លោក Duterte គ្រោង​កែ​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ដើម្បី​បើកចំហរ​អ្នកវិនិយោគ​

​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន Rodrigo Duterte បានបង្ហាញ​ពី​គម្រោងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ទាក់ទង​នឹង​បទបញ្ញត្តិ​វិនិយោគ​ ដើម្បី​បើកចំហរ​ការវិនិយោគ ​មក​ហ្វីលីពីន​កាន់តែច្រើន​។ ​គម្រោង​នេះ លេចឡើង ​ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ នៃ​ការបង្ហាញ​លទ្ធផល​ថា ​លោក​អភិបាលក្រុង Duterte អាច​សង្គ្រោះ​តំណែង​ប្រធានាធិបតី​បាន​ហើយ​នោះ​។​

​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង Rodrigo Duterte ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ដកចេញ​ច្បាប់ ដែល​មានការ​រឹតបន្តឹង​ទៅលើ​វិនិយោគ​បរទេស ដែល​វា​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់លោក ​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ នេះ​ការអះអាង​របស់លោក Carlos Dominguez ជំនួយការ​ជាន់ខ្ពស់រ​បស់ លោក Rodrigo Duterte ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១២ ខែឧសភា​។​

​លោក Carlos Dominguez បាន​អះអាងថា រដ្ឋាភិបាល​ថ្មី នឹង​ធានា​ឲ្យ​បាន​នូវ​ការទាក់ទាញ​របស់​ហ្វី​លី​ពីន ​ទៅកាន់​ការវិនិយោគ​ដោយផ្ទាល់ ​តាមរយៈ​ការដកចេញ​លក្ខខណ្ឌ​រឹតត្បិត​សេដ្ឋកិច្ច​ ដែល​បាន​បញ្ញត្តិ​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរថា លោក Duterte នឹង​កែប្រែ​ការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេសឲ្យ​មាន​លក្ខណៈសាមញ្ញ​បំផុត ដូច​ទៅនឹង​អ្វីដែល​លោកបានធ្វើ​ នៅក្នុង​ក្រុង​ដា​វ៉ា​វ ដែល​ក្រុង​ដ៏​ធំ និង​រីកចម្រើន​មួយ​របស់​ហ្វីលីពីន​នោះ​។ 

​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្វី​លី​ពីន វិនិយោគ​បរទេស អាចមាន​ភាគហ៊ុន​នៅក្នុង​ការវិនិយោគ​នៅ​ហ្វីលីពីន​ត្រឹមតែ​៤០​ភាគរយ ប៉ុណ្ណោះ​។ ​ការសន្យា​កែប្រែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច ​គឺជា​គោលការណ៍​មួយ​ដែល​លោក​បាន​ប្រើប្រាស់​ ដើម្បី​ស្វែងរក​ការគាំទ្រ​មុនពេល​ថ្ងៃ​បោះឆ្នោត​សកល​ ដែល​ទើបតែ​ប្រព្រឹត្ត​នៅ​ថ្ងៃទី​០៩ ខែឧសភា​។ ​លោក Rodrigo Duterte បាន​សន្យាថា​កិច្ចការ​ចម្បង និង​អាទិភាព​ដែល​លោក ត្រូវធ្វើ​មុនគេ​នោះ​គឺ កាត់បន្ថយ​ភាពក្រីក្រ និង​បទល្មើស​។ លោកថា ភាពក្រីក្រ​នៅហ្វីលីពីន អាចកាត់បន្ថយបាន​ គឺហ្វីលីពីនត្រូវបន្ត​ឲ្យមានកំណើនសេដ្ឋកិច្ច​​ ​៧​ទៅ​ ៨​ភាគរយ ​លើសពីអ្វីដែល​រដ្ឋាភិបាល ​លោក ​អា​ហ្គី​ណូ​ បានធ្វើ​។​

​បើទោះបីជា​សេដ្ឋកិច្ច​ហ្វីលីពីន មាន​កំណើន​ចន្លោះ​ប្រមាណ​ជាង​៦​ភាគរយ​ក៏ដោយ មានការ​រិះគន់​មួយ ចំនួន​លើកឡើងថា កំណើន​នេះ​ត្រូវបាន​ទទួលផល​តែម​នុស្ស​មួយក្រុម ពោលគឺ​វា នៅតែមាន​ការបែងចែក​ឆ្ងាយ​រវាង​អ្នកមាន និង​អ្នកក្រ​។

សូមបញ្ជាក់ថា ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ដែល​នឹងប្រកាសឲ្យ​ចូលកាន់​តំណែង​ចុងខែ​មិថុនាខាងមុខនេះ គឺជាលោកRodrigo Duterte ​ ដែល​អភិបាលក្រុង​ដា​វ៉ា​វ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​នោះ៕