ប៊ិះ​ស្លាប់​៤​នាក់ ដោយសារសំឡេង​ស្រែក «​ជួយ​ផង​!»

ខេត្តកំពង់​ចាម ​៖ សំឡេង​​​មនុស្ស​ស្រែក​ឱ្យ​ជួយ​ផង ​ក្នុងហេតុការណ៍​​ខ្សែ​ភ្លើងឆក់​​ ក៏​​នាំ​គ្នា​​ភ្ញាក់​ផ្អើល​​​​​ស្ទុះរត់​ទៅ​​បិទ​​​ឌី​​​សង់​​ទ័​រ ​ដោយគេ​​ឃើញ ​​មនុស្ស​​ប្រុស-​ស្រី​​៤​នាក់​​បាន​ដួល​​​ទៅ​​លើ​​ដី  ។ សំណាង​​ណាស់​ ក្នុងហេតុការណ៍នេះ ​មិន​​បាន​​រងគ្រោះថ្នាក់​ដល់​​អាយុ​ជីវិត ​​នោះទេ ​​​កើត​ឡើង​កាលពី​វេលា​ម៉ោង​​​៥​​ល្ងាច​​ថ្ងៃ​ទី​១៣​ ឧសភា ២០១៦ ស្ថិតនៅ​ភូមិ​តា​មូ​ត ឃុំ​គរ ស្រុក​ព្រៃឈរ ។ ជនរងគ្រោះ​ទាំង​នោះ ត្រូវ​​អ្នក​​​ភូមិ​​​​ជួយ​​​សង្គ្រោះ​​​កប់​​ក្នុងដី​ខ្សាច់  និង​​បន្ត​​​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​​ទាំង​​យប់ ។

ប្រភព​​ពី​ស្ត្រី​រង​​​គ្រោះ​​ម្នាក់​ឈ្មោះខែ​ម ចាន់​ធា ​​អាយុ​៣៨​ឆ្នាំ បានរៀ​បរាប់ថា ដំបូង​គាត់​​​ប្រើ​កូនស្រី​​ឈ្មោះឈឺ​ន និ​តា អាយុ​១០​​ឆ្នាំ ឱ្យ​​ចេញ​ទៅ​​​បិទ​ម៉ូ​ទ័​រ​បូមទឹក ​​នៅ​ខាងក្រោយ​ផ្ទះ ។ ​ស្រាប់តែ​​ឃើញ​កូនស្រី​​បាន​ដួល​ ហើយ​​​ស្រែ​​ក​ថា​ម៉ែ​ៗ រំពេច​នោះ ​គាត់​នឹក​​ស្មាន​តែ​កូន​​ធ្វើ​​លេង ។ បន្ទាប់មក​​ គាត់​បាន​ស្ទុះ​មក​​ជួយ​កូន តែ​បែរ​ជា​ឆក់​​ខ្សែភ្លើង​​ដោយ​​ដៃ​តោង​ទៅ​បង្គោល​​ដែក​​ដាក់​​ស៊ីទែន​ទឹក​ ព្រមទាំង​​ស្រែក​​ជួយ​ផង​ៗ ។​ក្រោយពី​​​ស្តាប់​ឮ​បែប​​នោះ ​ក៏​មាន​​ក្មេងស្រីម្នាក់​ឈ្មោះ​ ​ស្រី​និ​ច ភេទ​ស្រី អាយុ​១៥​ឆ្នាំ (ជាអ្នកជិតខាង) បាន​​រត់​មក​ជួយ​ដែរ ក៏​ត្រូវ​​ខ្សែភ្លើង​ឆក់​បន្ត​​ទៀត​រហូត​​ដល់​​​សន្លប់​ ។

ស្ត្រីឈ្មោះធា និយា​យទៀតថា ​ចំពោះ​ខ្សែភ្លើង​គឺ​គាត់ប្រយ័ត្នបំផុត ខ្លាច​ណាស់​​រឿង​​ឆក់ គឺ​តែងតែ​មានការ​ប្រុង​ប្រយ័ត្នជានិច្ច​ ។ពេលខ្លះ ​គាត់តែង​តែ​ប្រាប់​​ទៅ​កូន​ៗថា ​ពេល​ណា​ដែល​មាន​ដៃ​សើម មិន​ត្រូវ​ទៅ​កាន់​កុងតាក់​បិទ​ម៉ូ​ទ័​រ​បូមទឹក​ឡើយ ​ដោយបាន​​​ហៅ​ជាង​​ភ្លើង​​មក​ពី​ភ្នំពេញ​ ធ្វើការ​ត​ឱ្យ​​ទៀត ។ ហើយ​ចំពោះ​ករណី​​ករណី​​ឆក់​នេះ ​​អាច​មក​​ពី​កាលពី​​ថ្ងៃ​ទី​១២ ឧសភា ២០១៦ ​​​មាន​ភ្លៀក​ធ្លាក់​​​​​​មក បណ្តាលឱ្យ​​សើម​​នៅ​​កុងតាក់​ម៉ូ​ទ័​រ ​ទើប​ជា​​​ឆ្លង​ចរន្ត​បែបនេះ ។

ចំណែក​បុរស​​ជា​ប្តី​ឈ្មោះឈុ​ន នី អាយុ​៤០​ឆ្នាំ ក៏​បាន​ប្រាប់​​​ដែរ​ថា ​ខណៈគាត់កំពុង​​នៅ​​មុខ​ផ្ទះ ​ស្រាប់តែ​ឮ​សូរ​​សំឡេង ដូច​​មាន​​​មនុស្ស​ឈ្លោះ​គ្នាក៏​​រត់​មក​មើលក្រោយផ្ទះ​ ក៏​ឃើញ​ប្រពន្ធ​គាត់​​តោង​បង្គោល​ដែក​ដាក់​​ធុង​ទឹក ដោយ​ក្បាល​ងើយ​ទៅ​ខាងលើ ​​។ ​ពេល​នោះ ​គាត់ទៅជួយ ជា​ហេតុ​​បណ្តាលឱ្យ​​ឆក់​ទាំង​រូបគាត់​ដួល​មក​ ត្រូវ​​មុត​ដែក​ត្រង់​ចង្កេះ​ តែ​ប្រឹង​ទប់​ស្មារតីស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ ​។