ក្រសួង​ពាក់ព័ន្ធ​មិន​ចាត់ការ​ក្រុមហ៊ុន​កូ​ម៉ូ​លី ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

ប្រជាពលរដ្ឋ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រីរាជការ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​កូ​ម៉ូ​លី ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​ជាំ​ក្សាន្ត កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្រៅ​ដី​សម្បទាន និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។ សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈើ​ក្នុងព្រៃ​សហគមន៍​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ខេត្តព្រះវិហារ ក៏ត្រូវ​ក្រុមហ៊ុន​កូ​ម៉ូ​លី កាប់រំលំ​និង​ដឹកជញ្ជូន​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​កូ​ម៉ូ​លី បានធ្វើ​សកម្មភាព​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​នៅក្នុង​ស្រុក​ជាំ​ក្សាន្ត និង​រាលដាល​មកដល់​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​គេ​ប្រើប្រាស់​រថយន្ត​ប​ង្គុ​ង​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ហ៊ុ​ប​ចេញពី​ព្រៃ​យ៉ាង​រលូន​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ ដែល​នៅជាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី ប្រាកដជា​ត្រូវ​ក្រុមហ៊ុន​នេះ​បំពាន​ចូល​កាប់​ឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ជាមិនខាន​។

​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ជាំ​ក្សាន្ត បាន​ឲ្យ​ដឹងថា ឈើ​ហ៊ុ​ប​ធំៗ​ត្រូវ​ក្រុមហ៊ុន​កូ​ម៉ូ​លី កាប់​ដឹក​ចេញពី​ភូមិសាស្ត្រ​ស្រុក​ជាំ​ក្សាន្ត ហើយ​យកមក​ស្តុក​នៅ​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ដោយមាន​ទាហាន​មួយចំនួន​ជួយ​ការពារ​យ៉ាង​តឹងតែង​ទៀតផង​។ អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ លោក អ៊ិត ភូមិ​រ៉ា ទំនងជា​ទទួលផល​ប្រយោជន៍​ពី​ម្ចាស់​ក្រុមហ៊ុន​កូ​ម៉ូ​លី ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ​កាប់​ជញ្ជូន​ឈើ​ក្រៅ​រង្វង់​ដី​សម្បទាន ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​តែម្តង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ក៏ដូចជា​ព្រៃ​សហគមន៍​ព្រះ​រកា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារ​ស្នាដៃ​ក្រុមហ៊ុន​កូ​ម៉ូ​លី និង​ឈ្មួញ​ធំៗ​មួយចំនួនទៀត​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ការពារ​ព្រៃឈើ បាន​រិះគន់ថា មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដឹកអុស​ដឹក​ធ្យូង​ប៉ុណ្ណោះ ចំណែក​ក្រុមហ៊ុន​កូ​ម៉ូ​លី កាប់​ឈើ​ហ៊ុ​ប​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​គេ​មិន​បើកភ្នែក​មើល​ឡើយ​៕

b-timber-500x424 b-timber2-500x372 b-timber1-500x300