អេ​ស៊ី​ស (Axis) សហការ​ជាមួយ​ហ្វី​លី​ព​និង​មេ​នូ​ឡាយ​ហ្វ៍ ជំរុញ​ការ​លក់​គម្រោង​ខុន​ដូ​របស់ខ្លួន

អេ​ស៊ី​ស (Axis) សហការ​ជាមួយ​ហ្វី​លី​ព​និង​មេ​នូ​ឡាយ​ហ្វ៍ ជំរុញ​ការ​លក់​គម្រោង​ខុន​ដូ​របស់ខ្លួន



ភ្នំពេញ ៖ គម្រោង​ខុន​ដូ​នៅ​ជាយក្រុង​មួយ​នៃ​រាជធានី​ភ្នំពេញ AXIS បាន​សហការ​ជាមួយ​ធនាគារ​ហ្វី​លី​ព និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដើម្បី​ជំរុញ​ការ​លក់​គម្រោង​ខុន​ដូ ឲ្យ​បាន​ឆាប់រហ័ស​ជូន​អតិថិជន​ព្រោះថា គម្រោង​នឹង​មាន​ទីប្រឹក្សា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ធានារ៉ាប់រង ដែល​អាច​ឲ្យ​អតិថិជន​ស្វែងរក​ទុន និង​ការធានា​ណាមួយ​រាល់ពេល​មាន​ហានិភ័យ។

លោក Anthony Ong នាយក​គ្រប់គ្រង​ក្រុមហ៊ុន Spring CJW Development ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ Axis បាន​ឲ្យដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​វិនិយោគ​លើ​គម្រោង​ខុន​ដូ Axis Residence មាន​សារប្រយោជន៍​ចំពោះ​អ្នក​វិនិយោគ ដោយសារតែ​គម្រោង​ខុន​ដូ​នេះ​ស្ថិតនៅ​ទីតាំង​មួយ​ដែល នៅ​ជិត​ព្រលានយន្តហោះ មាន​សាលារៀន​អន្តរជាតិ​ល្បីៗ និង​ជិត​ផ្សារ​ទំនើប និង​នៅ​មិន​ឆ្ងាយ​ពី​មន្ទីរពេទ្យ​ផងដែរ។

លោក​និយាយ​ថា “​ខ្ញុំ​នឹង​យក​ការរស់នៅ​បែប​ទំនើប ដូចជា នៅ​ប្រទេស​សាំង​ហ្កា​ពួរ មក​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ឲ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា មាន​លក្ខណៈ​ទំនើប និង​ស៊ីវិល័យ​ដូច​ប្រទេស​រីកចម្រើន​ដែរ​។ គម្រោង​ខុន​ដូ​Axis បាន​គិតគូរ​បញ្ហា​ចំបងៗ​មួយ​ចំនួន​សម្រាប់​អ្នក​ស្នាក់​នៅ​ទីនោះ ដោយ​មិនមែន​ត្រឹមតែ​សាងសង់​ហើយ​លក់​ជូន​អតិថិជន​នោះទេ ព្រោះថា Axis បាន​គិត​គូរ​ជា​ចំបង​នោះ គឺ​ការ​ដោះស្រាយ​បញ្ហា​ចំណត​យានយន្ត ខណៈ​បញ្ហា​ចំណត​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ដូចនេះហើយ​ដើម្បី​ឲ្យ​អតិថិជន ងាយស្រួល​ចេញចូល Axis បាន​សាងសង់​ចំណត​ធំ​ទូលាយ និង​មាន​ច្រើន​ជាន់។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​គម្រោង​ខុន​ដូ​នេះ ក៏​មាន​អាង​ហែល​ទឹក​កន្លែង​ហាត់ប្រាណ ដោយ​អ្នក​ស្នាក់​នៅ មិន​ចាំ​បាច់​ធ្វើដំណើរ​ទៅរក​សេវា​ហាត់ប្រាណ​ខាងក្រៅ​ឡើយ។

តំណាង​ធនាគារ​ហ្វី​លី​ព​របស់​ប្រទេស​សាំង​ហ្កា​ពួរ​បាន​ឲ្យ​ដឹង​ថា ធនាគារ​ហ្វី​លី​ព​នឹង​រង់ចាំ​ផ្តល់​ប្រឹក្សា​និង​រក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដល់​អតិថិជន ប្រសិន​អតិថិជន​ត្រូវការ​ជាវ ឬ​វិនិយោគ​លើ​គម្រោង​ខុន​ដូ Axis។ ហ្វី​លី​ព​ប៊ែ​ង មាន​បទពិសោធន៍​យូរ​មក​ហើយ លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​បណ្ដា​ប្រទេស​ជាច្រើន ដូចនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហ្វី​លី​ព​នឹង​អាច​ផ្ដល់នូវ​អ្វី​ដែល​ប្រជាជន​កម្ពុជា​ត្រូវការ​សម្រាប់​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ។

លោក ចាន់ រដ្ឋា នាយក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មេ​នូ​ឡាយ​ហ្វ៍​បាន​លើក​ឡើង​ដែរ​ថា រយៈពេល​៤​ឆ្នាំ នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មេ​នូ​ឡាយ​ហ្វ៍ បាន​វិនិយោគ​អស់​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ការវិនិយោគ​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​ហ៊ុនមេ​នូ​ឡាយ​ហ្វ៍។

លោក​និយាយ​ទៀត​ថា ក្នុង​១​ឆ្នាំៗ មេ​នូ​ឡាយ​ហ្វ៍​ទូទាំង​ពិភពលោក បាន​ផ្ដល់​ប្រាក់​សំណង​ប្រមាណ​ជាង​២០​កោដិ​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​កម្ពុជា​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​យើង​ផ្ដល់​ជូន​អតិថិជន​ជា​បន្តបន្ទាប់​ដែរ ជាក់ស្ដែង​កាលពីដើម​ខែមេសា ឆ្នាំ​២០១៦ មេ​នូ​ឡាយ​ហ្វ៍​បាន​ផ្ដល់​ប្រាក់​សំណង​ជូន​គ្រួសារ​អតិថិជន​ដែល​បាត់បង់​អាយុជីវិត ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៦០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ដោះស្រាយ​ហិរញ្ញវត្ថុ​គ្រួសារ​។

ដោយ​ក្នុង​នោះ​យើង​បាន​ដឹង​ថា អ្នក​ដែល​ស្លាប់​បាន​ជំពាក់​លុយ​ធនាគារ​រាប់ម៉ឺន​ដុល្លារ ដូចនេះ​ប្រាក់​សំណង​ដែល​យើង​ផ្ដល់​ឲ្យ​នោះ នឹង​ចាត់ចែង​បំណុល​សម្រាប់​ជនរងគ្រោះ​បាន និង​សល់​សម្រាប់​ប្រកបរបរ និង​សម្រាប់​ផ្គត់ផ្គង់​កូនៗ​សិក្សា​ផងដែរ៕