​ពាន U19 RSN ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ ទោះ​មាន​តែ​៤​ក្រុម​ចូល​រួម

ពាន​រង្វាន់​បាល់ទាត់​យុវជន RSN ​ក្រោម​អាយុ​១៩​ឆ្នាំ ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ទី​១៤ ​ខែ​ឧសភា​ឆ្នាំ​២០១៦​នេះ​ត​ទៅ​ហើយ ដោយ​មាន​យុវជន​​មក​ពី ៤​ក្រុម​ចូល​រួម​ប្រកួត​គឺ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន បឹង​កេត​អង្គរ ​ក្រសួង​ការពារ​ជាតិ ​និង​ព្រះ​ខ័ន​រាជ​ស្វាយ។

 

 

​ពាន U19 RSN ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ ទោះ​មាន​តែ​៤​ក្រុម​ចូល​រួមទិដ្ឋភាព​ធ្វើ​សន្និសីទ​ម្សិល​មិញ

 

ក្នុង​ឱកាស​បើក​កម្ម​វិធី​នេះ​ដែរ លោក Sam Schweingruber ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ត្បិត​តែ​នេះ​ជា​ឆ្នាំ​ទី​មួយ​នៃ​ការ​បង្កើត​ពាន U19 RSN ​នេះ​មែន ប៉ុន្តែ​មាន​ក្រុម​ខ្លាំង​ទាំង​៤​បាន​បញ្ជូន​កីឡាករ​យុវជន​របស់​ខ្លួន​ចូលរួម​ប្រកួត។ នេះ​ជា​សញ្ញា​មួយ​អាច​បញ្ជាក់​បាន​ថា​វិស័យ​បាល់ទាត់​កម្ពុជា​កំពុង​តែ​រីក​ចំរើន​ទៅ​មុខ ហើយ​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយ​ៗ ​នឹង​មាន​ក្លឹប​ជា​ច្រើន​នឹង​ចុះ​ឈ្មោះ​ចូល​ប្រកួត​ដែរ។

 

ទន្ទឹម​នឹង​នេះ​ដែរ លោក បែ មករា ​អ្នក​ចាត់ការ​ទូទៅ​ក្រុម​បឹង​កេត​អង្គរ​បាន​និយាយ​ដែរ​ថា​ក្រុម​យុវជន​របស់​បឹង​កេត​ទើប​តែ​បង្កើត​បាន​១​ឆ្នាំ​ទេ ប៉ុន្តែ​ពួកគេ​អាច​ចូល​លេង​ពាន​រង្វាន់ Hun Sen Cup 2016 ​បាន​យ៉ាង​ល្អ ដោយ​មិន​ឱ្យ​ក្រុម​ខ្លាំង​ៗ​ស៊ី​បាន​ងាយ​ស្រូល​ឡើយ។ ហេតុ​នេះ ​ការ​ចូល​លេង​ពាន RSN ​ថែម​ទៀត​គឺ​អាច​នឹង​ឱ្យ​ពួកគេ​បាន​បង្ហាញ​សមត្ថភាព និង​ខិតខំ​ហ្វឹកហាត់​ទ្វេរ​ដង​ ដើម្បី​អនាគត​កា្លយ​ជា​កីឡាករ​ល្អ​មួយ​រូប។

 

ពាន​រង្វាន់ U19 RSN ​នេះ​ដែរ ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​នេះ រហូត​ដល់​ទៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៦​ខាង​មុខ​នឹង​រក​ឃើញ​ជើង​ឯក​ហើយ ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន RSN ​តែ​មួយ​គត់​រៀងរាល់​ថ្ងៃ​សៅរ៍​និង​អាទិត្យ​វេលា​ម៉ោង​៨​ព្រឹក។ ដោយសារ​តែ​ជា​ការ​ប្រកួត​ដែល​មាន​ស្ដង់ដារ​មួយ ដូច្នេះ​ក្លឹប​ភ្នំពេញ​ក្រោន​រំពឹង​ថា​អ្នក​គាំទ្រ​ក្លឹប​ធំ​ទាំង​៤​នៅ​កម្ពុជា នឹង​ចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ។

 

បន្ថែម​ពី​លើ​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ ​ក្លឹប​ភ្នំពេញ​ក្រោន​ក៏​បាន​បង្កើត​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត​ដូចជា​ U15 ​ដែល​មាន​១០​ក្រុម​ចូល​រួម​ ​(ម្ខាង​៩​នាក់) ពាន​រង្វាន់​ U12 ​មាន​៤​ក្រុម​ចូល​រួម (​ម្ខាង​៦​នាក់) ​និង​ពាន​រង្វាន់​បាល់ទាត់​នារី​ដែល​មាន​៨​ក្រុម​ចូល​រួម (ម្ខាង​៦​នាក់)៕

 

អត្ថបទ៖ មុន្នី រម្យ