គណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍រឿង ប្រមូលស្នាមមេដៃ ១លាននាក់ ទាមទារឲ្យលោកកឹម សុខា លាលែងពីតំណែង 

ភ្នំពេញ:

កញ្ញា ធី សុវណ្ណថា សកម្មជនគណបក្សសង្គ្រោះជាតិ រួមទាំងតំណាងយុវជន និងនិស្សិត បានប្រកាសធ្វើយុទ្ធនាការប្រមូលស្នាមមេដៃចំនួន ១លាននាក់ ដើម្បីទាមទារឲ្យលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លាលែងពីតំណែង និងស្នើឲ្យគណបក្សសង្គ្រោះជាតិ ដកលោកកឹម សុខា ចេញពីតំណែង។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានសម្តែងការមិនចាប់អារម្មណ៍នោះទេ។
 ការប្រកាសធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ១លាននាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាស្តីពីតើលោកកឹម សុខា គួរលាលែងតំណែងរឺទេ? កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគាសាន់វ៉េ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយមួយចំនួនចូលរួមផងដែរ។
ថ្លែងនៅក្នុងកិច្ចពិភាក្សា កញ្ញា ធី សុវណ្ណថា បានប្រកាសថា ក្នុងនាមជាយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ នឹងបើកយុទ្ធនាការប្រមូលស្នាមមេដៃឲ្យបានគ្រប់ ១លាននាក់ ដើម្បីទាមទារឲ្យលោកកឹម សុខា លាលែងពីតំណែង និងស្នើគណបក្សសង្គ្រោះជាតិ ដកតំណែងលោកកឹម សុខា។ 
ទាក់ទងការធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ចំនួន១លាននាក់ ទាមទារឲ្យលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លាលែងពីតំណែងនេះ ត្រូវបានលោកប៉ុល ហំម មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកកាសែតថា ចំពោះការទាមទារនេះ គឺគណបក្សសង្គ្រោះជាតិ មិនមានការចាប់អាម្មរណ៍ទេ។ ដោយលោកបានបញ្ជាក់ថា នៅក្នុងលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ គឺមានតែសមាជទេ ដែលអាចដកប្រធាន និងអនុប្រធានគណបក្សបាន។
លោកប៉ុល ហំម បានលើកឡើងថា គណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍ទង្វើណា ដែលផ្ទុយពីលក្ខន្តិកៈគណបក្សសង្គ្រោះជាតិទេ។ សូម្បីសមាជិកគណបក្សក៏អត់មានចែងថា សមាជិកគណបក្សអាចមកផ្តិតមេដៃទម្លាក់ប្រធានបក្សបានទេ៕
គណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍រឿង ប្រមូលស្នាមមេដៃ ១លាននាក់ ទាមទារឲ្យលោកកឹម សុខា លាលែងពីតំណែង