ទៀត​ហើយ ! អោយ​តែ​បែប​នេះ​ថ្ងៃក្រោយ​បាន​អ្វី​ហូប

ខេត្តសៀមរាប ៖ ព្រៃរនាម​ដែល​ជា​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​-​កូន​នៅ​មុខ​ស្នាក់​ការ​បេ​៨(២) ស្ថិត​ក្នុងភូមិ​ចំនួន​៣ ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រយៈពេល​៤​ថ្ងៃ​អស់​ជាតិ​១០០​ហិ​កតា​ហើយ ដែល​ការ​ឆេះ​នេះ​គឺ​ឆេះ​តាំងពី​ថ្ងៃ​ទី​១០ រហូត​មក​ដល់​ថ្ងៃ​ទី​១៣​ឧសភា​នេះ​នៅ​មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ដោយសារ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​បាន ព្រោះ​នៅ​ម្ខាង​ព្រែក ។

លោក​វរសេនីយ៍ត្រី កាញ់ សុ​ជាតិ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​ភ្លើង​ឆេះ​ព្រៃរនាម​នេះ មូលហេតុ​មក​ពី​មាន​ក្មេង​ឃ្វាលគោ ដុត​ភ្លើង​ដើម្បី​រក​សត្វ និង រក​ឃ្មុំ ក៏​បាន​ឆេះ​រាល​បន្តិច​ម្តង​ៗ ម្យ៉ាងទៀត​ដោយសារ​អាកាសធាតុ​ក្តៅ​ផង ។ លោក​បន្ត​ថា នៅ​ភូមិ​គោក​ក្តុល​បាន​រលត់​ហើយ ប៉ុន្តែ​នៅ​ឆេះ​ចំនួន​២​ភូមិ​ទៀត​កាន់តែ​ខ្លាំង កាលពី​ថ្ងៃ​ទី​១២​ឧសភា​ម្សិល​ម៉ិ​ញ ព្រោះ​អាកាសធាតុ​ក្តៅ ហើយ​មាន​ខ្យល់​ផង ទើប​បណ្តាល​ឱ្យ​វា​រាលដាល​ឆេះ​កាន់តែ​ខ្លាំង​ឡើង រហូត​ក្រុមការងារ​មិន​អាច​ទាញ​ទុយោ​បាញ់​ទឹក​ពន្លត់​បាន ៕