បាក់​ដើមឈើ​ច្រើនដើម​ក្នុង​តំបន់​អង្គរ​តែ​មិន​ប៉ះពាល់​ដល់​ប្រាសាទ​ឡើយ

សៀមរាប៖ ដើមឈើ​តូចធំ​ប្រមាណ១០ដើម ខ្លះ​បាក់មែក ខ្លះ​ដួលរលំ នៅក្នុង​បរិវេណ​តំបន់​អង្គរ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី១៣ ឧសភា​នេះ គឺ​អំឡុងពេល​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ខ្យល់​បក់។

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទើបនឹង​ចេញផ្សាយ​ប៉ុន្មាន​នាទី​មុននេះ បាន​បញ្ជាក់ថា មាន​ដើមឈើ​តូចធំ​ច្រើន​ដើម ដែល​អាជ្ញាធរ​អះអាងថា បាន​ដួលរលំ និង​ខ្លះ​បាន​បាក់មែក ក្នុង​តំបន់​ប្រាសាទបុរាណ។ អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា ភ្លៀង​ធ្លាក់ លាយឡំ​ខ្យល់​បោក​ខ្លាំង​នៅ​បរិវេណ​ក្រុង​អង្គរធំ មក​ប្រាសាទអង្គរវត្ត នៅវេលា​ម៉ោង ៣និង៥នាទី បណ្តាល​ឲ្យ​បាក់​មែកឈើ និង​ខ្លះទៀត​ដួលរលំ​មកលើ​ផ្លូវ នៅ​ទីតាំង​តំបន់​ប្រាសាទ​មួយចំនួន។

ចំណុច​ប្រាសាទ​ចំនួន​ជាង១០កន្លែង ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​របាយការណ៍ ថា​មាន​ដើមឈើ​បាក់មែក និង​ខ្លះ​បាន​ដួល​សង្កត់​ផង។ ក្នុងនោះ​មាននៅ​បរិវេណ​ប្រាសាទព្រះវិហារ៧ល្វែង នៅ​បរិវេណ​ចំណត​មុខ​ភ្នំ​បាខែង បាក់មែក​យាងធំៗចំនួន៤មែក តែ​ពុំ​បង្ក​ឲ្យ​មាន​ខូចខាត​អ្វី​ទេ។ ហេតុការណ៍​ក៏បាន​កើតឡើង​នៅលើ​ភ្នំ​បាខែង​ជ្រុង​ខាងកើត​ឈាង​ខាងត្បូង​ប្រាសាទ ដែល​បណ្តាល​ឲ្យ​ដើម​ក​ន្ទ្រៀ​កមួយ​ដើម ទំហំ​មុខកាត់​ប្រហែល០.៦០ម៉ែត្រ បណ្ដោយ​ជាង១០ម៉ែត្រ​រលំ​លើ​គំនរ​ថ្ម ចុង​មែក​បោក​ប៉ះចំ​បណ្ណាល័យ​ប្រាសាទខ្លះៗតែ​ពុំ​បណ្ដាល​ឲ្យ​ខូចខាត​ទេ។

តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ដដែល បង្ហាញថា​ភ្លៀង​មួយ​មេ​នៅ​រសៀល​នេះ ក៏បាន​ធ្វើ​ឲ្យ​ដួលរលំ​តូប​លក់ដូរ​នៅមុខ​ផ្សា​រយាង​ធំ​ផងដែរ ហើយ​នៅមុខ​កសិណ​ខាងលិច​ឈាង​ខាងជើង​ប្រាសាទ​អង្គរ​នោះ​វិញ ក៏មាន​បាក់​ដើម​សង្កែ​មួយ​ដើម​ដែរ។ ទីតាំងផ្សេងៗទៀត មាននៅ មាត់​កសិណ​ជ្រុង​ខាងលិច​ឈាង​ខាងជើង​ប្រាសាទ​អង្គរ ជ្រុង​ខាងត្បូង​ឈាង​ខាងលិច​នៃ​ខឿន​ប្រាសាទអង្គរវត្ត បាក់​ដើមត្នោត​មួយ​ដើម កំពែង​ខាងកើត​ប្រាសាទអង្គរវត្ត រលំ​ដើម​ក្រឡាញ់​មួយ​ដើម កំពែង​ខាងជើង​ប្រាសាទអង្គរវត្ត ដើម​ស្នួល​មួយ​ដើម​ទំហំ​មុខកាត់​ប្រហែល ១ម៉ែត្រ និង​បណ្ដោយ​ប្រហែល២០ម៉ែត្រ។ល។ ហើយ​ក្នុងនោះ​ក៏មាន​ការបាក់​ផ្ទាំង​បា​ណូ​មួយ​ផងដែរ។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា ហេតុការណ៍​នេះ​ពុំ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទបុរាណ​ឡើយ៕