ពលរដ្ឋ​នៅ​ស្ទឹងត្រែង​បារម្ភ​ពី​គ្រោះធម្មជាតិ​ក្រោយ​មនុស្ស​ស្លាប់​និង​របួស​ដោយសារ​រន្ទះបាញ់

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ភ័យ​ខ្លាច​គ្រោះធម្មជាតិ ផ្គរ​រន្ទះ និង​ខ្យល់​កន្ទ្រាក់ បន្ទាប់​ពី​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជា​បន្ត​បន្ទាប់​ដោយសារ​បាតុភូត​ធម្មជាតិ​នេះ។ ខ្យល់​កន្ទ្រាក់ និង​ផ្គរ​រន្ទះ​នៅ​ដើម​ខែ​វស្សា​នេះ កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ សត្វ​ចិញ្ចឹម និង​បំផ្លាញ​ផ្ទះសម្បែង។

ពលរដ្ឋ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​មធ្យោបាយ​អន្តរាគមន៍​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​ផ្គរ​រន្ទះ​នៅ​មូលដ្ឋាន​ដែល​ពួកគាត់​រស់​នៅ។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពលរដ្ឋ ២​នាក់ បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ និង​ ២​នាក់​ទៀត​រង​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា។

ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​ថា បុរស​ម្នាក់​​ស្លាប់​ដោយ​រន្ទះបាញ់​នៅ​ផ្ទះ និង​បុរស​ម្នាក់​ស្លាប់​ដោយសារ​រន្ទះបាញ់​ពេល​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ។ ចំណែក​ស្ត្រី​ម្នាក់​វ័យ ៣៩​ឆ្នាំ រង​របួស​ធ្ងន់​បាក់​ឆ្អឹង​ខ្នង​ដោយ​ផ្ទះ​រលំ​លើ​នៅ​ពេល​ខ្យល់​កន្ទ្រាក់។ លោក​បន្ត​ថា បម្រែបម្រួល​អាកាសធាតុ​នៅ​ឆ្នាំ​នេះ មិន​ត្រឹមតែ​ពលរដ្ឋ​បាត់បង់​ជីវិត ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវ​ខូចខាត និង​ដួល​រលំ​នោះ​ទេ បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ និង​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង​ក៏​កំពុង​គំរាមកំហែង​ជីវភាព​រស់​នៅ​អ្នក​ភូមិ​ដែរ។ លោក​ចាត់​ទុក​បាតុភូត​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ  គឺ​ជា​បាតុភូត​កាច​សាហាវ​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​ភូមិ​ពី​មុន​មក។

លោក អ៊ុក ម៉ៅ យល់​ថា ការ​ទន្ទ្រាន​ដី​ព្រៃ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ បង្ក​កើត​មាន​ការ​បម្រែបម្រួល​អាកាសធាតុ​ដ៏​អាក្រក់​នេះ៖ «កាល​ពី​ដើម​ឡើយ​មិន​ដែល​មាន​ទេ កាល​នោះ​ព្រៃ​ឈើ​វា​មាន​ច្រើន។ តាំង​ពី​អស់​ព្រៃ​ឈើ​មក អភូតហេតុ​កាន់​តែ​ប្លែកៗ​ច្រើន មាន​តាំង​ពី​ខ្យល់​ព្យុះ ខ្យល់​កន្ទ្រាក់ រន្ទះបាញ់។ បើ​រន្ទះ​បាញ់ បាញ់​ដើម​ឈើ វា​មិន​ដែល​បាញ់​មនុស្ស ឥឡូវ​អស់​ដើម​ឈើ​បាញ់ វា​បាញ់​មនុស្ស​ម្ដង»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខែត្រ​បាន​យក​ចិត្ត​ទុក​ដាក់​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​រន្ទះបាញ់ ខណៈ​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រមទាំង​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់។ លោក​បញ្ជាក់​ថា អាជ្ញាធរ​មិន​ទាន់​មាន​ផែនការ​ផ្ដល់​ប្រព័ន្ធ​ការពារ​រន្ទះ​នៅ​មូលដ្ឋាន​នោះ​ទេ ដោយសារ​តែ​វិសាលភាព​គ្រោះធម្មជាតិ​ទូលំទូលាយ។ តែ​យ៉ាង​ណា​លោក​ថា អាជ្ញាធរ​បាន​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ពេល​មាន​ករណី​ខ្យល់​កន្ទ្រាក់ ផ្គរ​រន្ទះ៖ «ការ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ហ្នឹង​ហើយ នៅ​ពេល​ដែល​មាន​ករណី​ផ្គរ​រន្ទះ ភ្លៀង​ខ្យល់​អី​ហ្នឹង គឺ​សុំ​ឲ្យ​គាត់​មាន​ការ​ប្រុងប្រយ័ត្ន»។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ឲ្យ​ដឹង​ថា កញ្ចប់​ថវិកា​គាំទ្រ​ប្រព័ន្ធ​ការពារ​រន្ទះ​នៅ​មាន​កម្រិត ដែល​ស្ថាប័ន​ជំនាញ​នៅ​មិន​ទាន់​ស្រាវជ្រាវ​ពី​ប្រភេទ​ឧបករណ៍​ណា​ដែល​ធានា​ថា អាច​ការពារ​រន្ទះ​បាន ឬ​យ៉ាង​ណា​ទេ​នៅ​តំបន់​ដាច់​ស្រយាល ដោយសារ​តែ​បាតុភូត​នោះ​ជា​បាតុភូត​ធម្មជាតិ។ តែ​យ៉ាង​ណា​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​មេឃ​រក​ភ្លៀង​ដូចជា កុំ​ប្រើ​ទូរស័ព្ទ និង​កុំ​ប្រើ​ឧបករណ៍​មាន​ជាតិ​ដែក មិន​ត្រូវ​ធ្វើការ​នៅ​ទីវាល​ពេល​មេឃ​ភ្លៀង៖ «យើង​ មិន​ទាន់​ដឹង​ថា ឧបករណ៍​អី​ដែល​អាច​ការពារ​រន្ទះ​ដល់​ពលរដ្ឋ​របស់​យើង​បាន​ទេ យើង​នៅ​គិត​ថា នៅ​ប្រទេស​ក្រៅៗ​ក៏​មាន​បញ្ហា​ច្រើន​ដែរ​រឿង​បញ្ហា​រន្ទះ​ហ្នឹង»

ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា បើ​រដ្ឋាភិបាល​ពុំ​មាន​កញ្ចប់​ថវិកា​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​រន្ទះ មាន​ន័យ​ថា រដ្ឋាភិបាល​មិន​ទាន់​ត្រៀម​ខ្លួន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ត្រៀម​បង្ការ​គ្រោះ​ធម្មជាតិ និង​បម្រែបម្រួល​អាកាសធាតុ​នោះ​ទេ។ លោក​រក​ឃើញ​ថា ឱកាស​នៃ​ការ​ប្រុងប្រយ័ត្ន​របស់​ពលរដ្ឋ​មាន​តិចតួច​ណាស់ ជាក់ស្ដែង​មាន​ពលរដ្ឋ​ខ្លះ​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ក្នុង​ផ្ទះ​ក៏​មាន​ដែរ។ លោក​ទទួល​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​បំពាក់​ប្រព័ន្ធ​ការពារ​រន្ទះ​នៅ​តំបន់​ដែល​ងាយ​រងគ្រោះ​ដូចជា​ទីប្រជុំជន និង​សាលារៀន​ជាដើម៖ «ខ្ញុំ​នៅ​តែ​ទទូច​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ការពារ​រន្ទះ។ ដាក់​ទៅ​តំបន់​ណា​ដែល​ងាយ​រង​គ្រោះ​យើង​ចាប់​ផ្តើម​មុន»

បាតុភូត​គ្រោះធម្មជាតិ​នៅ​ស្រុក​សៀមប៉ាង និង​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ជាង ៦០​ខ្នង ក្នុង​នោះ​ជាង ១០​ខ្នង​ដួល​រលំ (ស្រុក​សៀមប៉ាង ខូចខាត​ផ្ទះ ២៤​ខ្នង)។ ចំណែក​សត្វ​ពាហនៈ​អ្នក​ស្រុក​សៀមប៉ាង យ៉ាង​ហោច​ណាស់ ៣០០​ក្បាល​ងាប់​ដោយសារ​គ្រោះ​រាំង​ស្ងួត។

ដោយ​ឡែក​នៅ​ខែត្រ​ក្រចេះ ពលរដ្ឋ​រស់​នៅ​ស្រុក​ស្នួល និង​ស្រុក​សំបូរ ២​នាក់ បាន​ស្លាប់​ដោយ​រន្ទះបាញ់​កាល​ពី​ចុង​ខែ​មេសា ក្នុង​នោះ ពលរដ្ឋ​រស់​នៅ​ស្រុក​ស្នួល ម្នាក់​ក្នុង​ចំណោម ៦​នាក់​បាន​ស្លាប់​នៅ​ពេល​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រួសារ ហើយ​សមាជិក​គ្រួសារ ៥​នាក់​ទៀត​បាន​សន្លប់​ដោយសារ​រន្ទះ​បាញ់​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។