២​ថ្ងៃ​ជាប់ៗ​គ្នា ​ខ្យល់​កន្ត្រាក់ និង​រន្ទះ ​វាយប្រហារ​ផ្ទះ​១០១​ខ្នង ​នៅ​ខេត្ត​កំពង់ធំ​

២​ថ្ងៃ​ជាប់ៗ​គ្នា ​ខ្យល់​កន្ត្រាក់ និង​រន្ទះ ​វាយប្រហារ​ផ្ទះ​១០១​ខ្នង ​នៅ​ខេត្ត​កំពង់ធំ​



កំពង់ធំ​ ៖ ២​ថ្ងៃ​ជាប់ៗ​គ្នា នា​​ថ្ងៃ​ទី​១១ និង​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ ខ្យល់​កន្ត្រាក់ ​និង​រន្ទះ​ បាន​វាយ​ប្រហារ​ផ្ទះ​១០១​ខ្នង​ឲ្យ​រង​ការខូចខាត និង​ដួល​រលំ ,មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួស​ស្រាល នៅ​ស្រុក​សណ្ដាន់ និង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

លោក​ ឡង គី​សឹង អភិបាលស្រុក​សណ្ដាន់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៨ និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​១១ ​ខ្យល់​ក​ន្រ្តាក់​បាន​បោកបក់​ប៉ះ​មក​លើ​៣​ឃុំ ក្នុងស្រុក​សណ្ដាន់ ​គឺ​ឃុំ​សណ្ដាន់ ឃុំ​មានជ័យ និង​ឃុំ​ខ្លែង បាន​បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​១៣​ខ្នង​ ត្រូវ​បាន​ដួល​រលំ និង​១៣​ខ្នង​រង​ការ​ខូចខាត របើក​ដំបូល និង​ជញ្ជាំង ជាមួយគ្នានេះ រន្ទះបាញ់​បាន​សម្លាប់​ជីវិត​មនុស្ស​ម្នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់​ផង​ដែរ។

លោក​អភិបាលស្រុក​បាន​សំដែង​ការ​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក​ជាមួយ​គ្រួសារ​សព និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​នេះ​។​

ដោយឡែក​ យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កំពង់ស្វាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​នេះ ក៏បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់ស្វាយ កាលពី​រសៀល​ម៉ោង​២​និង​២៨​នាទី ថ្ងៃ​ទី​១២​ឧសភា​ មាន​ភ្លៀង​បង្ហុរ​១​មេ លាយឡំ​ដោយ​ខ្យល់​កន្រ្តាក់ និង​រន្ទះ បាន​វាយប្រហារ​មក​លើ​៣​ឃុំ​ដែរ​ គឺ​សា​នគរ ឃុំ កំពង់​ស្វាយ និង​ឃុំ​ជ័យ ក្នុង​នោះ បាន​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត និង​ដួល​រលំ ចំនួន​៧៥​ខ្នង ,​គោ​១​ក្បាល​ស្លាប់ និង​មនុស្ស​ស្រី​ម្នាក់​បាន​រងរបួស​ស្រាល ដោយសារតែ​រន្ទះបាញ់​។​​

នៅ​ព្រឹក​ថ្ងៃទី​១៣​នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ជូ សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ជួយ​អន្តរាគមន៍​រុះរើ និង​រៀបចំផ្ទះ​ដែល​ដួលរលំ និង​រង​ការខូចខាត ទាំង​នោះ និង​ពិនិត្យ​លំអិត នូវ​ការខូចខាត ដោយ​គ្រោះធម្មជាតិ​នេះ​៕
២​ថ្ងៃ​ជាប់ៗ​គ្នា ​ខ្យល់​កន្ត្រាក់ និង​រន្ទះ ​វាយប្រហារ​ផ្ទះ​១០១​ខ្នង ​នៅ​ខេត្ត​កំពង់ធំ​

២​ថ្ងៃ​ជាប់ៗ​គ្នា ​ខ្យល់​កន្ត្រាក់ និង​រន្ទះ ​វាយប្រហារ​ផ្ទះ​១០១​ខ្នង ​នៅ​ខេត្ត​កំពង់ធំ​