បទ​បង្ហាញ​និយាយ​ពី​ការតាំង​ទីលំនៅ​ប្រជាជន​សម័យអង្គរ​ធ្វើឡើង​នៅ​ដើមខែ​មិថុនា

សៀមរាប៖ បទ​បង្ហាញ​ស្តីពី «លទ្ធផល​ជាបឋម​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ អំពី​ការតាំង​ទីលំនៅ​របស់​ប្រជាជន​នា​សម័យអង្គរ​នៅ​ភាគ​អាគ្នេយ៍​ក្នុង​ប្រាសាទអង្គរវត្ត» នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី១០ មិថុនា។ បទ​បង្ហាញ​នេះ​គ្រោង​រៀបចំ​ធ្វើ​នៅ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ម៉ោង ៩ព្រឹក​តទៅ។

ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានសរសេរថា បទ​បង្ហាញ​នេះ ធ្វើឡើង​ដោយ​លោកស្រី​បណ្ឌិត Alison Carter ដែល​បាន​ដឹកនាំ​ធ្វើ​កំណាយ​បុរាណវិទ្យា​នោះ​ផ្ទាល់។ គម្រោង​កំណាយ​នេះ គឺជា​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ ជាមួយ​សាកលវិទ្យាល័យ​ស៊ីដនី ក្នុង​គម្រោង​មហានគរ «The Greater Angkor Project» នៅ​ឆ្នាំ២០១៥ ។ គម្រោង​នេះ បានធ្វើ​កំណាយ​ស្រាវជ្រាវ​មួយ នៅ​ភាគ​អាគ្នេយ៍​ក្នុង​ប្រាសាទអង្គរវត្ត ដោយបាន​សិក្សា​លើ​ការតាំង​ទីលំនៅ​របស់​ប្រជាជន​នា​សម័យ​នោះ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន ដល់​សាធារណជន​ទាំងអស់ ជាពិសេស​អ្នកសិក្សា​ស្រាវជ្រាវ សិស្ស​និស្សិត ចូលរួម​ស្តាប់​បទ​បង្ហាញ​នេះ នៅ​សាល​សិក្សា​លលៃ នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ ចាប់​ម៉ោង៩ព្រឹក​តទៅ។

លោកស្រី​បណ្ឌិត Alison Carter គឺជា​ជនជាតិ​អាមេរិក ជា​ជំនួយការ​សាស្ត្រាចារ្យ​នៃ​នាយកដ្ឋាន​មនុស្សសាស្ត្រ​ក្នុង​សាកលវិទ្យាល័យ Illinois នៃ​រដ្ឋ Urbana-Champaign សហរដ្ឋអាមេរិក។ ក្រៅពី​ទ​ទួ​ក​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ Wisconsi-Madison ក្នុង​ឆ្នាំ២០១៣ លោកស្រី​ក៏​ធ្លាប់​ស្រាវជ្រាវ​ពី​ការ​តាំងទី​របស់​ប្រជាជន​សម័យអង្គរ ក្នុង​គម្រោង​ខាងលើ​ផងដែរ៕