លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដាក់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​ខណ្ឌ​រដ្ឋបាល​ជលផល​ ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​ថ្នាក់​ក្រោមជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អំណាចឯករាជ្យរបស់ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលនៅតាមខេត្ត គឺជាបច្ច័យនាំមានបទល្មើសទាក់ទងនឹងបញ្ហាជលផល និងព្រៃឈើកន្លងមក។

ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា កាលពីថ្ងៃពុធ បានប្រកាសដាក់ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលឲ្យនៅក្រោមការគ្រប់គ្រងថ្នាក់ក្រោមជាតិ។ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១២ ខែឧសភា លោក ហ៊ុន សែន ថ្លែងថា អំណាចឯករាជ្យរបស់ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលនៅតាមខេត្ត គឺជាបច្ច័យនាំមានបទល្មើសទាក់ទងនឹងបញ្ហាជលផល និងព្រៃឈើកន្លងមក។

វីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មនៅសាលចតុមុខ (ដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក ហ៊ុន សែន បានថ្លែងថា ការទប់ស្កាត់បទល្មើសព្រៃឈើ និងជលផល មានបញ្ហាស្មុគស្មាញ ដោយសារតែរដ្ឋបាលព្រៃឈើ និងជលផលនៅតាមខេត្ត មិនមានអាណាព្យាបាលច្បាស់លាស់។ លោកនិយាយថា លោកបានបញ្ជាឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងជលផល តាំងពីឆ្នាំ២០១១ ដើម្បីដាក់ការគ្រងគ្រងព្រៃឈើ និងជលផលឲ្យស្របច្បាប់រដ្ឋបាលគ្រប់គ្រងដែនដី តែបញ្ជារបស់លោកទើបចេញរូបរាងជាស្រមោលៗប៉ុណ្ណោះរហូតមកដល់បច្ចុប្បន្ន។

ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ និងជលផលឲ្យមានប្រសិទ្ធិភាពក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនិងក្រសួងមហាផ្ទៃត្រូវធ្វើវិសោធកម្មច្បាប់អំពីការផ្ទេរសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងជលផលនេះ។ខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល រងការរិះគន់ទាក់ទងនឹងបទល្មើសព្រៃឈើ និងជលផល ដូចជាមានវិវាទជាមួយប្រជាសហគមន៍។ សូម្បីអ្នកយកព័ត៌មានអំពីបទល្មើសព្រៃឈើក៏ត្រូវប្រឈមនឹងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើដែរ៕

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដាក់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​ខណ្ឌ​រដ្ឋបាល​ជលផល​ ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​ថ្នាក់​ក្រោមជាតិរូបឯកសារ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា (ឆ្វេង) និងលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន បានចូលរួមទិវាខួប៣៧ឆ្នាំនៃការដួលរលំនៃរបបខ្មែរក្រហម នៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០១៦។ (AP/ហេង ស៊ីនិត)


ប្រភពៈ VOA