Rousseff ថា ការ​ព្យូ​រ​តំណែង​លោកស្រី​ជា រដ្ឋប្រហារ​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​

​ក្រោយ​ព្រឹទ្ធសភា​បោះឆ្នោត​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​រំលោភច្បាប់​ថវិកា​ជាតិ និង​ដកហូត​តំណែង​បណ្តោះអាសន្ន លោកស្រី Dilma Rousseff  ថា វា​ជា​«​រដ្ឋប្រហារ​»​ក្នុងសង្គម​ប្រជាធិបតេយ្យ ហើយ​ចាត់ទុក​ខ្លួនឯង​ជា «​ជនរងគ្រោះ​នៃ​អំពើ​អយុត្តិធម៌​ដ៏​ធំធេង​»   ។ ការ​ព្យូ​រ​តំណែង​នេះ​មាន​រយៈពេល​យូរ​បំផុត ៦​ខែ ទម្រាំ​មានការ​បោះឆ្នោត​សម្រេច​ចុងក្រោយ​ដោយ​សំឡេង​ពីរភាគបី​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។

«​ការដកតំណែង ខ្ញុំ​វា​ជា​រដ្ឋប្រហារ​» ហើយ «​ខ្ញុំ​ជា​ជនរងគ្រោះ​នៃ​អំពើ​អយុត្តិធម៌​ដ៏​ធំធេង​»​។ នេះ​ជា​ពាក្យសម្តី​របស់លោក​ស្រី  Dilma Rousseff  ដែល​ថ្លែងប្រាប់​អ្នកសារព័ត៌មាន និង​បណ្តា​អ្នកគាំទ្រ​លោកស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្រោយ​ពេលដែល​ព្រឹទ្ធសភា​សម្រេច​បោះឆ្នោត​ព្យួរ​តំណែង​លោកស្រី​បណ្តោះអាសន្ន​។ 

​ប្រធានាធិបតី​ស្រី្ត​ប្រេ​ស៊ី​ល​ដំបូង​គេ​នេះ​ចាត់ទុក​រាល់​ទង្វើ​របស់​សភា​ប្រេ​ស៊ី​ល​ថា ជាការ​រំលោភ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ផងដែរ​។ លោកស្រី​ពន្យល់ថា ការព្យួរ​តំណែង​លោកស្រី​បណ្តោះអាសន្ន​នេះ វា​មិន​ខុសពី​រដ្ឋប្រហារ​ឡើយ ព្រោះ​លោកស្រី​ជា​ប្រធានាធិបតី​ដែល​ឡើងកាន់តំណែង​ដោយ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ពេញលេញ​។

​យោងតាម​នីតិវិធី​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ លោកស្រី Dilma Rousseff  ត្រូវគេ​ដកហូត​តំណែង​បណ្តោះអាសន្ន​ដោយ​រង​ការចោទប្រកាន់​ជា​ផ្លូវការ​ពី​ព្រឹទ្ធសភា​ជុំវិញ​ការប្រើប្រាស់​លុយ​រដ្ឋ​ខុស​គោលដៅ​ដែល​រំលោភច្បាប់​ថវិកា​។ សមាជិក​ព្រឹទ្ធសភា ៥៥ បោះឆ្នោត​គាំទ្រ​ការចោទប្រកាន់ និង​ដកហូត​តំណែង​លោ​កប​ណ្តះ​អាសន្ន ក្រោយ​ជជែក​ដេញដោល​គ្នា​អស់ ប្រហែល ២០​ម៉ោង​។ គេ​ឃើញ​មាន​បាតុករ​ដែលជា​អ្នកគាំទ្រ​លោកស្រី​ប្រមូលផ្តុំ​គ្នាច្រើន​ផងដែរ​នៅក្បែរ​វិមាន​រដ្ឋសភា នៅពេល​ដែលមាន​ការជជែក​ដេញដោល​បិទទ្វារ​នោះ​។

​តែ​ព្រឹទ្ធសភា​ត្រូវ​បោះឆ្នោត​សម្រេច​ចុងក្រោយ​ក្រោយ​មានការ​ស៊ើបអង្កេត​ពេញលេញ ដោយ​ប្រើប្រាស់​សំឡេង ពីរភាគបី ដើម្បី​ដកតំណែង​របស់លោក​ស្រី​ជា​ផ្លូវការ​យ៉ាងយូរ ៦​ខែ​ទៀត​។ បើសិនជា​ព្រឹទ្ធសភា​បរាជ័យ​ក្នុង​ការរក​សំឡេង​ឲ្យ​គ្រប់ ពីរភាគបី លោកស្រី នឹង​ត្រលប់មក​កាន់តំណែង​ជាថ្មីទៀត​។ តែ​បើសិនជា​ព្រឹទ្ធសភា​រកឃើញថា​លោកស្រី​ពិតជា​ខុស ហើយ​រក​សំឡេង​បាន​ពីរភាគបី តំណែង​លោកស្រី​នឹងត្រូវ​ដកចេញ​ពី​ផ្លូវ​ការមិន​ខាន​។​

​តាមពិតទៅ​យោងតាម​ច្បាប់ ពេល​លោកស្រី​ត្រូវ​ចុះ​ចេញពី​តំណែង​បណ្តោះអាសន្ន លោកស្រី​ត្រូវ​ផ្ទេរ​ភារកិច្ច​ដល់​អនុ​ប្រធានាធិបតី​លោក Michel Temer  តែ​លោកស្រី​នូវ​រក្សា​ងារ​ជា​ប្រធានាធិបតី​និង​ប្រាក់បៀវត្សរ៍​ដដែល​។ លោកស្រី​បានប្រកាសថា ក្នុងពេលដែល​តំណែង​លោកស្រី​ត្រូវបាន​គេ​ព្យួរ​បណ្តោះអាសន្ន លោកស្រី​នឹង​បន្ត​ប្រយុទ្ធ​ក្នុង​ក្របខណ្ឌ​នយោបាយ​ដើម្បី​អនាគត​នៃ​អាជីព​នយោបាយ​លោកស្រី​។ ហើយ​លោកស្រី​ក៏​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​លោកស្រី បន្ត​ផ្តល់​កម្លាំងចិត្ត និង​ចូលរួម​គាំទ្រ​លោកស្រី​បន្ត​ទៅមុខទៀត​។

​យ៉ាងណាក៏ដោយ ប្រជាជន​ប្រ​ស៊ី​ល​មិន​ពេញចិត្ត​ទាំង​លោកស្រី និង​អនុ​ប្រធានាធិបតី​ដែល​នឹង​មក​ដឹកនាំ​ជំនួស​លោកស្រី​បណ្តោះអាសន្ន​ដែរ​។  ប្រជាជន​ប្រេ​ស៊ី​ល​អះអាងថា គេ​មាន​ក្តីសង្ឃឹម​បន្តិចបន្តួច​ប៉ុណ្ណោះ​លើ​លោក Michel Temer ហើយ​គេ​សន្យាថា​នឹង​បន្ត​ផ្លាស់ប្តូរ​មេដឹកនាំ​ទម្រាំ​រកឃើញ​មនុស្ស​ដែល​សក្តិសម​កាន់កាប់​តំណែង​ប្រធានាធិបតី​៕