​ជីវជាតិ​ដែល​ភ្នែក​របស់​អ្នកត្រូវការ​

​ជីវជាតិ​ដែល​ភ្នែក​របស់​អ្នកត្រូវការ​

​នៅពេល​យើង​និយាយ​ដល់​សុខភាព​ភ្នែក ភាគច្រើន យើង​ដឹង​ហើយ​ថា ទាល់តែ​មាន​ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន A​។ ប៉ុន្តែ វា​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ អ្នក​គួរតែ​បន្ថែម នូវ​របប​អាហារ​មាន​តុល្យភាព ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ និង​ពិនិត្យ​ជាមួយ​អ្នកជំនាញ ខាង​សុខភាព​ភ្នែក បន្ថែមទៀត​។

ហេតុអ្វី​បានជា​ភ្នែក ដែល​មាន​សុខភាព​ល្អ ត្រូវការ​អង់​ទី​អុកស៊ី​ដង់​របស់​វា​?
អង់​ទី​អុក​ស៊ីដង់ ជួយ​ការពារ​ជំងឺ​ជា​ច្រើន ដែល​មិន​ត្រឹម​តែ​ការពារ​បេះដូង និង​ប្រព័ន្ធ​ភាពស៊ាំ​ទេ តែ​ក៏​ជួយ​ការពារ​ភ្នែក​ដែរ​។ អង់​ទី​អុក​ស៊ីដង់ រួម​មាន​វីតាមីន A, C និង E ដែល​អាច​ជួយ​ការពារ​ជំងឺ​ភ្នែក Macular Degeneration បន្ថយ​ការ​ករ​កើត​ជំងឺភ្នែកឡើងបាយ និង​បញ្ហា​ភ្នែក​ផ្សេងៗ​ទៀត​។

បន្លែ និង​ផ្លែឈើ គឺជា​ប្រភព​ដ៏​ល្អ របស់​អង់​ទី​អុកស៊ី​ដង់​នេះហើយ​។ ចំពោះ​បន្លែ និង​ផ្លែឈើ​ណា ដែល​មាន​ពណ៌ដឹត​ខ្លាំង គឺ​មាន​កំហាប់​អង់​ទី​អុកស៊ី​ដង់​កាន់តែ​ខ្ពស់​។

វីតាមីន A
ជីវជាតិ​មួយ​នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ឲ្យ​បាតភ្នែក បំពេញ​មុខងារ​កាន់តែ​ល្អ ព្រមទាំង​បង្ការ បញ្ហា​ខ្វាក់មាន់​ផងដែរ​។ ជា​ក៏​ជួយ​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ភ្នែក Macular Degeneration និង​ទប់ស្កាត់​ការកើត ជា​ជំងឺភ្នែកឡើងបាយ​ទៀតផង​។

អាហារ​សម្បូរ​វីតាមីន A មានដូចជា ស៊ុត សាច់ ផ្លែឈើ និង​បន្លែ​ដូចជា ការ៉ុត ស្ពៃ​ស្ពីណា​ច​។ ទឹកដោះគោ ក៏​មាន​វីតាមីន A​ដែរ​។

វីតាមីន C
វីតាមីន C ត្រូវបាន​គេ​រកឃើញ​ថា មាន​កំហាត់​ខ្ពស់​ក្នុង​ភ្នែក​។ វា​ក៏​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ​ស្រដៀង​នឹង Zeaxanthin និង Lutein ដែរ ក្នុង​ការជួយ​ការពារ កាំរស្មី​យូ​វី និង​ប្រឆាំង​រ៉ាឌីកាល់​សេរី​។

អាហារ​សម្បូរ​វីតាមីន C មានដូចជា ម្ទេស​ប្លោក ផ្លែឈើ​ជូរៗ និង​ប្រូ​ខូលី​។

វីតាមីន E
វីតាមីន E ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រភេទ​វីតាមីន រលាយ​ក្នុង​ខ្លាញ់ ហើយ​ក៏​ជួយ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ដែរ​។ វីតាមីន​នេះ មាន​នៅក្នុង​ភ្នាស​របស់​កោសិកា សម្រាប់​ជួយ​ថែរក្សា​ការចេញចូល របស់​មូលេ​គុល​ក្នុង​កោសិកា និង​ក្រៅ​កោសិកា ព្រមទាំង​រចនាសម្ព័ន្ធ​របស់​វា​។

វីតាមីន E មាន​ច្រើន​នៅក្នុង​គ្រាប់​ផ្លែឈើ​ដូចជា ផ្លែ​អាល់​ម៉ុន គ្រាប់​ធញ្ញជាតិ សណ្តែកដី និង​គ្រាប់​ផ្កា​ឈូករ័ត្ន​។ ផ្លែ​ប័រ ស៊ុត និង​ស្ពៃ​ស្ពីណា​ចក៏​សម្បូរ​វីតាមីន E ដែរ​។

Lutein និង Zeaxanthin
Lutein និង Zeaxanthin អាច​ជួយ​ថែរក្សា សុខភាព​ភ្នែក​បាន​ពីរ​របៀប​។ អង់​ទី​អុកស៊ី​ដង់​ទាំងពីរ​នេះ អាច​បឺត​ស្រូប​ថាមពល កាំរស្មី​ពណ៌​ខៀវ​ខ្ពស់ ដែល​បង្កើត​ចេញ​ពី​រ៉ាឌីកាល់​សេរី និង​កាំរស្មី​យូ​វី​។

ប្រភព​នៃ​ជីវជាតិ​ទាំងពីរ​នេះ មានដូចជា ស៊ុត ប្រូ​ខូលី ពោត និង​ថ្នាំ​បំប៉ន​របប​អាហារ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។