មន្ទីរ​ឧស្សាហកម្ម គ្រោង​ដាក់​ជញ្ជីង​ផ្តល់​យុត្តិធម៌ នៅតាម​ផ្សារ​ក្នុង​រាជធានី​

​ភ្នំពេញ​៖ មន្ទី​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ជញ្ជីង​ផ្តល់​យុត្តិធម៌ នៅតាម​ផ្សារ​ទាំងអស់​ក្នុង​រាជធានី ដើម្បី​លុបបំបាត់​ការ​កេង​ប្រ​វ័ណ្ឌ​របស់​អ្នកលក់​។ នេះ​បើតាម​ទីភ្នាក់ងារ​សារពត៌មាន​ជាតិ AKP ។​

​ទីភ្នាក់ងារ​សារពត៌មាន AKP បាន​ស្រង់​សំដី លោក នេ​ត មុនី​ប៉ុណ្ណា​ការ ប្រធាន​មន្ទី​ឧស្សាហកម្ម​និង​សប្ប​កម្ម​រាជធានី​ភ្នំពេញ ដែល​លោក​មានប្រសាសន៍ថា មន្ទីរ​បាន​យក​ជញ្ជីង​ទៅ​វាស់​ស្ទង់ ដើម្បី​រក​ភាព​សុ​ក្រឹត្យ​រួចហើយ មុននឹង​ត្រូវដាក់​នៅតាម​ផ្សារ​។ លោក​បន្ថែមថា ជញ្ជីង​ទាំងនេះ​នឹងត្រូវ​គ្រប់គ្រង​ដោយ​គណៈកម្មការ​ផ្សារ​រួម ហើយ​ត្រូវ​ត្រួតពិនិត្យ​រៀងរាល់​៦​ខែម្តង​ពី​មន្ត្រី​មាត្រ​សាស្ត្រ​នៃ​មន្ទីរ​ឧស្សាហកម្ម​។​

​លោក នេ​ត មុនី​ប៉ុណ្ណា​ការ បញ្ជាក់ថា ការដាក់​ជញ្ជីង​យុត្តិធម៌​នៅតាម​ទីផ្សារ​នេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់​ចំពោះ​អាជីវករ​មួយចំនួន ដែល​លក់ដូរ ថ្លឹង​មិន​គ្រប់​គីឡូ​។

​តាម​គម្រោង មន្ទី​ឧស្សាហកម្ម​និង​សប្ប​កម្ម​រាជធានី​ភ្នំពេញ នឹង​សាកល្បង​ដាក់​ជញ្ជីង​ផ្តល់​យុត្តិធម៌​នៅ​ផ្សារ​ចំនួន​៣ ដែល​រួមមាន​ផ្សារ​ធំថ្មី ផ្សារកណ្តាល និង​ផ្សារ​ចាស់ ចាប់ពី​ខែក្រោយ​នេះ​ទៅ​។ តែ​ជំហាន​បន្ទាប់​ទៀត មន្ទី​នឹងដាក់​ឲ្យ​បាន​គ្រប់​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​៕