សៀវ ឡុង​នី និង​មិត្ត​ប្រុស​ចែក​ផ្លូវ​គ្នា​ព្រោះ​ឃ្លាត​កាយ​ណាយ​ចិត្ត?

ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​តារា​សម្ដែង​ចិន Liu Yifei និង​តារា​សម្ដែង​ប្រុស​កូរ៉េ Song Seunghun បាន​បែក​គ្នា​ហើយ​ព្រោះ​ឃ្លាត​កាយ​ណាយ​ចិត្ត។

 

សៀវ ឡុង​នី និង​មិត្ត​ប្រុស​ចែក​ផ្លូវ​គ្នា​ព្រោះ​ឃ្លាត​កាយ​ណាយ​ចិត្ត?

 

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១០​ខែ​ឧសភា​មុន​នេះ កម្មវិធី​សម្ពោធ​រឿង “The Third of Way of Love” ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​គូ​ស្នេហ៍​ល្បី​ឈ្មោះ​រួម​មាន​តារា​សម្ដែង Liu Yifei និង Song Seunghun ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ។ ទស្សនិកជន​ជាច្រើន​បាន​​រំពឹង​ថា​គូ​សង្សារ​ទាំង​២​នេះ​នឹង​ដឹក​ដៃ​បណ្ដើរ​គ្នា​ក្នុង​កម្មវិធី​នេះ។

 

យ៉ាងណាក្ដី ជិត​ដល់​ម៉ោង​កម្មវិធី​ចាប់​ផ្ដើម ខាង​ក្រុម​ការងារ​បាន​ប្រកាស​ថា​ទាំង Liu Yifei និង Song Seunghun គឺ​សុទ្ធ​តែ​មិន​ចូល​កម្មវិធី​នេះ​ទាំង​អស់​ទាំង​ដែល​អ្នក​ទាំង​២​បាន​ប្រាប់​ថា​នឹង​បង្ហាញ​ខ្លួន​មុន​នោះ​រួច​មក​ហើយ។

 

តំណាង​របស់​តារា​ប្រុស​អាយុ ៣៩​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​លោក​កំពុង​រវល់​ថត​រឿង​នៅ​បរទេស​ទើប​មិន​អាច​ចូល​រួម​បាន។ រីឯ​ភាគី​ស្រី​ស្អាត​ត្រកូល Liu វិញ​បាន​ប្រាប់​ថា​នាង​កំពុង​ត្រៀម​ទៅ​បារាំង​ចូល​រួម​កម្មវិធី​មហោស្រព​ភាពយន្ត Cannes ទើប​អវត្តមាន​បែប​នេះ។ សារព័ត៌មាន On បាន​ចុះផ្សាយ​ថា Song Seunghun និង​មិត្ត​ស្រី​បាន​ធ្លាក់​ចូល​ស្ថានភាព​សង្គ្រាម​ត្រជាក់​និង​បែក​គ្នា​មួយ​រយៈពេល​មក​ហើយ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​រឿង​នេះ​នោះ​គឺ គម្លាត​ភូមិសាស្ត្រ​ក៏​ដូច​ជា​ការ​ខុស​គ្នា​នៃ​ភាសា​ប្រើប្រាស់​ទើប​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា៕​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing