សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាជាង២ម៉ឺនដុល្លារ សម្រាប់ជីកអណ្តូងស្នប់ ចំនួន ១៤ ជូនប្រជាពលរដ្ឋ ៣២៩គ្រួសារ កំពុងខ្វះខាតទឹកនៅស្រុកជាំក្សាន្ត 

ភ្នំពេញ:

 នៅល្ងាចថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាចំនួន ២៦៦០០ ដុល្លារអាមេរិក សម្រាប់ជីកអណ្តូងស្នប់ប្រភេទអាហ្វ្រីដេស ចំនួន ១៤ ជូនប្រជាពលរដ្ឋ ៣២៩គ្រួសារ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ រស់នៅក្នុងភូមិចំនួន ៦ នៃឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការផ្តល់អណ្តូងទាំង ១៤ ខាងលើនេះ ជាការផ្តល់ជំហានទី ២ នៅក្នុងរយៈពេល ២០ថ្ងៃចុងក្រោយនេះ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ម្ដងរួចហើយនូវអណ្តូងទឹកចំនួន ១១ ដល់ប្រជាពលរដ្ឋ ២៤៨គ្រួសារ រស់នៅឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០១១ មក កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ២១៥ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ដែលមានអ្នកទទួលផលសរុបប្រមាណជាង ៤,៥០០គ្រួសារ។ ម្យ៉ាងវិញទៀត ក្នុងរយៈពេល នៃការដោះស្រាយកង្វះទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារនេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក៏បានជួសជុលអណ្តូង នៅតាមសហគមន៍នានា ក្នុងខេត្តព្រះវិហារនេះ បានចំនួន ៣៤អណ្តូងផងដែរ៕