ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន មានការ​ឃុបឃិត​បើកដៃ​ពី​លោក ធី​ម ធឿន មេ​ប៉ុស្ដិ៍​ត្រពាំង​ក្រញូង​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​នៅតែមាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង​នានា​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ធី​ម ធឿន ជា​មេ​ប៉ុស្ដិ៍​ត្រពាំង​ក្រញូង យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីត​ជាច្រើន​រថយន្ត​ក្នុង​មួយថ្ងៃៗ អាចធ្វើ​ឲ្យ​លោក ធី​ម ធឿន ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​នានា​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ជាបន្ទាន់​។

​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​វាល​៣ ចក្រី​ហេង ឃុំ​២​ធ្នូ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ច្នៃ​ដឹកឈើ​ទៅ​ស្រុក​យួន​ពី​១០​ទៅ​១៥​គ្រឿង ដោយមាន​ការបើក​ដៃ​ពី​លោក ធី​ម ធឿន មេ​ប៉ុស្ដិ៍​ត្រពាំង​ក្រញូង​។ ច្រករបៀង​តូចៗ​ដែល​ឈ្មួញ​ដឹកឈើ​ចេញ​មានដូចជា ច្រករបៀង​PH12 ឬ​ហៅថា​ច្រក​ង៉ាំ​៦២ និង​ច្រក​PH11 ហៅ​ច្រក​ង៉ាំ​ប៊ិន​ឌាំ​ង ច្រក​PH10 ហៅ​ច្រក​ដេ​១០ និង​ច្រក​PH9 ព្រមទាំង​ច្រក​បា​ថាំង​ហាយ​ជាដើម ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ មានការ​សង្ស័យថា លោក ធី​ម ធឿន មេ​ប៉ុស្ដិ៍​ត្រពាំង​ក្រញូង ជា​អ្នករត់​ការសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀតផង​ដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ឃុំ​២​ធ្នូ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ច្រករបៀង​ក្រោម​ការគ្រប់គ្រង​របស់លោក ធី​ម ធឿន យ៉ាង​ពេញបន្ទុក ហើយ​មិនដែល​ឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ច្នៃ​ចេញទៅ​ស្រុក​យួន​មានដូចជា គគីរ កកោះ សុ​ក្រំ ធ្នង់ ត្រ​សេក និង​ស្រឡៅ​ជាដើម ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​ព្រៃ​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​ព្រំប្រទល់​ជាប់​ស្រុក​ស្នួល ខេត្តក្រចេះ​។ មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​គេ​ដឹងថា ជា​អ្នកទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ដឹកឈើ ទើប​ឃុបឃិត​ជាមួយ​លោក ធី​ម ធឿន ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​៕

13214450_1026492067444383_1418155793_o d-tnong3 13223561_1026492037444386_1189729011_o 13225251_1026492057444384_2000537599_o