អ្នក​ជំនាញ​ណែនាំ​ពី​វិធី​ការពារ​ខ្លួន​ដើម្បី​ឲ្យ​ជៀស​ផុត​ពី​រន្ទះ

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លើក​ឡើង​ថា បាតុភូត​រន្ទះ​នៅ​តែ​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​មនុស្ស សត្វ នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ មន្ត្រី​ជំនាញ​យល់​ថា បញ្ហា​នេះ​បន្ត​កើត​ឡើង​ដោយសារ​ពលរដ្ឋ​នៅ​ខ្វះ​ការ​យល់​ដឹង​ពី​វិធី​ការពារ​ខ្លួន​ឯង​ពី​បាតុភូត​រន្ទះ។ មន្ត្រី​ជំនាញ​បាន​ណែនាំ​ពី​វិធី​មួយ​ចំនួន​ដល់​ពលរដ្ឋ​ដើម្បី​ការពារ​ខ្លួន​ឲ្យ​ជៀស​ផុត​ពី​រន្ទះ។

តើ​វិធី​ការពារ​ខ្លួន​ឲ្យ​ជៀស​ផុត​ពី​រន្ទះ​មាន​អ្វី​ខ្លះ?

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចាត់​ទុក​បាតុភូត​រន្ទះ គឺ​ជា​គ្រោះ​មហន្តរាយ​ដ៏​គ្រោះថ្នាក់ បន្ទាប់​ពី​គ្រោះ​រាំង​ស្ងួត និង​ខ្យល់​ព្យុះ។ ករណី​នេះ​ត្រូវ​បាន​នាយក​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា គិត​ចាប់​ពី​ខែ​មករា រហូត​មក​ដល់​សប្ដាហ៍​ទី​១ នៃ​ខែ​ឧសភា ឆ្នាំ​២០១៦ គ្រោះ​រន្ទះបាញ់​នៅ​ទូទាំង​ប្រទេស​បាន​សម្លាប់​មនុស្ស ១៥​នាក់ និង​របួស​ចំនួន ១៦​នាក់ ព្រមទាំង​ងាប់​គោ ក្របី ចំនួន ១២​ក្បាល។ លោក​ថា ចំនួន​នេះ​នៅ​តែ​ជា​ក្ដី​បារម្ភ​សម្រាប់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា រដូវវស្សា​កំពុងតែ​ខិត​មក​ដល់ ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​បាតុភូត​ធម្មជាតិ​នៃ​រន្ទះ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស សត្វ និង​សម្ភារៈ នៅ​តំបន់​ជនបទ។ ទន្ទឹម​គ្នា​នេះ លោក​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ជនបទ​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​ការពារ​រន្ទះ ប្រុងប្រយ័ត្ន​ក្នុង​ពេល​ភ្លៀង ជាពិសេស​កសិករ គប្បី​ចាក​ចេញ​ពី​វាល​ស្រែ​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ទឹក និង​កុំ​នៅ​ជ្រក​ក្រោម​ដើម​ឈើ​ខ្ពស់ៗ ដែល​ងាយ​រងគ្រោះ​ដោយ​បាតុភូត​រន្ទះ៖ «ប្រជាពលរដ្ឋ​ពេល​ដែល​ធ្វើការ​នៅ​តាម​ទី​វាល ឬ​នៅ​តាម​ប្រភព​ទឹក ពេល​ដែល​មាន​ភ្លៀង​ខ្យល់​កើត​ឡើង​អី​ហ្នឹង ត្រូវ​រួសរាន់​ត្រឡប់​មក​ផ្ទះ បិទ​ទូរស័ព្ទ​ឲ្យ​អស់ ប្រើ​វិទ្យុ​ក៏​ត្រូវ​បិទ កុំ​ឲ្យ​កាន់​របស់​អ្វី​ដែល​អាច​ចម្លង​អគ្គិសនី កុំ​ទៅ​ជ្រក​នៅ​ក្រោម​ដើម​ឈើ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ប្រមាណ​ចម្ងាយ​ពី ៣ ទៅ ៤​ម៉ែត្រ ពី​ក្រោម​ដើម​ឈើ ជៀសវាង​ការ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ពេល​ដែល​មាន​រន្ទះ»

​ទន្ទឹម​គ្នា​នេះ ខ្យល់​ព្យុះ​ក៏​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់ ៧​នាក់ និង​រង​របួស ៧១​នាក់។ ចំណែក​គ្រោះ​មហន្តរាយ​ដោយ​ខ្យល់​ព្យុះ​បាន​កើត​ឡើង​ចំនួន ៨៥​លើក​ក្នុង​រាជធានី-​ខេត្ត​ចំនួន​២០ ដែល​បង្ក​ឱ្យ​ផ្ទះ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន ៤៧៣​ខ្នង និង​ផ្ទះ​ខូចខាត​ជា​មធ្យម​ចំនួន ២.៤៣៣​ខ្នង​ផង​ដែរ។

បន្ថែម​ពី​នេះ​ទៀត អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ពន្យល់​ថា ខណៈ​កម្ពុជា បន្ត​ទទួល​រង​នូវ​បាតុភូត​អេលនីណូ (El Nino) ដែល​អាច​នឹង​បង្ក​ឲ្យ​រដូវ​វស្សា​មក​ដល់​យឺត ហើយ​ដើម​រដូវ​វស្សា​នឹង​មាន​ភ្លៀង​ធ្លាក់​តិច បញ្ហា​នេះ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ឡើង​ក្ដៅ​ខ្លាំង ហេតុនេះ​បាតុភូត​ផ្គរ​រន្ទះ​នឹង​កើត​ឡើង​ច្រើន៖ «បាតុភូត​រន្ទះ​ប៉ះពាល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្រិត​សីតុណ្ហភាព ព្រោះ​កាលណា​កម្រិត​សីតុណ្ហភាព​កាន់តែ​ក្ដៅ ទិសដៅ​របស់​ខ្យល់​មិន​ធ្វើ​ទិស​ដៅ​ត្រង់​ទេ បាន​ន័យ​ថា យើង​ឃើញ​នៅ​ក្នុង​រដូវ​ក្ដៅ យើង​ច្រើន​នៅ​ជនបទ​តែង​មាន​ខ្យល់​កួច ដើរ​មិន​ត្រង់​នោះ​ឡើយ ធ្វើ​ឲ្យ​វា​ប្រមូល​ផ្តុំ​នៅ​ចំហាយ​ទឹក និង​ពពក​ដែល​ផ្ទុក​នៅ​ចរន្ត​អគ្គិសនី​ខ្ពស់ ហេតុ​នេះ​នៅ​ពេល​ចំហាយ​ទឹក និង​ពពក​ដែល​ផ្ទុក​នៅ​ចរន្ត​អគ្គិសនី​ខ្ពស់​វា​នឹង​បង្ក​ក្លាយ​ជា​ភ្លៀង ពេល​នោះ​ហើយ​ឥទ្ធិពល​រន្ទះ ខ្យល់ព្យុះ ខ្យល់​កន្ទ្រាក់ នឹង​កើត​មាន​ច្រើន»

​លោក​បញ្ជាក់​ថា រន្ទះ​ឆ្លង​កាត់​ខ្លួន​មនុស្ស នៅ​ពេល​ដែល​មនុស្ស​ស្ថិត​នៅ​ក្នុង​ពេល​ភ្លៀង ឬ​មេឃ​អួអាប់​ខ្លាំង មនុស្ស​នោះ​មាន​អារម្មណ៍​ស្រៀវ ត្រជាក់​ក្នុង​ខ្លួន និង​ដៃជើង។ លោក​ពន្យល់​ថា ពេល​នោះ​ហើយ​រន្ទះ​កំពុង​ចម្លង​បន្ទុក​អគ្គិសនី​កាត់​តាម​ខ្លួន ហើយ​អ្នក​នោះ​ឯង​ស្ថិត​នៅ​ក្នុង​រង្វង់​ដែន​រន្ទះ​នឹង​បាញ់។

លោក​បន្ថែម​ថា វិធី​ការពារ​រន្ទះ​ដោយ​ខ្លួន​ឯង គឺ​នៅ​ពេល​មាន​ផ្លេកបន្ទោរ​ចាំង​មក​លើ​កន្លែង​យើង​កំពុង​នៅ​ក្នុង​នោះ ត្រូវ​រួសរាន់​ប្រញាប់​អង្គុយ​លុត​ជង្គង់​ចុះ​ភ្លាម ដាក់​ដង​ខ្លួន​បែប​ចំអើត​បន្តិច។ ពេល​អង្គុយ​នោះ ត្រូវ​យក​ចុង​ម្រាម​ជើង​ចុច​ដី ហើយ​យក​កែង​ជើង​ទាំង ២​ទល់​គ្នា ឯ​ដៃ​ខ្ទប់​ត្រចៀក។ ការ​អង្គុយ​ចុះ​បែប​នេះ គឺ​បញ្ចៀស​បន្ទុក​អគ្គិសនី​របស់​រន្ទះ​នោះ​មិន​ឲ្យ​ឆ្លង​កាត់​បេះដូង​មនុស្ស​បាន​ឡើយ៖ «បើ​យើង​ស្ថិត​នៅ​កណ្ដាលវាល សូម​ឲ្យ​បងប្អូន​អង្គុយ​ចុះ អង្គុយ​ចោងហោង បញ្ឈរ​ជង្គង់ រួច​យក​ដៃ​ទាំង​ពី​ទប់​ត្រចៀក។ យើង​ធ្វើ​បែប​នេះ​កុំ​ឲ្យ​ខ្លួន​យើង​ក្លាយ​ជា​ទិសដៅ​ចម្លង​អគ្គិសនី ព្រោះ​ថា រន្ទះ​គឺ​ជា​ការ​ចម្លង​ចរន្ត​អគ្គិសនី​ពី​ពពក មក​ផែនដី ហើយ​អ្វី​ដែល​នៅ​ទី​ខ្ពស់​ជាង​គេ​ជា​ទី​ដែល​ចាប់​អារម្មណ៍​របស់​រន្ទះ»

ព្រឹត្តិបត្រ​ផ្សព្វផ្សាយ​ស្ដីពី​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​រន្ទះ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឲ្យ​ដឹង​ដែរ​ថា នៅ​ប្រទេស​កម្ពុជា បាតុភូត​ផ្លេកបន្ទោរ ផ្គរ រន្ទះ តែង​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រដូវ​ក្ដៅ រដូវភ្លៀង​ធ្លាក់ ដែល​បាន​សម្លាប់ និង​ធ្វើ​ឱ្យ​របួស​មនុស្ស​ជា​ច្រើន​នាក់។

ព្រឹត្តិបត្រ​ផ្សព្វផ្សាយ​ស្ដីពី​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​រន្ទះ បាន​ណែនាំ​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ការពារ និង​កាត់​បន្ថយ​ការ​ជួប​គ្រោះថ្នាក់​នៃ​បាតុភូត​រន្ទះ គឺ មិន​ត្រូវ​នៅ​ទីវាល ត្រូវ​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​ឧបករណ៍​ទាំង​ឡាយ​ដែល​មាន​ជាតិ​ដែក និង​មិន​ត្រូវ​នៅ​ផ្គុំ​គ្នា​ច្រើន​ក្នុង​ទី​តែមួយ ខណៈ​មាន​ព្យុះភ្លៀង​នោះ​ឡើយ។ កសិករ​គប្បី​ចាក​ចេញ​ពី​វាលស្រែ​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ទឹក និង​កុំ​នៅ​ជ្រក​ក្រោម​ដើម​ឈើ​ខ្ពស់ៗ។ បើ​ដៃ​កាន់​របស់​មាន​ជាតិ​លោហៈ ឬ​ជាតិ​ដែក ដូចជា កាំបិត ពូថៅ ញញួរ ចបជីក ចបកាប់ កណ្ដៀវ ផ្តិល ធុង​ដែក ទរ​ត្រង​ទឹក កន្ត្រៃ ដៃ​កង់ ទ្វារ​ដែក បង្អួច​ដែក ចង្កូត​ឡាន​គ្មាន​កៅស៊ូ​ស្រោប​ពី​លើ​ជាដើម ត្រូវ​ទុក​វា​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្លួន ចម្ងាយ​ប្រមាណ ៦​ម៉ែត្រ។ សូម្បី​តែ​បើកបរ​គោយន្ត​ក៏​មិន​គួរ​ដែរ នៅ​ពេល​មេឃ​ភ្លៀង គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំង​នោះ ៦​ម៉ែត្រ​ដែរ។ នៅ​ពេល​មាន​រន្ទះ មនុស្ស​មិន​គួរ​នៅ​ផ្ដុំ​គ្នា​ទេ គួរ​អង្គុយ​ចុះ​គម្លាត​ពី​គ្នា ៥ ទៅ ៦​ម៉ែត្រ ព្រោះ​ទីកន្លែង និង​សម្ភារៈ​ទាំង​អស់​នេះ គឺ​សុទ្ធសាធ​ជា​ប្រភព​ទាក់ទាញ​ឆក់​ស្រូប​ចរន្តអគ្គិសនី​នៃ​រន្ទះ។ បើ​នៅ​ក្នុង​ផ្ទះ​វិញ មិន​គួរ​បើក​ទូរទស្សន៍ ប្រើ​ទូរស័ព្ទ​ដៃ បើក​ម៉ាញ៉េ​ជាដើម និង​រាល់​ឧបករណ៍​បច្ចេកវិជ្ជា​ដែល​ងាយ​ចម្លង​អគ្គិសនី​នៅ​ពេល​មេឃ​ភ្លៀង​នោះ​ទេ។

បន្ថែម​ពី​នេះ​ដែរ អ្នក​ជំនាញ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក៏​បញ្ជាក់​ដែរ​ថា ប្រសិនបើ​ត្រូវ​រន្ទះបាញ់ ឬ​បន្ទុក​អគ្គិសនី​រន្ទះ​បាន​ឆ្លង​កាត់​បេះដូង​ហើយ គឺ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ដោយ​គាំង​បេះ​ដូង។ ប៉ុន្តែ​គេ​អាច​ជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវ​រន្ទះបាញ់​បាន ដោយ​វិធី​ធ្វើ​ចលនា​បេះដូង ឬ​ប្រញាប់​ផ្ដល់​កម្ដៅ​ដល់​បុគ្គល​នោះ ដូចជា​យក​ក្រណាត់​គ្រប​លើ​ឲ្យ​មាន​កម្ដៅ​ខ្លួន​ឡើង​វិញ ឬ​អាច​ឆ្អើរភ្លើង​ជាដើម ពិសេស​ទៅ​ទៀត​គឺ​រហ័ស​បញ្ជូន​ជន​នោះ​ទៅ​កាន់​មន្ទីរពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។