តើ​ហេតុ​អ្វី​បានជា​បញ្ហា​គ្រឿងញៀន​នៅ​ត្រពាំង​ឈូក​មិន​អាច​ទប់ស្កាត់​បាន?

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៣ ឧសភា​នេះ កងកម្លាំង​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​បន្ត​ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​និង​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដោយ​ឃាត់ខ្លួន​មនុស្ស​១៤​នាក់ (​ស្រី​២​នាក់​) និង​រឹបអូស​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​បន្ថែម​ទៀត បន្ទាប់​ពី​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​សុក្រ​ដដែល​នេះ បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​១០​នាក់​(​ស្រី​ម្នាក់​) ។

ក្រុម​អ្នក​តាមដាន​សង្គម​បាន​លើក​ជា​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​តំបន់​ត្រពាំង​ឈូក​ខាងលើ​នេះ បញ្ហា​គ្រឿងញៀន​នៅ​តែ​មិន​អាច​ទប់ស្កាត់​បាន ព្រោះ​នា​ពេល​កន្លង​មក​គ្រាន់តែ​ចុះ​បង្ក្រាប​និង​ចាប់​មុខសញ្ញា​និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​នេះ អាច​និយាយ​បាន​ថា​មាន​រាប់រយ​លើក​និង​ឃាត់​មនុស្ស​រាប់រយ​នាក់​មក​ហើយ ហើយ​បើ​អ្នកកាសែត​វិញ​សឹងតែ​នឿយណាយ​លែង​ចង់​សរសេរ​ទៅ​ហើយ ព្រោះ​វា​កើតឡើង​ដដែល​ៗ ។

តើ​បញ្ហា​នេះ​កើតឡើង​ដដែល​ៗ​ដោយសារ​អ្វី ? សុំ​អ្នក​អាន​កោះសន្តិភាព​ជួយ​ឲ្យ​យោបល់​និង​គំនិត ដើម្បី​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា ៕