ម៉េង កែវ​ពេជ្ជតា និង​ដេនី ខ្វាន់ គាំទ្រ​មួយណា?

រាជធានី​ភ្នំពេញ ៖ ខណៈ​លោក​សុះ ម៉ាច​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គ្រោង​ធ្វើ​សន្និសីទកាសែត និង​ប្រមូល​សំឡេង​ពី​អ្នកសិល្បៈ​ឲ្យ​បាន​ច្រើន​ដើម្បី​ដាក់​ញត្តិ​សុំ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លុបឈ្មោះ​នាង​ដេ​នី ខ្វាន់​ចេញពី​បញ្ជី​អ្នកសិល្បៈ ព្រោះ​សំអាង​លើ​នាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌ សិល្បៈ​ជាតិ​នោះ ស្រាប់តែ​ដេ​នី ខ្វាន់ បន្ទន់​ឥរិយា​បទ​ដោយ​ចេញ​វី​ដេ​អូ​ឃ្លី​ប​សូមទោស​សាធារណជន​។

ទោះជា​យ៉ាងណា​ក្តី ដេ​នី ខ្វាន់ មិន​សុំ​ទោស​អ្នក​ដែល​នាង​ចាត់​ទុក​ថា​មាក់ងាយ​នាង​ឡើយ​ដែល​ទំនង​ផ្តោត​លើ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​លោក​អឹុ​ម ជីវ៉ា ។ ដេ​នី ខ្វាន់ ថា​អ្នក​ទាំងនោះ​មើលងាយ​នាង​មុន ហើយ​មិនមែន​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ទេ  ។

មុន​ពេល​ចេញ​វី​ដេ​អូ​ឃ្លី​ប​សុំ​ទោស​កាលពី​ថ្ងៃ​ទី​១៣ ឧសភា ២០១៦​នោះ ដេ​នី ខ្វាន់ បាន​វាយប្រហារ​តប​ទៅ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​រិះគន់​នាង​ថា «​ឆ្ងល់​ណាស់​ម៉េច​ក៏​មក​រមាស់​តែ​រឿង​ខ្ញុំ​ចឹ​ង ? ខ្ញុំ​ជា​ឃាតករ ឬ​ក៏​ដើរ​លួច ឆក់ ប្លន់​គេ​បានជា ម្នាក់​ៗ​ប្រឹង​បើក​បំពង់ក​ស្រែក​ម្ល៉េះ? ដូច​ជា​មីង​ម្នាក់​ចឹ​ង​តាំង​ខ្លួនឯង​ត្រឹមត្រូវ និង​ថ្លៃថ្នូរ​ណាស់ ទាំង​ដែល​ខ្លួនឯង​រលួយ​វ៉​ល់​មិន​គិត​ផង​... ខ្ញុំ​សិច​ស៊ី ក៏​សិច​ស៊ី​តែ​កាយ មិន​ដូច​អ្នក​សុភាព​នឹង​លើ​រង្គើ​ក្រោម​នោះ​ទេ ។ មីង​ឯង​និយាយ​ថាឱ្យ​ខ្ញុំ​បាន​ល្អ​ណាស់ តែ​ខ្ញុំ​ក៏​ចង់​ប្រាប់​ទៅ​មីង​វិញ​ដែរ​...​មីង​ថា​ខ្ញុំ​ថោក ហើយ​ខ្លួន​មីង​ថ្លៃ​ណាស់ គឺ​ថ្លៃ​ពេក​ហើយ ថ្លៃ​ដល់​ថ្នាក់​ប្តី​លែង​ក្បាល និង​ហែកកេរ្តិ៍​ពេញ​ប្រទេស​ថា​ខ្លួន​មាន​សហាយ ហ្នឹងហើយ​ឬ​អ្នក​ថ្លៃថ្នូរ ? តាម​ខ្ញុំ​ដឹង​ខ្លួន​​មីង​ធ្លាប់​ស្លៀកពាក់​សុភាព​ជិត​លើ​ជិត​ក្រោម​ដែរ តែ​ក៏​ត្រូវ​គេ​រិះគន់​ពេញ​ប្រទេស​ម៉េច​មិន​គិត​ផង​... ខ្ញុំ​មិន​ខឹង​ទេ ព្រោះ​មីង​ចាស់​ហើយ​អាច​នឹង​មាន​បញ្ហា​ខាង​ខួរក្បាល ព្រោះ​ពី​មុន​ត្រូវ​ប្តី​វ៉ៃ​ទាត់​ធាក់​ឡើង​សរសៃប្រសាទ​ហើយ ជូនពរ​ឆាប់​ជា​ពី​ជំងឺសរសៃប្រសាទ​ណា (​ផ្ញើ​ជូន​អ្នក​មីង​ផ្កាវល្លិផោម​)» ។

កាលពី​រាត្រី​ថ្ងៃ​ទី​១២ ឧសភា លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សរសេរ​វាយបក​នាង​ដេ​នី ខ្វាន់​ថា «​អស់​ពេល​ពេញ​មួយ​ថ្ងៃ​ហើយ​ដែល​នាង​និង​បងប្អូន បក្សពួក​នាង​អង្គុយ​ជេរ​យើង ។ ជេរ​បាន​ល្អ​មិន​ហត់ មិន​ចេះ​ខ្វះ​ពាក្យ​។ ពិតជា​កែ​មិន​ឡើង​មែន ដូច​ពាក្យចាស់​ពោល​ថា «​កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រីខូច​!» ត្រឹមត្រូវ​ណាស់ ។ នេះ​ជា​សន្តាន​ពិត​របស់​នាង​ហើយ ។ នាង​ច្រឡោតខឹង និង​ក្រពុលមុខ​ខ្លាំង​ណាស់ ព្រោះ​មាន​គេ​ទើស​នាង​ច្រើន រួម​ទាំង​យើង​ដែរ ។ ត្រូវ​ហើយ​យើង​ពិតជា​ទើស ពិតជា​មិន​សុខចិត្ត​ដែល​នាង​យក​រូបភាព សកម្មភាព​បែប​នេះ​មក​សាបព្រួសលើ​ឆាក​សិល្បៈ យើង​ត្រូវ​តែ​ទើស ! បើ​យើង​ទើស​មែន​តើ​វា​យ៉ាងម៉េច? នាង​មាន​បញ្ហា​អ្វី​ឬ? នាង​បាន​ជេរ​ចំអក​ឲ្យ​អ្នកសិល្បៈ​មិន​រើសមុខ និង​មហាជន​ថា​គេ​ច្រណែន ព្រោះ​គ្មាន​របស់​ល្អ​បង្ហាញ​ដូច​នាង? ម្តេច​ក៏​ដឹង? ម្តេច​ក៏​នាង​មាន​មោទនភាព​នឹង​ខ្លួនឯង​ខ្លាំង​ម្ល៉េះ ?

នាង​ភ្លេច​គិត​អ្វី​ម្យ៉ាង​ហើយ​ថា រាង​កាយ​ក្លែងក្លាយ​បង្កប់​ដោយ​ជាតិ​គីមី​របស់​នាង តើ​ធ្វើ​ម្តេច​ឲ្យ​ពួក​យើង​ច្រណែន​នាង​កើត​ទៅ ? តែ​ដែល​គេ​មិន​បង្ហាញ​នោះ ព្រោះ​ខ្លួនប្រាណ​គេ​មាន​តម្លៃ​ថ្លៃ​ណាស់ មិនមែន​អ្នក​ណា​ក៏​ចេះ​តែ​មើល ចេះ​តែ​ឃើញ ចេះ​តែ​ប៉ះ​បាន ទទេ​ៗ ថោក​ៗ​ដូច​របស់​នាង​ឡើយ ។ នាង និង​បងប្អូន​នាង​បាន​ដៀល​មហាជន​ថា អត់​ខួរ ខួរ​កំ​ពិស ខួរបង្កង​។ មិន​ឆ្អែត នាង​មក​ដៀល​យើង​ថា​សរសៃប្រសាទ​ទៀត ប៉ុន្តែ​គឺ​នាង​ទៅ​វិញ​ទេតើ​ដែល​គ្រប់​គ្នា​មើលឃើញ​ថា​ពួក​នាង​មិនមែន​សរសៃប្រសាទ​ទេ គឺ​ឆ្កួត​ពេញ​ទំហឹង​​តែ​ម្តង ដោយសារ​តែ​ក្នុង​ខ្លួន​នាង​ផ្ទុក​ដោយ​ជាតិ​គីមី​ច្រើន ទើប​ធ្វើ​ឲ្យ​នាង​ឆ្កួត​ៗ និង​ចង់​ល្បី​សម្រស់​សិប្បនិមិត្ត ឆ្កួត​នឹង​តណ្ហា ឆ្កួត​នឹង​សម្ភារ លុយ ឡាន​បន្តិចបន្តួច ព្រោះ​បើ​មនុស្ស​ល្អជា​គេ​មិន​ធ្វើ​អាវ៉ាសែ​ដូច​នាង​ឡើយ ។

ទស្សនៈ​លេលា​របស់​នាង​ដែល​ថា សិច​ស៊ី​តែ​កាយ​ដូច​នាង វា​ល្អ​ជាង​អ្នក​ដែល​ស្លៀកពាក់​ជិត​តែ​នឹង​លើ​រង្គើ​ក្រោម ពិត​មែនឬ ? បើ​អីុចឹ​ង​បងប្អូន​ស្ត្រី​ដែល​ស្លៀកពាក់ ស្អាត​ៗ​បិទ​ជិត​សាច់​នោះ​សុទ្ធតែ​ជា​ស្រី​ថោកទាប​ឬ ? ហើយ​ស្លៀក​ដូច​ស្រាត​របៀប​ពួក​នាង​ទើប​ថ្លៃថ្នូរ​មែន​ទេ ? ពេល​ឃើញ​សារ និង​ស្តាប់​សម្តី​នាង​ហើយ ទើប​ដឹង​ថា​នាង​ខុស​គេ គ្មាន​កេរ្តិ៍ខ្មាស ខ្វះ​ការ​រៀនសូត្រ មាន​ចំណះ​តិច​តែ​ល្បិច​ច្រើន និង​គ្មាន​ជំនាញ​សិល្បៈ​អ្វី​បន្តិច​សោះ និយាយ​ឲ្យ​ងាយ​យល់ គឺ​មិនមែន​ជាតា​រា ឬ​អ្នកសិល្បៈ​អ្វី​ទាំងអស់​មិនដឹង​ថា ពួក​នាង​ងើប​ពី​ភក់ជ្រាំ​ណា​មក​ទេ ។ ពាក្យ​សម្តី​ខ្វះ​សីលធម៌ ខ្វះ​ភាព​ទទួលខុសត្រូវ មិន​ហ៊ាន​ទទួលយក​ការណ៍​ពិត បែរជា​មក​ជេរ​ប្រមាថ​ទាំង​ក្តៅក្រហាយ​គ្មាន​មូលដ្ឋាន និង​ខំ​កកាយ​ខ្មោច​ស្លាប់​ជិត​១០​ឆ្នាំ​ហើយ​យក​មក​ផ្ចាញ់ផ្ចាល់ ទាំង​ដឹង​រឿង​មិន​ច្បាស់ មិនដឹង​អ្នក​ណា​លែង​អ្នក​ណា ប្រឹង​និយាយ​ខុស​ការណ៍​ពិត ចាក​ប្រធានបទ​ដែល​ទាំង​អស់នេះ​គ្រាន់តែ​ជា​ល្បិច​ឲ្យ​មហាជន​ភ្លេច​មើល​កំហុស​នាង និង​ដើម្បី​សម្រន់​ភាព​អាម៉ាស់​ថ្នាក់​ក្អួត​ឈាម​ដែល​ត្រូវ​មហាជន​កំពុង​ព្រួត​គ្នា​ស្តោះ​ទឹកមាត់​ដាក់​ចំ​កណ្តាល​មុខ​ពី​គ្រប់​ទិស​តែ​ប៉ុណ្ណោះ ។ តែ​មិន​ថ្វី​ពាក្យ​អសុរោះ​ទាំង​ប៉ុន្មាន​ដែល​នាង​ជេរ បង​ៗ​មិន​ទទួល​ទេ បង​សូម​ជូន​ឲ្យ​ពួក​នាង​ទាំងអស់ ហើយ​បង​ក៏​មិន​ខឹង​នឹង​នាង​ដូច​គ្នា តែ​បង​មាន​តែ​អាណិត និង​អនិច្ចា​នាង​ទៅ​វិញ ដែល​នាង​ខំ​លះបង់​បង្ហាញ​កេរ្តិ៍​អស់​ប៉ុណ្ណឹង​ហើយ បែរជា​ទទួល​បាន​លទ្ធផល​ត្រូវ​មហាជន​ស្អប់ខ្ពើម​យ៉ាង​អាម៉ាស់​ទៅ​វិញ ។ ដូច្នេះ​បង​ជូនពរ​នាង​សូម​ឲ្យ​បាន​ជួប​ជីវិត​ថ្លៃថ្នូរ​ជាង​ហ្នឹង​បន្តិច​ទៅ កុំ​ឲ្យ​គ្រាន់តែ​ចេញ​មុខ​មក​ភ្លាម​ត្រូវ​គេ​ខាកស្តោះ​ពេញ​ពិភពលោក​ដូច្នេះ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់ ។ សង្ឃឹមថា​ប្រុស​ស្នេហ៍​ឥត​ខាន់ស្លា​រាប់រយ​ពាន់​នាក់​ដែល​នាង​បាន​ជួប​កន្លង​មក និង​ទៅ​អនាគត​នឹង​មិន​ធ្វើបាប​វាយតប់​ទះ ទាត់​ធាក់ និង​មិន​លែង​ក្បាល​នាង​ចោល​ដោយសារ​តែ​ចរិត​ជា​ស្រី​អាស ជា​ស្រី​សោភិនី​របស់​នាង​ទៅ​ចុះ​អើយ ! » ។

ទន្ទឹម​នេះ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ស្នើ​ថា «​អ្នកសិល្បៈ​ត្រូវ​រួម​គ្នា​បោសសម្អាត បញ្ចប់​ភាព​កខ្វក់​ទាំងនោះ​ដើម្បី​ឲ្យ​មហាជន​មើលឃើញ និង​ចែក​ឲ្យ​ដាច់​មួយ​ណា​ជា​ផ្កា មួយ​ណា​ជាលា​មក ។ ភាព​ថោកទាប​បង្ក​ឡើង​ដោយ​ជន​ឆ្លៀតឱកាស​មួយ​ក្តាប់​តូច​នេះ ត្រូវ​បំបាត់​ឲ្យ​បាន ត្រូវ​រៀបចំផ្ទះ​យើង​ឡើង​វិញ ត្រូវ​ឲ្យ​មហាជន​មើលឃើញ​ពី​តម្លៃ​ថា​ពិភព​សិល្បៈ​ខ្មែរ​ពិតជា​ល្អ​ផូរផង់ ភ្លឺ​ថ្លា ចែងចាំង​ដូច​សម័យ​បុព្វ​កាល ។ អ្នកសិល្បៈ​ត្រូវ​ពោរពេញ​ដោយ​សមត្ថភាព​ពិតប្រាកដ និង​ត្រូវ​ឲ្យ​គេ​ដឹង​ថា ស្ថាប័ន​សិល្បៈ​ក៏​មាន​ក្រមសីលធម៌​ស្អាតស្អំ និង​បទបញ្ជាផ្ទៃក្នុង​ដូច​ស្ថាប័ន​ដទៃ​ដែរ ។ យើង​ត្រូវ​បង្កើន​ចំណេះដឹង​សិល្បៈ​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​មហាជន​ទស្សនិកជន »​។

មាន​អ្នកសិល្បៈ​មួយ​ចំនួន​មិន​ពេញចិត្ត​ដេ​នី ខ្វាន់ ដែរ ដែល​ប្រើ​ពាក្យ​សម្តី​មើលងាយ​អ្នកសិល្បៈ​រៀមច្បង ។ លោក​អឹុ​ម ជីវ៉ា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​វាយបក​ទៅ​ដេ​នី ខ្វាន់ និង​បងប្អូន​របស់​នាង​ថា «​អា​បិសាច​ឆ្អឹង​សញី​ឈ្មោល​! ធ្វើ​ខុស​ហើយ​មិន​ទទួល​ការណ៍​ពិត​ទៀត ដៀមដាម​គេ​រាល់គ្នា ។  ជេរ​គេ​ចាស់ទុំ ហើយ​មិន​ព្រម​ទទួលខុស​ទៀត នៅ​ហ៊ាន​មក​និយាយ​ថា​មិនដឹង​អី​ទៀត ! ហា​ឡើង​ដៀល​គេ​សុទ្ធតែ​ឆ្កែ​ទៀត ! សុទ្ធតែ «​ឆ្កែ​ខាំ​កុំ​ខាំ​ឆ្កែ​វិញ​»​។ បើ​មិន​បាន​ដៀមដាម​ថាឱ្យ​គេ​ពាក្យ​ឆ្កែ​ឆ្មា​ហ្នឹង ម៉េច​រន្ទះបាញ់​ងាប់​អី អញ​មិន​ចង់​ដៀល​ដល់​ពូជ​ទេ ព្រោះ​ប៉ះពាល់​ដល់​ចាស់ទុំ ។ ចាស់ទុំ​លោក​មិន​ចង់ឱ្យ​កូន​ទៅ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ណា​ឡើយ ចាស់​ៗ លោក​មិនដឹង​អី​ទេ រឿង ក្មេង​ៗ​គឺជា​រឿង​ដោយឡែក គេ​កែតម្រូវ​ឱ្យ​ពួក​អ្ហែង​ល្អ​តើ មាន​អ្នក​ណា​គេ​ច្រណែន​ទេ​... ! » ។

ចំណែក​តារាចម្រៀង​អ្នក​នាង​យុង ចាន់​កន្និកា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ក្នុង​នាម​ខ្ញុំ​ជា​អ្នកសិល្បៈ​មួយ​រូប​ខ្ញុំ​ស្រឡាញ់ និង​គាំទ្រ​បងស្រី​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ណាស់ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​មាន​មតិយោបល់​អ្វី​ដែរ ព្រោះ​ខ្ញុំ​មិន​ចង់​ដឹង​លឺ​ទេ គ្រាន់តែ​ឃើញ​ការ​ជេរ​ប្រមាថ​ទៅ​លើ​បង​ពេ​ជ្ជ​តា​ខ្លាំង​ជ្រុល ដែល​គ្រប់​រូប​គ្មាន​អ្នក​ណា​ចង់ឱ្យ​កើតឡើង​ទេ បើ​ទោះបី​គាត់​ធ្លាប់​ឆ្លងកាត់​រឿងអាស្រូវ ប៉ុន្តែ​បង​តែងតែ​ធ្វើ​ឱ្យ​គេ​ស្គាល់​ថា​បង​ជា​អ្នករក្សា​តម្លៃ​សិល្បៈ និង​លើកមុខ​មាត់​សិល្បៈ​ខ្មែរ​មិន​ថា​បុរាណ ឬ​សម័យ បង​គឺជា​រៀមច្បង​ម្នាក់​ដែល​តែងតែ​ផ្តល់​នូវ​ដំបូន្មាន​ល្អ​ដល់​ពួក​ខ្ញុំ អ្វី​ដែល​មិន​អាច​ប្រកែក​បាន គឺ​សំឡេង​ដ៏​ល្អរ​បស់បង និង​ចរិតរ​បស់បង រក្សា​បាន​នូវ​តម្លៃ​សិល្បៈ​ខ្មែរ​មិន​ឱ្យ​បាត់បង់ រឿង​អតីតកាល​អ្នក​ណា​ថា​មិន​មាន​នោះ ប៉ុន្តែ​រឿង​សំខាន់​គឺ​នៅ​តែ​មាន​អ្នកគាំទ្រ​បង​ច្រើន​ជាង​ស្អប់ » ៕