លោក ហ៊ុន សែន ​ប្រតិកម្ម​ចំពោះ​​ការ​ចោទ​ដែល​ថា​ ហ៊ុន ​ម៉ាណែត ​ជា​កូន​របស់​មេដឹកនាំ​វៀតណាម

ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានមានប្រតិកម្មចំពោះក្រុមអនាមិកនៃគណបក្សប្រឆាំងដែលចោទប្រកាន់ជាយូរមកហើយថាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកជាសែលោហិតនៃមេដឹកនាំវៀតណាមម្នាក់ហើយប្រពន្ធរបស់លោកគឺជាអតីតភរិយារបស់មេដឹកនាំវៀតណាមម្នាក់នោះ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិអប់រំលោក ហ៊ុន សែន បានថ្លែងថា៖ «រឿងហួសចិត្តគេបង្ហោះហ្វេសប៊ុកថា ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ ហ៊ុន សែន ឲ្យមើល DNA ហ៊ុន ម៉ាណែត ជាកូនប្រុសខ្ញុំ … ខ្ញុំមិនដឹងថាពួកប្រឆាំងអាចធ្វើអំពើថោកទាបបែបនេះបានដូច្នេះខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយបើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខដែរ»។

លោក ហ៊ុន សែន បន្ថែមថា៖ «ការប្រមាថប្រពន្ធរបស់ខ្ញុំស្មើនឹងស្រីរបស់មេដឹកនាំវៀតណាមម្នាក់។ ប្រមាថកូនរបស់ខ្ញុំទៅជាកូនរបស់មេដឹកនាំម្នាក់។ អ៊ីចឹងទេខ្ញុំប្រាប់ឲ្យហើយចំណុចនេះមួយដាច់ខាតគឺអ្នកឯងគ្មានការកែតម្រូវណាមួយ គ្មានការណែនាំណាមួយឲ្យខ្ញុំឃើញអ្នកឯងមិនបាច់អង្វរដៃ ហ៊ុន សែន ឲ្យធ្វើអីទេ។ ដំណើរការកាត់ក្តីរបស់តុលាការត្រូវធ្វើដោយតុលាការគ្មានការពាក់ព័ន្ធអ្វីជាមួយ ហ៊ុន សែន»។

លោក ហ៊ុន សែន ​ប្រតិកម្ម​ចំពោះ​​ការ​ចោទ​ដែល​ថា​ ហ៊ុន ​ម៉ាណែត ​ជា​កូន​របស់​មេដឹកនាំ​វៀតណាមលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ផា លីណា

លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្រុមនៃគណបក្សប្រឆាំងក៏បានចោទផងដែរថាលោក ហ៊ុន ម៉ាណែត ជាកូនរបស់ប្រពន្ធលោក និងមេដឹកនាំវៀតណាមម្នាក់ហើយបន្ទាប់មកយកទៅឲ្យលោក សុខ អាន ចិញ្ចឹម។

លោកលើកឡើងថា៖ «កូន ហ៊ុន ម៉ាណែត [គេចោទថា] យកទៅឲ្យ សុខអាន ចិញ្ចឹម! គេអាចមួលបង្កាច់បែបនេះទៅរួច? តើរឿងស្អីទៀតដែលគេមិនអាចមួលបង្កាច់បាន? សុំប្រាប់ទៅបក្សប្រឆាំងថាបើអ្នកចង់លេងខ្ញុំកំដរអ្នកឯង»។

លោកបន្ថែមថា លោកមិនអើពើនឹងការផ្ញើសារសុំពីកូនប្រុសរបស់លោកឲ្យទៅពិនិត្យ DNA ឡើយហើយកូនរបស់លោកលើកឡើងថា «បើធ្វើ DNA បើខ្ញុំជាកូនពុកបក្សប្រឆាំងត្រូវដកខ្លួនចេញពីនយោបាយ» ហើយលោកបានឆ្លើយតប ម៉ាណែត វិញថា «កុំរវល់ជាមួយវា»។

លោកក៏បានថ្លែងផងដែរថាពេលកូនប្រុសរបស់លោកធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកមានការតវ៉ាគ្រប់ទីកន្លែងប៉ុន្តែចំនួនអ្នកតវ៉ាតិចជាងចំនួនអ្នកទទួលស្វាគមន៍លោក ម៉ាណែត។ លោកបញ្ជាក់ថាពេលមានអ្នកតវ៉ាប្រហែល ៥០ នាក់មានអ្នកស្វាគមន៍ ៥០០ នាក់ហើយពេលមានអ្នកតវ៉ា ៣០ នាក់មានអ្នកស្វាគមន៍ ៥០០ នាក់។

ប៉ុន្មានម៉ោងបន្ទាប់ពីការថ្លែងរបស់លោក ហ៊ុន សែន គណបក្សប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយថា៖ «គណបក្សសង្គ្រោះជាតិសូមបដិសេធចំពោះការចោទប្រកាន់ណាមួយមកលើគណបក្សសង្គ្រោះជាតិដែលថាជាអ្នកប្រឌិតព័ត៌មានថាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាកូនប្រុសរបស់មេដឹកនាំវៀតណាម»។

សេចក្តីថ្លែងការណ៍បន្តថាគណបក្សសង្គ្រោះជាតិតែងតែប្រកាន់ខ្ជាប់នូវសីលធម៌ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មនុស្សគ្រប់រូប។ គណបក្សសង្គ្រោះជាតិ ប្រកាន់យកនូវគោលការណ៍ខ្មែរតែមួយមិនយកខ្មែរណាធ្វើជាសត្រូវជាពិសេសគណបក្សសង្គ្រោះជាតិមិនយកបញ្ហាបុគ្គលធ្វើជាបញ្ហានយោបាយនោះទេ។

សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ទៀតថា៖ «គណបក្សសង្គ្រោះជាតិចង់ឲ្យខ្មែរជានាគ្នាដើម្បីផ្សះផ្សារជាតិ បង្រួបបង្រួបជាតិ និងឯកភាពជាតិ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិតែងតែបញ្ជាក់ជាសាធារណៈ និងជាញឹកញាប់មកហើយថាដើម្បីឲ្យខ្មែរអាចជានានឹងគ្នាបានលុះត្រាតែគ្រប់ភាគីខ្មែរទាំងអស់បញ្ឈប់នូវការកម្ចាត់កម្ចាយគ្នា និងបញ្ឈប់នូវការបង្កឲ្យខ្មែរដទៃឈឺចាប់បន្តទៅទៀត»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍