ទម្លាប់​ដែល​ធ្វើឲ្យ​អ្នក មាន​អាយុ​ខ្លី​

ទម្លាប់​ដែល​ធ្វើឲ្យ​អ្នក មាន​អាយុ​ខ្លី​

​តើ​អ្នក​ចង់​រស់នៅ មាន​អាយុ​វែង និង​សប្បាយ​ចិត្ត​រហូត​ដែរ​? បើសិនជា​មែន​នោះ អ្នក​គួរតែ​លះបង់​ទម្លាប់​មួយចំនួន ដែល​វា​ត្រូវ​បាន​គេ​ចាត់ទុកថា ធ្វើឲ្យ​អ្នក​មាន​អាយុ​ខ្លី​ទៅ​។ ខាងក្រោម​នេះ គឺជា​ទម្លាប់​អាក្រក់​មួយចំនួន ដែល​អាច​ធ្វើឲ្យ​អ្នក មាន​អាយុ​ខ្លី​បាន​។

អង្គុយ​យូរ​
ខណៈពេល​ដែល​អ្នក កំពុងតែ​អង្គុយ​ជា​ញឹកញាប់ នៅមុខ​កុំព្យូទ័រ ទាំង​នៅ​កន្លែងធ្វើការ ឬ​មើល​ទូរទស្សន៍​នៅ​ផ្ទះ​នោះ វា​ពិតជា​អាច​ធ្វើឲ្យ​អ្នក​រីករាយ​មែន ប៉ុន្តែ ការ​ដែល​រស់នៅ​បែប​នេះ​ហើយ​គ្មាន​លំ​ហាត់ប្រាណ អាច​បណ្តាលឲ្យមាន​បញ្ហា​សុខភាព​ច្រើន​។ ជាក់ស្តែង ជីវិត​រស់នៅ​បែប​ស៊ី​ដេកៗ អាច​ធ្វើឲ្យ​មនុស្ស​ឆាប់​ស្លាប់បាន​។

ហាត់ប្រាណ​ខ្លាំងក្លា​ពេក​
បើសិន​ជា​អ្នក​គិតថា ការចំណាយ​ពេលវេលា​ហាត់ប្រាណ​ច្រើន គឺជា​រឿង​ដ៏​ល្អ​នោះ អ្នក​គួរតែ​គិត​ឡើង​វិញ​ហើយ​។ ការ​ដែល​ហាត់ប្រាណ​ច្រើនពេក នឹងដាក់​សម្ពាធ​ដល់​បេះដូង ហើយ​អាច​នឹង​មាន​អាយុ​ខ្លី​បានដែរ​។

មិន​មាន​ទំនាក់ទំនង​ក្នុងសង្គម​
ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ នឹង​ជួយ​បំបាត់​ស្ត្រេ​ស​។ ការ​ដែល​រស់​នៅ​មាន​មនុស្ស​នៅ​ជុំវិញខ្លួន ចេះ​យកចិត្តទុកដាក់​ចំពោះ​អ្នក ហើយ​អ្នក​យកចិត្តទុកដាក់ ចំពោះ​គេ​វិញ​នោះ នឹង​បង្កើតបាន​ជា​អារម្មណ៍​សប្បាយចិត្ត និង​សេចក្តីស្រឡាញ់ ហើយ​ក៏​ជួយ​ឲ្យមាន​អាយុវែង​ដែរ​។

គេង​ច្រើនពេក​
មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការ​គេង​មិនបាន​គ្រប់គ្រាន់ ពិតជា​មិនល្អ ចំពោះ​សុខភាព​ឡើយ​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​គេង​ច្រើនពេក មិន​គ្រាន់តែ​មិនល្អ ចំពោះ​សុខភាព​ទេ តែ​ថែមទាំង​ប៉ះពាល់ ដល់​ភ្នែក​ទៀតផង​? យក​ល្អ គួរតែ​គេង​ត្រឹមតែ ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់ គឺ​គ្រប់គ្រាន់​ហើយ​។

ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ច្រើនពេក​
តាមពិត អាហារ​មិន​ផ្តល់​សុខភាព អាច​ធ្វើឲ្យ​សុខភាព​ចុះខ្សោ​យបាន​។ បើសិន​ជា​អ្នក​ចូលចិត្ត​អាហារ​មាន​ជាតិ​ខ្លាញ់ ឬ​ប្រៃ​ច្រើន​នោះ អ្នក​គួរតែ​គិត​ឡើង​វិញ​ហើយ​។

តែងតែ​មាន​អារម្មណ៍​ស្មុគស្មាញ​
ដូច​គេ​និយាយថា ការ​សើច​ច្រើន គឺជា​ឱសថ​ព្យាបាល​ជំងឺ​ដ៏​ល្អ​បំផុត​។ គ្រូពេទ្យ​និយាយថា ការ​សើច ពិតជា​អាច​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​។ តាមរយៈ​ការ​សើច​ជា​ញឹកញាប់​វា​នឹង​ធ្វើឲ្យ​ដំណើរ​ជីវិត កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។

រួមភេទ​មិន​គ្រប់គ្រាន់​
នេះ​គឺជា​ហេតុផល​មួយ​ផ្សេង​ទៀត​ដែលថា វា​គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​អ្នក​ត្រូវ​ការធ្វើសកម្មភាព​ច្រើន​នៅលើ​គ្រែ​។ អ្នកជំនាញ​និយាយថា អត្រា​នៃ​ការស្លាប់​របស់​អ្នក មិន​បាន​រួម​ភេទ​ជា​ញឹកញាប់​ឃើញថា ខ្ពស់​ជាង​អ្នក​រួម​ភេទ​ញឹកញាប់ រហូតដល់ ៥០ ភាគរយ​ឯណោះ​។ ដូច្នេះ បើសិន​ជា​អ្នក​ចង់​មាន​អាយុ​វែង និង​ជីវិត​សប្បាយ​រីករាយ​នោះ អ្នក​គួរតែ​រួមភេទ ឲ្យបាន​ញឹកញាប់​។

មិន​មាន​ការងារ​ធ្វើ​
តាម​ការសិក្សា​បានឲ្យដឹងថា ការ​ប្រឈម​នឹង​ការ​ឆាប់​ស្លាប់ នឹង​កើនឡើង​ប្រហែល ៦៣ ភាគរយ បើសិន​ជា​អ្នក​មិន​អាច​ស្វែងរក​ការងារ​ធ្វើ​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។