បន្ត​ឃាត់ខ្លួន​ព្រះសង្ឃ​១​អង្គ និង​កូនសិស្ស​៣​នាក់​បន្ថែម​ទៀត​ពាក់ព័ន្ធ​គ្រឿងញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នគរបាល​ក្រុង និង​អាជ្ញារ​ធរ​មូលដ្ឋាន រួម​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា បាន​បន្ត​ធ្វើការ​ឃាត់ខ្លួន​ព្រះសង្ឃ​មួយ​អង្គ និង​កូនសិស្ស ៣​នាក់​ទៀត​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​ដែល​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន កាលពី​ពេល​កន្លង​ទៅ ។ ការ​ចុះ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​វត្ត​មុនី​សាលា​ហៅ វត្ត​ឡ ស្ថិត​ក្នុងភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

ពាក់​ព​ន្ធ័​និង​ករណី​នេះ​លោក កាន កេ​ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ឈ្មោះ ខុន វណ្ណ​ឌី ហៅ​ម៊ុ​ក អាយុ​១៦​វស្សា គង់នៅ​វត្ត​ឡ និង​កូនសិស្ស​៣​នាក់​មាន ១.​ឈ្មោះ ពុត ចាន់ អាយុ​២៥​ឆ្នាំ ២.​ឈ្មោះ សូរ ចំរើន អាយុ​១៧​ឆ្នាំ និង ៣.​ឈ្មោះ ជុំ សា​រិ​ទ្ធ អាយុ​១៧​ឆ្នាំ អ្នក​ទាំង​៣​ស្នាក់​ក្នុង​វត្ត​ឡ​ក្នុងភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

ប្រភព​ព័​ត៌​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​ជា​លទ្ធផល​គឺ​វិជ្ជមាន​ទាំងអស់ ដោយ​សមត្ថកិច្ច​បាន​ប្រគល់​ព្រះសង្ឃ​មួយ​អង្គ​ទៅ​ឲ្យ​គណៈកម្មការ​ផ្សឹក ហើយ​ទើប​នាំ​ខ្លួន​មក​កាន់​ស្នងការ​ខេត្តស្វាយរៀង ។ បច្ចុប្បន្ន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​កសាង​សំនុំរឿង​ជនសង្ស័យ​ទាំង​៤​នាក់​ចាត់ការ​តាម​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​១០ នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សហ​ការណ៍​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​សំបួរ ចុះ​បង្ក្រាប និង​ចាប់​ឃាត់​មុខសញ្ញា​ជួញដូរ​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ចំនួន ០៥​អង្គ​/​នាក់ នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ស្ថិត​ក្នុងភូមិ​ព្រៃ​សម្ព័រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ដែល​ទី​១.​ឈ្មោះ រ៉ាត់ ទូច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជាប់ចោទ​ពី​បទ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៤​កញ្ចប់​តូច និង​សម្ភារ​ប្រើប្រាស់ គ្រឿងញៀន​មួយ​ចំនួន  ទី​២.​ព្រះ​នាម ខឹ​ម ឌី ព្រះ​ជន្ម ១៧​ព្រះ​វស្សា  ទី​៣, ព្រះ​នាម នូ សា​វិ ព្រះ​ជន្ម ១៧ ព្រះ​វស្សា ទី​៤,​ព្រះ​នាម អ៊ុំ ភា​រំ ព្រះ​ជន្ម ១៥ ព្រះ​វស្សា និង​ទី​៥,​ព្រះ​នាម ពៅ ស្វាយ ព្រះ​ជន្ម​១៤ ព្រះ​វស្សា ដែល​ព្រះសង្ឃ​ទាំង​បួន​អង្គ​នេះ គឺ​ពាក់ព័ន្ធ​និង​ការ​ឆាន់​គ្រឿងញៀន ។ សរុប​មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សរុប​ចំនួន​៩​អង្គ​/​នាក់ ៕