ផ្លូវការ​៖ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ល្អ​ដល់​សុខភាព​

    ​អ្នកវិទ្យាសាស្ត្រ​ពីរ​នាក់​ដែលជា​អ្នក​និយម​បង្ហោះ​លើ​ឆា​នែ​ល YouTube បាន​ជម្រះ​ពាក្យ​ចចាមអារ៉ាម​ថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​អាច​នាំទៅរក​ពិការភ្នែក អារ​គ្មាន​កូន ឬ​ដុះ​រោម​លើ​បាតដៃ និង​បាន​ពន្យល់​តប​វិញ​ថា ការសេព​កាម​ដោយ​ដៃ​គឺ​ពិតជា​ល្អ​សម្រាប់​មនុស្ស​ទៅវិញ​ទេ​។ 

​    ​លោក Mitchell Moffit និង លោក Gregory Brown ដែល​កាន់​ឆែ​នែ​ល​ឈ្មោះថា ASAPScience YouTube និយាយថា ការប្រតិបត្តិ​បែបនេះ​អាចជួយ​ឱ្យ​អ្នក​រីករាយ​ជាង​មុន សុខភាព​ល្អ​ជាង​មុន និង​ជំរុញ​ឱកាស​មានកូន​រឹតតែ​ខ្ពស់​។ 

​    ​អ្នកវិទ្យាសាស្ត្រ​កាណាដា​ទាំងពីរ​រូបនេះ​បាន​ពន្យល់ថា ជាតិគីមី​ជាច្រើន​នឹងត្រូវ​បញ្ចេញ​ដោយ​ការសម្រេច​កាម​ដោយ​ខ្លួនឯង ក្នុងនោះ​រួមមាន​ជាតិគីមី​ឈ្មោះ Dopamine ដែល​ជួយ​ជំរុញ​ភាព​រីករាយ​នៃ​ខួរក្បាល និង​កាត់បន្ថយ​ស្ត្រេ​ស៍​។ រីឯ​ជាតិគីមី​ឈ្មោះ Endorphin នឹង​ជួយ​បន្ថយ​ការឈឺចាប់​ជាច្រើន រួមទាំង​ការឈឺចាប់​ពេល​មក​រដូវ​ចំពោះ​ស្ត្រី និង​ជាតិគីមី​ឈ្មោះ Prolactin នឹង​ជួយ​ឱ្យ​គេង​លក់​ស្រួល​។ 

​    ​យោងតាម​អ្នក​ទាំងពីរ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ប្រុស​ច្រើនជាង​មនុស្ស​ស្រី ព្រោះ​វា​ជួយ​បង្កើន​ការផលិត​កោសិកា​ឈាមស​ចំពោះ​បុរស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បាក់តេរី​៕