ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង នៅបរិវេណក្រុងអង្គរ បណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួន បាក់មែក បាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទ

ភ្នំពេញ:

អាជ្ញាធរអប្សរាបានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ដើមឈើដែលបានរលំក្នុងឧទ្យានអង្គរនាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
១.នៅបរិវេណប្រាសាទព្រះវិហារ៧ល្វែង មានដើមយាងមួយដើម បាក់រលំសង្កត់លើតូបដូនជីស្នាក់នៅ បណ្ដាលឲ្យខូច ខាតមួយចំនួន។
២.នៅបរិវេណចំណតមុខភ្នំបាខែង បាក់មែកយាងធំៗចំនួន៤មែក តែពុំបង្កឲ្យមានខូចខាតអ្វីទេ។
៣.លើភ្នំបាខែងជ្រុងខាងកើតឈាងខាងត្បូងប្រាសាទ រលំដើមកន្ទ្រៀកមួយដើម ទំហំមុខកាត់ប្រហែល០.៦០ម៉ែត្រ បណ្ដោយជាង១០ម៉ែត្ររលំលើគំនរថ្ម ចុងមែកបោកប៉ះចំបណ្ណាល័យប្រាសាទខ្លះៗតែពុំបណ្ដាលឲ្យខូចខាតទេ។
៤.នៅមុខផ្សារយាងធំ ខ្យល់បោកខ្លាំងចំតូបអ្នកលក់បណ្ដាលឲ្យរលំ និងប៉ើងដំបូលតូបអស់មួយចំនួន។ និងបាក់មែកយាងមួយមែកធំតែនៅទើដើមឈើនៅឡើយ។
៥.មុខកសិណខាងលិចឈាងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមសង្កែមួយដើមប្រវែងប្រហែល៧ម៉ែត្រ រលំកាត់ផ្លូវ។ ក្រោយភ្លៀង និងខ្យល់បានស្ងប់បន្តិចដើមឈើនោះ ត្រូវបានក្រុមអភិរក្សព្រៃរបស់អាជ្ញាធរជាតិអប្សរាកាប់សម្អាតយកចេញបានរួចរាល់ហើយ។
៦.មាត់កសិណជ្រុងខាងលិចឈាងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមយាងពីរដើម រលំសង្កត់លើថ្មកសិណតែពុំបណ្ដាលឲ្យមានការខូចខាតទេ។
៧.ជ្រុងខាងត្បូងឈាងខាងលិចនៃខឿនប្រាសាទអង្គរវត្ត ដើមត្នោតមួយដើមបានបាក់មួយកំណាត់តែពុំបណ្ដាល ឲ្យមានការខូចខាតថ្មប្រាសាទទេ។
៨.ទីតាំងជាប់កំពែងខាងកើតប្រាសាទអង្គរវត្ត រលំដើមក្រឡាញ់មួយដើម មុខកាត់ប្រហែល ០.៥០ម៉ែត្រ បណ្ដោយប្រហែល១២ម៉ែត្រ ពុំបណ្ដាលឲ្យខូចខាតថ្មប្រាសាទទេ។
៩.កំពែងខាងជើងប្រាសាទអង្គរវត្ត ដើមស្នួលមួយដើមទំហំមុខកាត់ប្រហែល ១ម៉ែត្រ និងបណ្ដោយប្រហែល២០ម៉ែត្រ បានរលំគងលើកំពែងតែពុំបណ្ដាល ឲ្យមានការខូចខាតទេ។
១០.តាមបណ្ដោយផ្លូវក្រួសក្រហមខាងកើតប្រាសាទអង្គរវត្ត បាក់ដើមយាងមួយដើម មុខកាត់ប្រហែល ០.៨០ម៉ែត្រ បណ្ដោយប្រហែល១៥ម៉ែត្រ សង្កត់ចំស្នាក់ការនគរបាលការពារបេតិកភណ្ឌបណ្ដាលឲ្យខូចខាតមួយចំនួន។
១១.បរិវេណខាងជើងអង្គភាពនគរបាលការពារបេតិកភណ្ឌមុខប្រាសាទអង្គរវត្ត រលំផ្ទាំងព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ត្រង់ម្ដុំបរិវេណចំណតបណ្ដោះ អាសន្ន។
១២.នៅក្នុងបរិវេណព្រៃក្រៅពីទីតាំងប្រាសាទក៏មានដើមឈើមួយចំនួនបានបាក់ដែរតែយើងកំពុងសរុបទិន្នន័យជាងបន្តបន្ទាប់ទៀត។
ក្រោយហេតុការណ៍ភ្លៀង និងខ្យល់បានស្ងប់បន្តិច ភ្នាក់ងារអភិរក្សព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា ក៏បានធ្វើអន្តរាគមន៍ជាបន្ទាន់ កាប់លះយកចេញនូវដើមឈើដែលរលំកាត់ផ្លូវ ដើម្បីសម្រួលចរាចរណ៍ជាបន្ទាន់ និងដើមឈើដែលរលំសង្កត់ប្រាសាទមួយចំនួនទៀត យើងក៏បានកាប់លះមែក ដើម្បីសម្រាលទម្ងន់កុំឲ្យប៉ះពាល់ប្រាង្គប្រាសាទដែរ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ ពុំបណ្ដាល ឲ្យមានការខូចខាតដល់ប្រាង្គប្រាសាទទេ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងបំពេញការងារយ៉ាងសកម្ម និងបន្តទៅថ្ងៃស្អែកទៀត។
ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង នៅបរិវេណក្រុងអង្គរ បណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួន បាក់មែក បាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទ

ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង នៅបរិវេណក្រុងអង្គរ បណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួន បាក់មែក បាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទ

ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង នៅបរិវេណក្រុងអង្គរ បណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួន បាក់មែក បាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទ