សាលាឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ពោធិ៍សាត់

សាលា​ឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​លើ​សំណុំ​រឿង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ក្រោម​បទ​ចោទ​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ មេធាវី និង​ជន​ជាប់​ចោទ​សង្ឃឹម​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅ​ឧទ្ធរណ៍ នឹង​ផ្ដល់​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​ពិត​ប្រាកដ មិន​ដូច​ការ​សម្រេច​នៅ​សាលា​ដំបូង​នោះ​ទេ។

ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី តំណាង​ពលរដ្ឋ​ដែល​ជា​ជន​ជាប់​ចោទ និង​មេធាវី ទន្ទឹង​រង់ចាំ​ការ​សម្រេច​របស់​ចៅក្រម បន្ទាប់​ពី​សវនាការ​ដេញដោល​ឡើង​វិញ​នៅ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា។

គ្រូ​បង្រៀន​ក្រីក្រ​ម្នាក់ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ក្រគរ គណបក្ស​សង្គ្រោះ​ជាតិ លោក សោម សារាវុត ថ្លែង​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ថា បើ​សាលដីកា​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍​អយុត្តិធម៌ ឬ​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ទុក​ជា​បាន​ការ ដែល​តម្រូវ​លោក​ជាប់​គុក ៥​ឆ្នាំ​វិញ​នោះ អ្នក​ភូមិ ២៥​នាក់ នឹង​ហែ​ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់៖ «»។

លោក សោម សារាវុត បញ្ជាក់​ថា អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​រំលោភ​យក​ដី​ទំហំ ៦៣​ហិកតារ របស់​អ្នកភូមិ​សន្សក្ដាម នៃ​ឃុំ​ស្នាអន្សា ចំនួន ២១​គ្រួសារ ទៅ​ធ្វើ​ជា​ព្រៃ​សហគមន៍។ ត្បិត​ដី​នេះ​គ្មាន​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​លោក និង​អ្នក​ភូមិ​បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ដូនតា​មក បែរ​ជា​នៅ​ឆ្នាំ​២០១៣ អាជ្ញាធរ​បាន​ប្ដឹង​រូប​លោក​ទៅ​តុលាការ​ដោយ​ចោទ​ថា លោក​បាន​កាប់​រាន​ដី​ព្រៃ​ទៅ​វិញ។

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ គឺ​អ្នកស្រី សន ស៊ូដាឡែន ថា​អ្នកស្រី​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​ដើម្បី​ប្ដឹង​ទៅ​កំពូល​ទៀត ក្នុង​ករណី​ដែល​សាលដីកា​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​អ្នកស្រី​ទៀត៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ចៅក្រម​នៃ​សាលាឧទ្ធរណ៍ និង​តំណាង​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ ដើម្បី​សុំ​ការ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។

យ៉ាង​ណា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ លោក ប៉ុល ចាន់ថា និង​មេឃុំ​ស្នាអន្សា លោក មោក កោ ដែល​ជា​តំណាង​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ធ្លាប់​បញ្ជាក់​ស្រដៀង​គ្នា​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ពិនិត្យ​គ្រប់​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ តែ​លោក សោម សារាវុត នៅ​តែ​មិន​ព្រម​ទទួល​យក​ការ​ដោះស្រាយ ​ហើយ​បាន​បំបែក​ចំនួន​គ្រួសារ​ពី ៦ ទៅ​ជា ២១​គ្រួសារ​ទៀត​ផង ដើម្បី​តវ៉ា​ទាមទារ​យក​ដី​សម្បូរ​ព្រៃ និង​បាន​កំណត់​ជា​ដី​ព្រៃ​សហគមន៍​កាល​ពី​ឆ្នាំ​២០១២ រួច​ទៅ​ហើយ​នោះ។

ប្រភព​ពី​ពលរដ្ឋ​នៅ​ឃុំ​ស្នាអន្សា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​បោះ​បង្គោល​ថ្ម​កំណត់​ព្រំប្រទល់​ដី​សហគមន៍ បណ្ដាល​ឲ្យ​ប៉ះពាល់​លើ​ដី​មាន​ប្លង់​រឹង​របស់​ពលរដ្ឋ​ពីរ​គ្រួសារ​ផ្សេង​ទៀត គឺ​ឈ្មោះ ទុយ មឿន និង កែវ រឹម ខណៈ​លោក សោម សារាវុត ដែល​ធ្លាប់​ជា​តំណាង​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​នៅ​តំបន់​អន្សក្ដាម នៃ​ឃុំ​ស្នាអន្សា នោះ​ជាប់​បណ្ដឹង​នៅ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។