នៅកម្ពុជា គ្រាប់បែក​ចង្កោម​ពី៥​ទៅ​៧​លាន​គ្រាប់​ទៀត កំពុង​យាយី​អាយុ​ជីវិត​មនុស្ស

តាមការប៉ានប្រមាណប្រទេសកម្ពុជានៅមានគ្រាប់បែកចង្កោមប្រហែលពី៥ទៅ៧លានគ្រាប់ទៀត ដែលមិនទាន់ផ្ទុះនិងរកពុំទាន់ឃើញហើយគ្រាប់បែកចង្កោមទាំងនោះក៏កំពុងយាយីអាយុជីវិតមនុស្សរាល់ថ្ងៃផងដែរ។ សូមបញ្ជាក់ថាគ្រាប់បែកចង្កោមគឺជាសំណល់គ្រាប់បែកដែលយន្តហោះកងទ័ពអាមេរិកទម្លាក់ក្នុងសម័យសង្គ្រាមអាមេរិក-វៀតណាមហើយគ្រាប់ទាំងនោះនៅមានសល់ច្រើនតាមបណ្តោយព្រំដែនខាងកើតរបស់កម្ពុជា។

ជាបឋម គួរជម្រាបថា កាលពីសម័យសង្គ្រាមអាមេរិក-វៀតណាមយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ១៩.៥លានគ្រាប់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ រហូតមកទល់នឹងពេលនេះគឺនៅមានសល់ប្រហែលពី២៥ទៅ៣០ភាគរយទៀតដែលនៅមិនទាន់ផ្ទុះនិងរកមិនទាន់ឃើញ។ បើនិយាយតែពីនៅក្នុងទឹកដីកម្ពុជាវិញ គេប៉ាន់ប្រមាណថានៅសល់ប្រហែលពី៥ទៅ៧លានគ្រាប់ទៀត។ នេះបើតាមការឲ្យដឹងរបស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឬហៅកាត់ថាអង្គការCMAC ។

តាមប្រភពដដែលបញ្ជាក់ថា ខេត្តដែលកំពុងតែប្រឈមមុខធំជាងគេគឺនៅខេត្តភាគខាងកើតប្រទេសកម្ពុជា ដូចជា ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែង និងស្វាយរៀងជាដើម។

នៅកម្ពុជា គ្រាប់បែក​ចង្កោម​ពី៥​ទៅ​៧​លាន​គ្រាប់​ទៀត កំពុង​យាយី​អាយុ​ជីវិត​មនុស្សភ្នាក់ងារ CMAC កាន់គ្រាប់មិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្រ្គាម

ចំណែកខេត្តព្រះវិហារដែលរងការបាញ់ប្រហារពីភាគីកងទ័ពថៃកាលពីឆ្នាំ២០០៨នោះ នៅមានគ្រាប់បែកចង្កោមប្រមាណរាប់ម៉ឺនគ្រាប់ទៀតដែលនៅមិនទាន់បោសសម្អាតនៅឡើយទេ។

ប្រឈមមុខនឹងបញ្ហានេះ កាលពីពេលថ្មីៗ រដ្ឋាភិបាលកម្ពុជាបានប្រកាសថានឹងពិចារណាចុះហត្ថលេខាចូលជារដ្ឋភាគីរបស់អនុសញ្ញាស្ដីពីគ្រាប់បែកចង្កោម ឬអនុសញ្ញាអន្តរជាតិអូស្លូ។ ជាមួយគ្នានេះ លោកនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឬហៅកាត់ថាអង្គការCMACថ្លែងប្រាប់វិទ្យុបារាំងថា លោកគាំទ្រ ហើយលោកយល់ថា ការចូលជារដ្ឋភាគីរបស់អនុសញ្ញានេះ គឺបង្ហាញពីស្មារតីសន្តិភាពស្អប់ខ្ពើមសង្គ្រាម រាំងខ្ទប់ការប្រើប្រាស់គ្រាប់បែកចង្កោមដែលមហន្តរាយជីវិតមនុស្សសត្វរយៈពេលវែង ជាពិសេសគឺជាកិច្ចការមនុស្សធម៌ ពោលគឺមិនបន្សល់ទុកសោកនាដកម្មដល់ជនជំនាន់ក្រោយ។

អនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមត្រូវបានបង្កើតឡើងនៅក្រុងអូស្លូ ប្រទេសន័រវ៉េស ក្នុងឆ្នាំ២០០៨ ដែលមានប្រទេសចំនួន៣០ ផ្ដល់សច្ចាប័ន ចំណែកប្រទេស១០៨ បានចុះហត្ថលេខាទទួលស្គាល់ដោយបញ្ឈប់ការផលិតការប្រើប្រាស់និងដឹកជញ្ចូនគ្រាប់បែកចង្កោម។ រីឯនៅក្នុងតំបន់អាស៊ានគឺមានតែប្រទេសឡាវមួយគត់ដែលបានចូលជារដ្ឋភាគីនៃអនុញ្ញានេះមុនគេ៕

ប្រភពៈ RFI