទេវី សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា អភិបាល​ប្រោស​ព្រំ​នូវ ព្រះ​សព្ទ សាធុការ​ពរជ័យ​គ្រប់ប្រការ និង​សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ​ទ្រង់ ប្រកបដោយ​ព្រះ​ព​លា​នុ​ភាព ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ ជា​ភិយ្យោ ភាព តរៀង​ទៅ​»​។​

​ដោយឡែក​លិខិត​ថ្វាយព្រះពរ​របស់​ឯកឧត្តម កឹម សុខា វិញ ប្រធានស្តីទី​បក្សប្រឆាំង បាន​បួងសួង ដល់ គុណបុណ្យ​ព្រះ​រតនត្រៃ​យ៍ វត្ថុ​ស័ក្តិ សិទ្ធិ​ទាំងឡាយ​ជួយ​រក្សា​ព្រះមហាក្សត្រ​ផងដែរ​។​

​ឯកឧត្តម​បាន​សរសេរ​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១២ ឧសភា​នេះ​ថា​៖«​ទូលបង្គំ ព្រមទាំង​សមាជិក សមាជិកា នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ សូម​ព្រះ​បរម​រាជានុញ្ញាត​ប្រសិទ្ធពរ បវរ​មហា ប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ​យ៍ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​លើ​លោក ទេវតា​រក្សា​ព្រះមហា​សេ្វ​ត​ច្ឆ​ត្រ និង​ព្រះ​វិញ្ញាណក្ខន្ធ ដ៏​ម​មាន​បារមី​នៃ​អតីតព្រះមហាក្សត្រ និង​ព្រះមហា​ក្សត្រិយានី សូម​ព្រះ​មេត្តាជួយ​បីបាច់​ថែរក្សា និង​ប្រទាន​ពរ​មង្គល​គ្រប់ប្រការ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សូម​ព្រះ​ទ្រង់​បាន​ប្រកបដោយ​ព្រះរាជ​សុខុមាលភាព​ពេញ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​របស់ ព្រះ​អង្គជា​និរន្តរ៍​តរៀង​ទៅ​»​។​

​លើសពីនេះ ឯកឧត្តម កឹម សុខា បាន​ថ្វាយ​អំណរ​ព្រះ​គុណ​ព្រះបាទ​សម្តេច នរោត្តម សីហមុនី ដែល​បាន​បំពេញ​ព្រះរាជកិច្ច​ដ៏​ឆ្នើម ដើម្បី​ដឹកនាំ​ប្រទេសជាតិ ឆ្ពោះទៅរក​ភាពសុខសាន្ត​រុងរឿង​ថ្កុំថ្កើង តាម​បំណង​ប្រជារាស្ត្រ​។​

«​ទូលបង្គំជាខ្ញុំ សូម​សម្តែង​នូ​វក​ត្ត​ញ្ញូ​កតវេទិតា​ធម៌​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ​ព្រះករុណា​ជា​អម្ចាស់ ជីវិត​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ដែល​ទ្រង់​បាន​បំពេញ​ព្រះរាជកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ជា ព្រះមហាក្សត្រ និង​ជា​ព្រះប្រមុខរដ្ឋ ដ៏​ឆ្នើម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេស ជាតិ ឆ្ពោះទៅរក​ភាពសុខសាន្ត​រុងរឿង​ថ្កុំថ្កើង សម្បូរ​ណ៌​សប្បាយ សម​ដូច​បំណងប្រាថ្នា​ដ៏ ពិសិដ្ឋ​របស់​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះអង្គ​នៅ​ទូទាំងប្រទេស​»​។ 

​ព្រះ​ករុណ​ព្រះបាទ សម្តេច នរោត្តម សីហមុនី ជា​ព្រះរាជ​បុត្រា នៃ​ព្រះករុណា ព្រះមហា​វិ​រក្ស​ត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ​។ ព្រះអង្គ​ទ្រង់​ប្រសូត នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ ព្រះអង្គ​ត្រូវបាន​សមាជិក​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០០៤ ៕