លោក សុខ កូ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​មានជ័យ​ជា​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​

រោង​ម៉ាស៊ីន​គ្រប​តង់​ធំៗ​ចំនួន​២​កន្លែង នៅ​ចំណុច​កាំ​ពី ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ​ដែលមាន​ម្ចាស់  ឈ្មោះ នី    កំពុងមាន​អំណួត​ខ្លាំង និង​មាន​ទំនុកចិត្ត​ខ្ពស់​ថា​មន្ត្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​អាជីវកម្ម​ខុសច្បាប់​របស់ខ្លួន​ឡើយ នេះ​ជាការ​បញ្ជាក់​របស់​សកម្ម​ជន​ព្រៃឈើ​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា រដ្ឋបាល​ព្រៃឈើ​មិនមាន​វិធានការ​បង្ក្រាប​លើ​រោង​ម៉ាស៊ីន​របស់​ឈ្មួញ​ឈ្មោះ នី ឡើយ ដោយសារ​ឈ្មួញ​បាន​បង់លុយ​ឲ្យ​លោក សុខ កូ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​ជា​ថ្នូរ​នឹង​ការ​លាក់បាំង​មិន​ចាត់ការ​ទៅលើ​រោង​ម៉ាស៊ីន​។​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា តំបន់​ព្រៃឈើ​រលួស​មានជ័យ ក្រោម​ការគ្រប់គ្រង​រប​ស់លោក សុខ កូ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស​មានជ័យ​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​ខកចិត្ត​យ៉ាងខ្លាំង ដោយសារតែ លោក សុខ កូ មិនបាន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ហើយ​ថែមទាំង​ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទៀតផង​។​

​ប្រជាពលរដ្ឋ​ស្រុក​សំបូរ​បាន​បញ្ជាក់ថា លោក សុខ កូ ជា​មន្ត្រី​រដ្ឋា​បាល​ព្រៃឈើ​ជើងចាស់​ម្នាក់​ដែល​ល្បី​ថា​ពេល​ទៅកាន់​កាប់​ទីណា​ព្រៃឈើ​នៅ​តំបន់​នោះ​នឹង​រលាយ​មិន​ខាន​។  ជាក់ស្តែង​ព្រៃឈើ​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ កំពុង​ជួប​មហន្តរាយ ស្ទើរតែ​រលាយ​ហិនហោច​ទៀតហើយ ដោយសារ​គេ​សង្កេតឃើញ​សកម្មភាព​របស់​សិប្បក​ម្ម​ល្មើស​ច្បាស់​នៅ​តំបន់​នោះ កំពុងមាន​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ ហើយ​លោក សុខ កូ ក៏​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ស្រុក​សំបូរ ខេត្តក្រចេះ បានស្នើ​ឲ្យ​រដ្ឋាភិបាល​គប្បី​ត្រួតពិនិត្យ​បញ្ហា​ខាងលើនេះ​ឡើងវិញ​ផង ហើយក៏​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​ពុករលួយ​អាច​កាន់តំណែង​បន្តទៀត​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ព្រៃឈើ​នឹង​វិនាស​ហិនហោច​មិន​ខាន​បើ​រដ្ឋាភិបាល​នៅតែ​ប្រើប្រាស់​មន្ត្រី​មិន​ស្អាតស្អំ និង​គ្មាន​សមត្ថភាព​ឲ្យ​បំពេញការងារ​៕

vlcsnap-2821-03-13-00h06m49s858 vlcsnap-3164-08-07-12h48m48s181​    ​