អត់អូន! អត់កូន! បង​​​មិន​​អាច​​រស់​​បាន​​

ខេត្តកំពង់ធំ ៖ មានការ​​ភ្ញាក់ផ្អើល​មួយ​​កើតឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​ឧសភា ​២០១៦ ​បន្ទាប់បុរស​​ជនជាតិថៃ​ម្នាក់​ត្រូវគេដឹងថា ​​ស្កាត់​​​​ពី​​ស្រុក​ថៃ​មក​ស្រុក​ខ្មែរ​ ដើម្បី​រកប្រពន្ធ​និង​កូន​​ តែ​មិន​ឃើញក៏​​សម្រេចចិត្ត​ចង.ក​​ធ្វើ​អត្តឃាត​ស្លាប់​តែម្តង ដែល​ហេតុ​ការណ៍​នេះ ​កើតឡើង​​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

​បុរសដែលស្លាប់​ឈ្មោះ​នាយសំភី​ន ហៅ​ផាក ណាត់ ​​អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​​ពីរ ឃុំ​ណ​ង​វែង ស្រុក​គោក​ឃ្ល​ង ខេត្ត​ស្រះ​​កែវ ។

​ពាក់ព័ន្ធ​​​ករណី​ជនជាតិ​ថៃ​​​ចង.ក​ធ្វើ​អត្តឃាត​នៅ​ស្រុក​ខ្មែរ​នេះ ​បើ​តាមប្រភព​​ទទួល​បាន​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​​​ថា ​ជនជាតិ​ថៃ​នេះ​​​បាន​​ស្រលាញ់​​​ជាមួយ​នារី​ខ្មែរ​ម្នាក់​​ឈ្មោះ​ញាំ សុភា អាយុ​៣០ឆ្នាំ​ អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​មកហើយ ​។ ពេល​​ដែល​នាង​សុភា ទៅ​ធ្វើ​ជា​​កម្មករ​នៅ​ប្រទេស​​ថៃ រហូត​បានកូន​ស្រី​ម្នាក់​​​ឈ្មោះអូត ភី​ន អាយុ​៧​ឆ្នាំ និង​ធ្លាប់​នាំ​គ្នា​​មក​លេង​ម្តាយ​នៅ​ស្រុក​ខ្មែរ ហើយ​ក៏​ត្រឡប់​ទៅ​ប្រទេស​ថៃ ។

នៅ​មុន​ថ្ងៃ​កើតហេតុ​ ​​ជន​រង​គ្រោះ​និងប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​ ហើយ​ប្រពន្ធ​ក៏​បាន​នាំ​កូន​​ចុះ​ចោល​បាត់ ​ពុំ​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​​វិញ ដោយ​ស្មានថា​ប្រពន្ធ​នាំ​កូន​មក​ផ្ទះម្តាយ​​នៅ​ភូមិ​ឃុំ​ខាងលើ ។ រូបគេ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ​មករក​​ប្រពន្ធ​នៅផ្ទះម្តាយក្មេក​​ កាលពី​ថ្ងៃ​ទី​១២ ​ឧសភា ឆ្នាំ​២០១៦ មិនឃើញ​ ក៏​​តូចចិត្ត​ក៏​លួច​ចង.ក​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​ម្តាយក្មេក​ កាលពី​យប់​ទៀប​​ភ្លឺ ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ​ឧសភា តែ​ម្តង ​។