​មនុស្ស​បែប​ណា ដែល​ប្រឈម​ខ្លាំង នឹង​ជំងឺ​គាំងបេះដូង​?

​មនុស្ស​បែប​ណា ដែល​ប្រឈម​ខ្លាំង នឹង​ជំងឺ​គាំងបេះដូង​?

​ជំងឺ​គាំងបេះដូង កើតឡើង​ពេល​លំហូរ​ឈាម ទៅដល់​សាច់​បេះដូង ត្រូវបាន​រាំងស្ទះ​។ ចំពោះ​មូលហេតុ​ចំបង​បំផុត​របស់​វា​វិញ គឺ​ការកើនឡើង​កូ​ឡេ​ស្តេ​រ៉ុល ខ្លាញ់ និង​សារធាតុ​ផ្សេងៗ​ទៀត​ក្នុង​សរសៃឈាម ដែល​ជាហេតុ​នាំ​ឲ្យ​កើតបាន​ជា កំណក​ក្នុង​សរសៃឈាម​បេះដូង​។ ការស្ទះ​សរសៃឈាម​បេះដូង​បែបនេះ នឹង​ធ្វើឲ្យ​សាច់ដុំ​បេះដូង​ខូច​។

​ជំងឺ​គាំងបេះដូង អាច​គ្រោះថ្នាក់​ដល់​ជីវិត ប៉ុន្តែ ការព្យាបាល​អាច​នឹង​ជួយ​បានដែរ​។ យក​ល្អ គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជាបន្ទាន់ បើសិន​ជា​អ្នក​គិតថា អ្នក​អាច​មាន​ជំងឺ​គាំងបេះដូង​ហើយ​នោះ​។ ដូច្នេះ ​តើ​មនុស្ស​ប្រភេទ​ណា​ទៅ ដែល​ងាយ​នឹង​ប្រឈម​ខ្លាំង នឹង​ជំងឺ​គាំងបេះដូង​នេះ​?

​អាយុ​
បុរស​អាយុ​ចាប់ពី ៤៥ ឆ្នាំ​ឡើង និង​ស្ត្រី​អាយុ​ចាប់ពី ៥៥ ឆ្នាំ​ឡើង គឺ​ប្រឈម​ខ្លាំងជាងគេ នឹង​ជំងឺ​គាំងបេះដូង​។ អ្នក​ដែល​មាន​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ គឺ​ប្រឈម​នឹង​ការស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង​រហូតដល់ ៨៣ ភាគរយ​ឯណោះ​។

ជំងឺ​ទឹកនោម​ផ្អែម​
អាំង​ស៊ុយ​លីន គឺជា​អ័រម៉ូន​មួយ​ប្រភេទ ដែល​បញ្ចេញ​ពី​ក្នុង​លំពែង សម្រាប់​ចាប់យក​ជាតិ​ស្ករ​ទៅ​ប្រើប្រាស់​។ ការ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​មិន​មាន​ការផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់ ឬ​អាំង​ស៊ុយ​លីន ធ្វើការ​មិន​បាន​ល្អ នោះ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើនឡើង​។ បើសិន​ជា​ជំងឺ​ទឹកនោម​ផ្អែម មិន​មាន​ការគ្រប់គ្រង​ទេនោះ វា​ពិតជា​ប្រឈម​ខ្លាំង នឹង​ជំងឺ​គាំងបេះដូង​ជាមិនខាន​។​

ប្រវត្តិ​គ្រួសារ​
បើសិន​ជា​អ្នក មាន​ឪពុក​ម្តាយ បងប្អូន និង​ជីដូន​ជីតា ធ្លាប់​មាន​ជំងឺ​គាំងបេះដូង នៅ​អាយុ ៥៥​ឆ្នាំ (​បុរស​) និង ៦៥ ឆ្នាំ (​ស្ត្រី​) អ្នក​ប្រហែលជា​ប្រឈម​មុខ​ខ្ពស់​ណាស់​ហើយ​។

ស្ត្រេ​ស​ច្រើនពេក​
ការ​មិន​បាន​គ្រប់គ្រង​ការ​ខិត និង​ស្ត្រេសបាន សុទ្ធ​តែ​អាច​នាំឲ្យ​កើត ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​បាន​ទាំងអស់​។ ដូច្នេះ ចូរ​សិក្សា​ពី​របៀប​គ្រប់គ្រង​ពេលវេលា ឲ្យមាន​ប្រសិទ្ធភាព អនុវត្តន៍​វិធី​បន្ធូរ​អារម្មណ៍ និង​បង្កើត​គោលដៅ​ច្បាស់លាស់​។ អ្នក​ក៏​អាច​ធ្វើការ​ម៉ាស្សា និង​ហាត់​ក្បាច់​យូ​ហ្គា ដើម្បី​បន្ថយ​ស្ត្រេសបាន​ដែរ​។

សម្ពាធ​ឈាម​ខ្ពស់​
ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​កត្តា​ប្រឈមមុខ​ដ៏​ញឹកញាប់​បំផុត របស់​ជំងឺ​បេះដូង​។ សម្ពាធ​ឈាម​ដែល​ផ្តល់​សុខភាព​ដល់​បេះដូង គឺ​ត្រូវ​ទាប​ជាង ១២០/៨០​។ ប៉ុន្តែ ការ​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ ពិតជា​មិន​អំណោយផល ដល់​បេះដូង​ឡើយ ជាពិសេស ចំពោះ​អ្នក​ជក់បារី ធាត់​ជ្រុល និង​លើស​ជា​តិកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​តែ​ម្តង​។

លើសកូ​ឡេ​ស្តេ​រ៉ុល​

ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​នឹង​កើនឡើង នៅពេល​ដែល​មធ្យមភាគ កូ​ឡេ​ស្តេ​រ៉ុល​សរុប និង​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ខ្ពស់ជាង ៥.១​។ កូ​ឡេ​ស្តេ​រ៉ល​សរុប គួរតែ​តិចជាង ២០០ មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ និង​កូលេ​ស្តេ​រ៉ុល​ល្អ គួរតែ​ខ្ពស់ជាង ៦០ មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​។

ការជ្រើសរើស​របប​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ​គ្រប់គ្រាន់ និង​ការប្រើ​ថ្នាំ​ត្រឹមត្រូវ អាច​ជួយ​ផ្លាស់ប្តូរ កម្រិត​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​។

ញ៉ាំ​អាហារ​ខ្លាញ់​ច្រើនពេក​
របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ Saturated Fat ប្រហែល​ជា​ប្រឈម​ខ្លាំង នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ យោងទៅតាម WFH (World Heart Federation) បានឲ្យដឹងថា របប​អាហារ​បែបនេះ ប្រហែល​ជា​បង្ក​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ១១ ភាគរយ និង​ជំងឺ​សរសៃឈាម​បេះដូង ៣១ ភាគរយ ទូទាំង​ពិភពលោក​។

​របៀប​រស់នៅ​បែប​អសកម្ម​
របៀប​រស់នៅ​បែប​ស៊ី​ដេកៗ អាច​ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​រហូតដល់ ៥០ ភាគរយ​។ ដើម្បី​បន្ថយ អ្នក​គួរតែ​ធ្វើ​សកម្មភាព​រាងកាយ ឲ្យបាន​ច្រើន យ៉ាងហោច​ណាស់​ហាត់ប្រាណ ក្នុង​កម្រិត​មធ្យម ១៥០ នាទី ក្នុង​មួយ​សប្តាហ៍​ដែរ​។

ធាត់​ជ្រុល​
អ្នក​ដែល​មាន​ខ្លាញ់ ក្នុង​រាងកាយ​ច្រើនពេក ជាពិសេស តំបន់​ត្រគាក សុទ្ធតែ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង ទោះបីជា​ពួកគេ មិន​មាន​កត្តា​ប្រឈមមុខ​ផ្សេងៗ​ទៀត​ក៏​ដោយ​។

ការ​ធាត់​ជ្រុល អាចដាក់​សម្ពាធ​យ៉ាងខ្លាំង ទៅលើ​បេះដូង​។ ដូច្នេះ អ្នក​គួរតែ​ដល់​ពេល​ចៀសវាង ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម ខ្លាញ់ និង​ប្រៃ​ហើយ​។

ជក់បារី​
ការជក់បារី គឺជា​កត្តា​ប្រឈមមុខ នឹង​ជំងឺ​បេះដូង​ដែល​អាច​បង្ការ​បាន​។ ដូច្នេះ ការផ្តាច់​បារី​ទាន់ពេលវេលា នឹង​ជួយ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​យ៉ាង​អស្ចារ្យ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។