ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពេល​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​២​នាក់ បាន​ចេញ​ធ្វើ​សកម្មភាព កាច់​សោក​ម៉ូតូ​ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ផង ត្រូវ​ជួប​កម្លាំង​នគរបាល ខណ្ឌដង្កោ​កំពុង​ល្បាត មានការ​សង្ស័យ ក៏​បាន​ចាប់ខ្លួន​សួរនាំ ហើយ​ពួក​គេ​បាន​សារភាព​ថា ពិតជា​បាន​ចេញ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​មែន ។ មិនតែប៉ុណ្ណោះ​បាន​ចង្អុលបង្ហាញ ពី​ទីតាំង ដែល​បក្ខពួក​លាក់ខ្លួន ហើយ​នគរបាល​ក៏​បាន​បន្ត​ទៅ​ឃាត់ខ្លួន​បក្ខពួក បាន​ចំនួន​៣​នាក់​ទៀត​ផង​ដែរ​។

ការ​ឃាត់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវត្រង់​ចំណុច ផ្លូវ​បេតុង​ក្បែរ​របង​សាលា​កសិកម្ម​ចំការ​ដូង ស្ថិត​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន បាន​២​នាក់​ដំបូង​នោះ ម្នាក់​ឈ្មោះ ពៅ សុភាព អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត ឈ្មោះ រ៉​ន ម៉េ​ង​ឡុ​ង អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ដែល​ភ្លាម​ៗ​នោះ​កម្លាំង​ដកហូត​បាន វត្ថុ​តាង គឺ​ឧ​បករ​ណ៏​សម្រាប់​កាច់​សោក​១ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​ចាប់ខ្លួន កម្លាំង​នគរបាល​ខណ្ឌដង្កោ ក្រោម​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​លោក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស នៅ​ក្នុង​មូលដ្ឋាន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច ក្បែរ​សាលា​កសិកម្ម​ចំការ​ដូង ស្ថិត​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ។​បាន​ប្រទះ​ឃើញ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ស្ថិត​នៅ​តាម​ផ្លូវ​នោះ​គួរ​ឲ្យ​មានការ​សង្ស័យ ។ ខណៈនោះ​កម្លាំង​ក៏​បាន​ឃាត់ ធ្វើការ​ត្រួតពិនិត្យ រក​ឃើញ​ឧ​បករ​ណ៏ កាច់​សោក​ម៉ូតូ​ក៏​បាន​ចាប់ខ្លួន នាំ​យក​ទៅ​សាកសួរ​ភ្លាម​ៗ​តែ​ម្ដង ហើយ​ពេល​នោះ​ជនសង្ស័យ បាន​សារភាព​ប្រាប់​ថា​ពួក​គេ មាន​បក្ខពួក​ចំនួន​៣​នាក់​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ចម្លើយ សារភាព​នោះ​ហើយ នៅ​វេលា​ម៉ោង​ប្រហែល ៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នោះ លោក​អធិការ​បាន​ដឹកនាំ​កម្លាំង ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ដែល ជា​បក្ខពួក ចំនួន​៣​នាក់​ទៀត ដែល​មាន​១,​ឈ្មោះ យ៉​ន សុភាព ហៅ​ង៉ុ​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ២,​ឈ្មោះ ហួត សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ៣,​ឈ្មោះ ស សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា កម្លាំង​បាន​ដកហូត​បាន វត្ថុ​តាង​មួយ​ចំនួន​មាន ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ អាល់​ហ្វា ពណ៌​ស្លាបកំភេម​១​គ្រឿង មាន​លេខ​តួ RLHHC-09047 Y35 0627​មាន​លេខ​ម៉ាស៊ីន HC09E-5450760​ចំនួន​០១, ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ​ពណ៌ ក្រហម​គ្មាន​ស្លាក​លេខ​១​គ្រឿង , ម៉ាស៊ីនបូមទឹក​ចំនួន​១​គ្រឿង​, ហើយ​ការ​ឃាត់ខ្លួន​នោះ ធ្វើ​ឡើង​នៅ​ត្រង់​ចំណុច ផ្ទះ​ជួល​ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕