រថយន្ត​ដឹក​ស្រា​បៀ​១​គ្រឿង ​បើក​ក្រឡាប់​៣​ត្រឡប់ ​បង្ក​ការ​ភ្ញាក់ផ្អើល​

រថយន្ត​ដឹក​ស្រា​បៀ​១​គ្រឿង ​បើក​ក្រឡាប់​៣​ត្រឡប់ ​បង្ក​ការ​ភ្ញាក់ផ្អើល​



បន្ទាយមានជ័យ ៖ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ រវាង​រថយន្ត​ដឹក​ស្រា​បៀ​បើក​ក្រឡាប់​៣​ត្រឡប់ ​ដោយសារ​អ្នក​បើក​ស្រវឹង​ តែ​សំណាងល្អ​ដែរ​ គ្មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​នោះ​ឡើយ​។

ហេតុការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែ​ឧសភា ​ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​៦ ​ស្ថិត​ក្នុង​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​វរសេនីយ៍ត្រី ​ស៊ីន​ រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា​នៅ​មុនពេល​កើតហេតុ​នោះ​ មាន​រថយន្ត​ម៉ាក​ហី​យ៉ាន់​ដាយ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​១​គ្រឿង ​ដឹក​ស្រា​បៀរ CT CoLD ​បើកបរ​ដោយ​ឈ្មោះ ​ប៉ែន ពិ​សិទ្ធ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ បើក​តាម​ផ្លូវ​ជាតិ​លេខ​៦​ ពី​កើ​តទៅ​លិច​ដោយ​ល្បឿន​លឿន​​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ស្រាប់​រេ​ចង្កូត ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ចេញពី​ថ្នល់ជាតិ​៣​ ត្រឡប់​រថយន្ត​ឡើង​រួញ​ តែ​សំណាងល្អ​ណាស់​គ្មាន​មនុស្ស​ស្លាប់ ​និង​របួស​ទេ។​

ក្រោយពី​កើតហេតុ​រួច​ គេ​បាន​ឃើញ​សមត្ថកិច្ច​មួយ​ក្រុម​ចុះ​មកដល់​កន្លែង​កើតហេតុ ​ដោយ​សារ​តែ​រថយន្ត​នោះ​ក្រឡាប់​ខ្លួនឯង​ មិន​ប៉ះពាល់​ដល់​អ្នកដទៃ​នោះ ​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​យក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​ធ្វើ​ខ្លួនឯង​ ដើម្បី​បញ្ចប់​រឿង​តែម្ដង​៕

រថយន្ត​ដឹក​ស្រា​បៀ​១​គ្រឿង ​បើក​ក្រឡាប់​៣​ត្រឡប់ ​បង្ក​ការ​ភ្ញាក់ផ្អើល​