មន្ត្រី​សិទ្ធិមនុស្ស អ​.​ស​.​ប ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ការពា​រ​មន្ត្រី​សង្គម​ស៊ីវិល និង​គោរព​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​

​ក្រោយពេល​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​១​រូប ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កំពុង​ធ្វើ​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​សំខាន់ៗ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​។ មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការធ្វើ​បាប​ទៅលើ​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​អង្គការសហប្រជាជាតិ និង​អ្នកនយោបាយ សកម្មជន​គណបក្សប្រឆាំង​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ដែល​កើតឡើង​ក្នុងប្រទេស​កម្ពុជា​។

កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ជុំវិញ​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទាំងនោះ​រួមមាន លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​, លោក មី​សែ​ល ហ្វ័​ស្ត៍ អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សម្ដែង​មតិ​និង​យោបល់​, លោក ដេវីដ កា​យេ និង​លោក ម៉ៃ​ណា គី​អៃ អ្នករាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិសេរីភាព​ក្នុងការ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម​។ មន្ត្រី​អង្គការសហប្រជាជាតិ​ទាំង​៤​រូប​ខាងលើនេះ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​នៃ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ របស់​មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ការពារ​មន្ត្រី​សង្គម​ស៊ីវិល និង​គោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ គេ​បានចាត់ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​មន្ត្រី​សិទ្ធិមនុស្ស​ថា ជា​ឈុត​ឆាកនយោបាយ​ដើម្បី​ធ្វើបាប​សង្គម​ស៊ីវិល ហើយ​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​នូវ​ការចោទប្រកាន់ ការកោះហៅ​សាកសួរ និង​ដំណើរការ​តុលាការ​ទៅលើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​។ មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានចាត់ទុក​ក្រុម​ការពារ​សិទ្ធិមនុស្ស​ជា​តួអង្គ​សំខាន់​ក្នុងការ​ឃ្លាំមើល​សកម្មភាព​រដ្ឋាភិបាល​កម្ពុជា ដើម្បី​នាំមក​នូវ​ការគោរព​សិទ្ធិមនុស្ស​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។

លើស​នេះ​ទៅទៀត​មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ បាន​រិះគន់​ចំពោះ​សកម្មភាព​របស់​សមត្ថ​កិច្ច​ដែល​បាន​បំបែក​ការប្រមូលផ្ដុំ​រប​ស់​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អង្គការសិទ្ធិមនុស្ស និង​អគ្គលេខាធិការរង គ​.​ជ​.​ប ដែល​កំពុង​ជាប់ឃុំ​។ មន្ត្រី​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ថ្លែង​លាប​ពណ៌​អ្នករៀបចំ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ថា​ជា​ក្រុម​ឧទ្ទាម​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​។ សេចក្ដីថ្លែងការណ៍​រប​ស់​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សកម្មភាព​វាយប្រហារ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​បក្សប្រឆាំង ហើយ​ថា​រដ្ឋាភិបាល​កម្ពុជា​គួរ​គោរព​កាតព្វកិច្ច គោរព​សិទ្ធិមនុស្ស​ដែល​មានចែង​នៅក្នុង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​នានា​ដែល​កម្ពុជា គឺជា​រដ្ឋ​ភាគី​៕

422e3e75-3d82-4c27-9504-af665ee11206លោកស្រី រ៉ូណា ស្មីត maina_kiaiលោក ម៉ៃណា គីអៃ