អម្ពរ ទេវី វិល​មក​ជាថ្មី​នៅ​ក្នុង​រឿង​ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី

ភ្នំពេញ: អតីតតារាភាពយន្ដដែលទទួលការសាទរជាតួអង្គមានទេពកោសល្យសម្ដែងគ្រប់កាលៈទេសៈទាំងកាចឆ្នាសឆ្នើម កម្សត់ស្រក់ទឹកភ្នែក និងក្រមិចក្រមើមសើចចុកពោះក្នុងទសវត្សរ៍ទី ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី ក្រោយពីអវត្ដមានលើពិភពសិល្បៈភាពយន្ដខ្មែរជាង ២០ ឆ្នាំទៅជ្រកក្រោមទ្រនំថ្មីនៃទឹកដីបរទេស ត្រៀមបង្ហាញវត្ដមានជាថ្មីជាមួយនឹងភាពយន្ដខ្នាតធំរបស់អ្នកស្រី ពាន់ ភួងបុប្ផា។

រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលមានរយៈពេល ២ ម៉ោង គ្រោងនឹងថតនៅដើមខែកក្កដាឆ្នាំ ២០១៦ នេះ ប្រមូលផ្តុំសុទ្ធតារាសម្តែងស្រីឆ្នើមៗទាំងបួនសម័យកាល។

ខ្លឹមសារសាច់រឿង «ទឹកចិត្តម្តាយសម័យថ្មី» ជាប្រភេទខ្សែភាពយន្តបែបកម្សត់ និងបង្កប់ន័យអប់រំឆ្លុះបញ្ចាំងពីតថភាពសង្គមនាសម័យទំនើបដោយសារជំនក់នៃការប្រើសម្ភារនិយមរបស់កូនៗជំនាន់ក្រោយ ទាំងបីស្រទាប់។ រឿងនេះក៏ត្រូវគេរំពឹងទុកថា ប្រាកដជាមានគុណភាពល្អព្រោះតែមានក្រុមតារាស្រីឆ្នើម និងមានឈ្មោះបោះសំឡេងក្នុងពិភពនៃសិល្បៈសម្តែង។

អម្ពរ ទេវី វិល​មក​ជាថ្មី​នៅ​ក្នុង​រឿង​ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មីអម្ពរ ទេវី និង ខៃ ប្រសិទ្ធិ ក្នុងទសវត្សរ៍ទី ៨០ ឬ ៩០។ ហ្វេសប៊ុក

អ្នកស្រី ពាន់ ភួងបុប្ផា បង្ហើបឲ្យដឹងពីដំណើរការថតរឿង និងសមាសភាពតួអង្គសម្តែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ទឹកចិត្តម្តាយសម័យថ្មី នឹងចាប់ផ្តើមថតនៅដើមខែកក្កដាខាងមុខ ខណៈការថតទំនងជាប្រើពេល ២ ខែ ហើយតាមគម្រោងយើងគឺនឹងយកទៅចាក់បញ្ចាំងនៅរោងកុននានានៅដំណាច់ចុងឆ្នាំ ២០១៦ នេះ ឬក៏យ៉ាងយូរនៅដើមឆ្នាំ ២០១៧ ខាងមុខព្រោះថា យើងរៀបចំភាពយន្តមួយនេះឲ្យមានលក្ខណៈល្អប្រសើរ និងមានគុណភាពតាមស្តង់ដារ ដែលយើងនឹងដាក់ទុនផលិតមិនក្រោមតម្លៃ ១០ ម៉ឺន ដុល្លារ ឡើយ។ ចំណែកតួអង្គសម្តែងវិញ យើងកំណត់យកតួស្រីសំខាន់ៗច្រើនជាងតួប្រុស ព្រោះថា សាច់រឿងនេះយើងផ្តោតខ្លាំងលើតួនាទីម្តាយទាំងបីស្រទាប់ក្នុងសង្គម»។

អ្នកស្រីថា៖ «តួស្រីជាម្តាយក្នុងសាច់រឿងនេះ រួមមានលោកស្រី ឌី សាវ៉េត អ្នកស្រី អម្ពរ ទេវី អ្នកនាង ស្វែង សុជាតា អ្នកនាង ស៊ីម សូលីកា និងតួស្រីជាកូនៗសុខ សុម៉ាវត្តី និងកញ្ញា ឌុច លីដា ខណៈតួប្រុសជាឪពុកមានលោក ទេព រិន្ទដារ៉ូ ជាដើម។ ចំពោះវត្តមានអ្នកស្រី អម្ពរ ទេវី មួយរយភាគរយត្រូវរង់ចាំនៅដើមខែកក្កដា»។

បច្ចុប្បន្នអតីតតារាសម្តែង អម្ពរ ទេវី វ័យ ៤៥ ឆ្នាំរូបនេះ កំពុងរស់នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាមួយកូនពីរនាក់។

នៅចុងទសវត្សរ៍ឆ្នាំ ៨០ និងទី ៩០ ស្នាដៃសម្តែង ខ្សែភាពយន្ត អម្ពរ ទេវី បានសម្ដែងមិនតិចជាង ១០០ រឿងទេ ដោយរឿងល្បីៗមានរឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» និងរឿង «ចុងស្រល់» ព្រមទាំងរឿង «ជើងមេឃដាច់ស្រយាល» ជាដើម៕

អម្ពរ ទេវី វិល​មក​ជាថ្មី​នៅ​ក្នុង​រឿង​ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មីអ្នកនាង អម្ពរ ទេវី។ Camboda.com

ប្រភពៈ ភ្នំពេញប៉ុស្តិ៍