​ល្ងាច​​ម្សិលមិញ មាន​​អ្វី​កើតឡើង​​ក្នុងតំបន់​​អង្គរ​?

ខេត្ត​សៀម​រាប ​៖ ​ភ្លៀង​​មួយ​មេ​ធំ​ ​លាយឡំ​ដោយ​ខ្យល់​​កន្ត្រាក់​ បានបក់បោក​ក្នុង​តំបន់​អង្គរ ​ខេត្តសៀមរាប​យ៉ាង​ខ្លាំង រហូត​បណ្ដាល​ឱ្យ​​ដើមឈើ​ជា​ច្រើន​​តាម​ប្រាសាទអង្គរវត្ត ​បាន​បាក់​និង​ដួល​រលំ​​មក​លើ​ផ្លូវ​ជាតិ បណ្តាល​ឱ្យ​​មានការ​កកស្ទះ​ចរាចរណ៍​​មួយ​សន្ទុះ​ធំ​ទៀត ។

ហេតុ​​ការណ៍​នេះ បាន​​កើតឡើង​រយៈពេល​ជាង១​ម៉ោង គិត​ចាប់ពី​វេលា​ម៉ោង​៤ រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​១៣ ​ឧសភា ​​២០១៦ ​នេះ ស្ថិត​​ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

លោក​​ឡុ​ង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​​អប្សរា និង​ជា​​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា​បាន​​ឱ្យ​ដឹង​​ថា ភ្លៀង​មួយ​មេ​ធំ​​​នេះ បណ្តាល​ឱ្យ​មានការ​ដួល​រលំ​ដើមឈើ ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ដល់​ប្រាង្គ​​ប្រាសាទ​នោះ​ទេ ។ គ្រាន់តែ​បាក់​មែកឈើ​ និង​ដួល​រលំ​ដើមឈើ​ធ្លាក់​​មក​តាម​ផ្លូវ​ដែលធ្វើ​​ឱ្យ​អ្នក​ធ្វើ​ដំណើរ​​កកស្ទះ​ចរាចរណ៍​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។

លោក​បន្ត​ថា ឥឡូវនេះ​ អាជ្ញាធរ​អប្សរា និង​ប៉ូលិស​បេតិកភណ្ឌ​បាន​សហការ​គ្នា កាប់​មែកឈើ ដែល​បាក់​មក​លើ​ដី និង​អូស​យក​ដើមឈើ​ចេញពី​ផ្លូវ​អស់ហើយ ដោយ​មិន​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ទៀត​ទេ​ ។